សម្រាប់លោកអ្នកដែលប្រើប្រាស់ Telegram ជាប្រចាំ គួរតែដឹងថាកម្មវិធី Telegram មានភ្ជាប់មកជាមួយនូវមុខងារមួយចំនួន ដែលអាចជួយការពារពីការចូលឈ្លានពានពីពពួកក្រុមអ្នក Hacker ឬជនឆ្លៀតឱកាសដែលមានបំណងមិនល្អបាន។
ខាងក្រោមនេះជា មុខងារសុវត្ថិភាពទាំង៣ ដែលលោកអ្នកគួរតែពិនិត្យឱ្យបានញឹកញាប់ ដើម្បីការពារ គណនី Telegram របស់លោកអ្នកពីការយារយី៖
ទី១-ការផ្ទៀងផ្ទាត់ពីរតង់ (Two-Step Verification)៖ មុខងារនេះ ជួយឱ្យរាល់ពេលដែលយើង Log In ចូលទៅក្នុងគណនី វានឹងទាមទារការផ្ទៀងផ្ទាត់២តង់ ដោយការផ្ញើសារជាលេខ OTP ទៅកាន់លេខទូរស័ព្ទរបស់យើង ឬក៏ទៅកាន់គណនី Telegram របស់យើងផ្ទាល់នៅក្នុង Device ដើម។
ឧទាហរណ៍ថា យើងមាន Telegram នៅក្នុងទូរស័ព្ទ (Device ដើម) ហើយចង់ភ្ជាប់វាចូលទៅក្នុង Telegram Web ក្នុង Laptop វានឹងផ្ញើសារ Verify ទៅកាន់លេខទូរស័ព្ទ ឬក៏ផ្ញើទៅកាន់ Telegram ដែលមាននៅក្នុងទូរស័ព្ទ ដើម្បីបញ្ជាក់។ ហេតុនេះបើសិនជាមានអ្នកណាម្នាក់ព្យាយាម Log In ចូលមកគ្រប់គ្រង គណនីរបស់យើង យើងនឹងបានដឹងភ្លាមៗ។
របៀបបើកដំណើរការ Two-Step Verification: ចូលទៅកាន់ Telegram App > ចុច (Menu) > ចូលទៅ Settings > Privacy and Security > Two-Step Verification (បំពេញបន្តទៅតាមការណែនាំ)
ពិនិត្យតាមរូបបង្ហាញខាងក្រោម៖
ទី២-ប្រើលេខទូរស័ព្ទមានអត្តសញ្ញាណប័ណ្ណ៖ គួរចៀសវាងការប្រើលេខទូរស័ព្ទរបស់អ្នកដទៃ ឬលេខណាដែលមិនស្ថិតស្ថេរ។ ជម្រើសដ៏ល្អគឺការប្រើស៊ីមណាដែលមានភ្ជាប់អត្តសញ្ញាណប័ណ្ណរបស់យើងផ្ទាល់ ដើម្បីងាយស្រួលគ្រប់គ្រង ប្រសិនជាបាត់ស៊ីម អាចស្នើរយកមកវិញបានលឿន។ បើសិនជាបាត់ស៊ីមចាស់ តែគណនីនៅមានក្នុងទូរស័ព្ទនៅឡើយ គួរតែប្រញាប់ប្ដូរដាក់លេខថ្មី ដើម្បីការពារមានបញ្ហា ពេលដែលលេខដែលបាត់នោះត្រូវបានអ្នកដទៃទិញយកទៅប្រើ។
ទី៣-ឆែក Active Status ជាប្រចាំ៖ នៅក្នុង Active Status មានបង្ហាញឱ្យយើងដឹងថា ពេលនេះ គណនី Telegram មានដំណើរការនៅក្នុងឧបករណ៍ណាខ្លះ (កុំព្យូទ័រ, ទូរស័ព្ទ ឬក្នុង iPad ជាដើម)។ បើសិនជាចូលទៅឃើញមានលើសពីឧបករណ៍ដែលអ្នកបានដាក់ ឬឧបករណ៍ខ្លះអ្នកឈប់ប្រើ គួរណាប្រញាប់ Remove (លុប) ចេញ កុំទុកចោល ដើម្បីបង្ការបញ្ហា។
របៀបចូលពិនិត្យ Active Status: ចូលទៅកាន់ Telegram App > ចុច (Menu) > ចូលទៅ Settings > Devices > (អ្នកនឹងឃើញ Current Session (ឧបករណ៍ដែលកំពុងប្រើឥឡូវ) និង Active Sessions (ឧបករណ៍ផ្សេងៗដែលបានចូលគ្រប់គ្រងគណនី) បើសិនជាមានឃើញឧបករណ៍ណាឈប់ប្រើ ប្លែកឬមិនស្គាល់ ឆាប់ចុច Terminate Session ដើម្បីអាចបិទភ្លាមៗ។
ពិនិត្យតាមរូបបង្ហាញខាងក្រោម៖
គួរជម្រាបផងដែរថា ក្រៅពីការត្រួតពិនិត្យនូវរឿងទាំង៣ខាងលើ ដើម្បីការពារសុវត្ថិភាព លោកអ្នកក៏គួរតែចៀសវាងពីការចុចមើលតំណភ្ជាប់ (Link) ណាដែលគ្មានប្រភពច្បាស់លាស់ ព្រមទាំងរក្សាការសម្ងាត់ពាក់ព័ន្ធនឹងលេខកូដ ឬព័ត៌មានផ្សេងៗផងដែរ៕