បច្ចុប្បន្ននេះ ករណីមានប្រាក់ចម្លែកហូរចូលក្នុងកុងធនាគារដោយមិនដឹងខ្លួនកំពុងតែក្លាយជាល្បិចកលបោកប្រាស់ដ៏គ្រោះថ្នាក់មួយនៅក្នុងប្រទេសកម្ពុជា ក្រោមទម្រង់ជាអន្ទាក់ហិរញ្ញវត្ថុ ករណីនេះមិនមែនជាសំណាងល្អដែលត្រូវរង្វាន់នោះទេ ប៉ុន្តែជាល្បិចកលដែលជនខិលខូចប្រើប្រាស់គណនីរបស់យើងជាស្ពានចម្លងប្រាក់ខុសច្បាប់ ឬព្យាយាមទាក់ទាញឱ្យយើងទាក់ទងទៅលេខទូរសព្ទបន្លំ ដើម្បីបន្លំយកទិន្នន័យសម្ងាត់ ឬលួចលុយក្នុងកុងយើងវិញ។ ដូច្នេះ ប្រសិនបើមានប្រាក់មិនស្គាល់ប្រភពហូរចូលមកក្នុងកុងរបស់អ្នក ជំនួសឱ្យការប្រញាប់ប្រញាល់យកទៅប្រើប្រាស់ អ្នកត្រូវរួសរាន់ទាក់ទងទៅកាន់ធនាគារផ្ទាល់ដើម្បីរាយការណ៍ និងរក្សាទុកទឹកប្រាក់នោះដោយមិនត្រូវផ្ទេរចេញទៅណាមួយឡើយ ដើម្បីជៀសវាងការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដោយអចេតនា។

ដូច្នេះហើយធនាគារ ABA ក៏បានចេញសេចក្តីប្រកាសពីការការពារខ្លួនលើករណីមួយនេះ នៅពេលដែលសុខៗ មានគេបាញ់លុយចូលគណនីរបស់អ្នក តើគួរធ្វើម៉េច ដើម្បីសុវត្ថិភាព កុំឲ្យពាក់ព័ន្ធអំពើខុសច្បាប់? អ្វីដែលត្រូវធ្វើ គឺកុំប៉ះពាល់លុយនោះ។ កុំចាយ កុំផ្ទេរចេញ កុំទាន់ផ្ទេរត្រឡប់ទៅវិញ។ លុយដែលសុខៗចូលមក អាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬអំពើឆបោក ឬអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ សូមកុំប៉ះពាល់ដាច់ខាត រួមទាំងលុយដែលគេផ្ទេរច្រឡំផងដែរ ព្រោះការប្រើប្រាស់លុយនោះ អ្នកនឹងទទួលរងវិធានការផ្លូវច្បាប់។
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់កុងធនាគារ ABA ហើយបានជួបនូវករណីមួយនេះ សូមធ្វើការទាក់ទងមក ABA ភ្លាមៗ នូវលេខ 1 800 203 203 ( Call ឥតគិតថ្លៃក្នុងប្រទេសកម្ពុជា)។ នោះក្រុមហ៊ុន ABA នឹងស៊ើបអង្កេតប្រតិបត្តិការនោះ ព្រមទាំងជួយអ្នកក្នុងការដោះស្រាយដោយសុវត្ថិភាព ដើម្បីចៀងវាងពាក់ព័ន្ធនឹងអំពើខុសច្បាស់ណាមួយជាយថាហេតុ។

គូសបញ្ជាក់ផងដែរថា សូមកុំប៉ះពាល់លុយចូលមកដោយគ្មានមូលហេតុ ហើយត្រូវរាយការណ៍មក ABA ភ្លាមៗ។ នេះជាវិធីសុវត្ថិភាព ដើម្បីការពារខ្លួនអ្នក កុំឲ្យជាប់ពាក់ព័ន្ធជាមួយជនឆបោក និងចៀសវាងវិធានការផ្លូវច្បាប់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ:1 800 203 203 និងតាមដានការជូនដំណឹងជុំវិញករណីនេះតាមរយៈ Page ABA Bank និងករណីដែលអ្នកទាំងអស់គ្នាមានចម្ងល់ផ្សេងៗអំពីការប្រើប្រាស់កុង ABA សូមទាក់ទងមកកាន់ភ្នាក់ងារ ABA Bank តាមរយៈទូរសារ ប្រអប់សារឯកជន ឬលេខ +855 98 203 203/+855 98 203 333 ដែលរង់ចាំបម្រើសេវាកម្មជូនអតិថិជន 24/7។

ABA Bank តែងតែនៅក្បែរអ្នក ដើម្បីផ្តល់ជំនួយ និងដោះស្រាយរាល់បញ្ហាដែលអតិថិជនជួបប្រទះក្នុងការប្រើប្រាស់សេវាធនាគារ។ ជាមួយនឹងក្រុមការងារបម្រើអតិថិជនដែលយកចិត្តទុកដាក់ ABA ប្តេជ្ញាផ្តល់ការណែនាំ និងជំនួយប្រកបដោយភាពរហ័ស ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ប្រើប្រាស់សេវាកម្មប្រកបដោយទំនុកចិត្ត ភាពកក់ក្តៅ និងសុវត្ថិភាពតាមឌីជីថល ឬតាមជាក់ស្តែងជានិច្ច។
