ក្រុមហ៊ុនអាកាសចរណ៍ធំៗ ធនាគារ និងផ្សារទំនើបកំពុងប្រឈមមុខនឹងការរំខានយ៉ាងសុះសាយ ដែលបណ្តាលមកពីបញ្ហាអាក់ខានប្រព័ន្ធព័ត៌មានវិទ្យា បន្ទាប់ពីមានបញ្ហាជាមួយសេវាកម្មអនឡាញរបស់ក្រុមហ៊ុន Microsoft។
យោងតាម Reuters ក្រុមហ៊ុនអាកាសចរណ៍ American Airlines, Delta Airlines និង United Airlines បានចេញសេចក្តីប្រកាសផ្អាកការហោះហើរនៅលើដី ដោយសារបញ្ហាទំនាក់ទំនង។
កាលពីយប់ថ្ងៃព្រហស្បតិ៍មុននេះ ក្រុមហ៊ុនអាកាសចរណ៍ Frontier Airlines ក៏បានចេញសេចក្តីប្រកាសផ្អាកការហោះហើរនៅលើដីផងដែរ ដោយបាននិយាយថា "ប្រតិបត្តិការជើងហោះហើរបច្ចុប្បន្នកំពុងរងផលប៉ះពាល់ដោយសារបញ្ហាបច្ចេកទេសធំមួយរបស់ក្រុមហ៊ុន Microsoft"។
វេទិកាព័ត៌មាន និងទិន្នន័យ Workspace របស់ក្រុមហ៊ុន London Stock Exchange Group ក៏រងផលប៉ះពាល់ផងដែរ ដែលប៉ះពាល់ដល់ការចូលប្រើប្រាស់របស់អ្នកប្រើប្រាស់ជុំវិញពិភពលោក។
ជាមួយគ្នានេះវិស័យធនាគារ ក៏គេសង្កេតឃើញមានរបាយការណ៍ពីធនាគារធំៗមួយចំនួនបានរាយការណ៍អំពីការរំខានទៅលើប្រព័ន្ធប្រតិបត្តិការរបស់ពួកគេផងដែរ។
Microsoft បានទទួលស្គាល់បញ្ហានេះក្នុងការធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញ X (ដែលពីមុនហៅថា Twitter) នៅព្រឹកថ្ងៃសុក្រ ដោយបាននិយាយថា "សេវាកម្មរបស់យើងកំពុងឃើញមានការកែលម្អជាបន្តបន្ទាប់ ខណៈដែលយើងបន្តចាត់វិធានការដោះស្រាយ"។
