ភ្នំពេញ៖ កាពីតូល (CAPITOL TOURS and Transport) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងផ្ញើអីវ៉ាន់ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តជ្រើសរើស Farizon ជាដៃគូយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់នូវរថយន្តអគ្គិសនីសម្រាប់ប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន។
ជាក់ស្ដែង ក្រុមហ៊ុនបានរៀបពិធីចុះហត្ថលេខាក្នុងភាពជាដៃគូយ៉ាងអធិកអធមនៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន Farizon កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ និងបុគ្គលិកជាច្រើនរូប។ ការសម្រេចចិត្តចុះហត្ថលេខាជាដៃគូយុទ្ធសាស្ដ្រនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន កាពីតូល បានប្រើតេស្តសាកល្បង និងមើលឃើញពីគុណភាព ក៏ដូចជាសមត្ថភាពដ៏លេចធ្លោរបស់រថយន្ត Farizon។

ក្នុងឱកាសនោះលោក បាវ វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Farizon Cambodia បានគូសបញ្ជាក់ថា រថយន្ត Farizon កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ខណៈនៅកម្ពុជា ក្រុមហ៊ុនបាននាំចូលដំបូងមកក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យម្ចាស់អាជីវកម្មប្រើប្រាស់រថយន្តអគ្គិសនី ព្រោះជួយកាត់បន្ថយចំណាយរហូតដល់ ៧០% បើប្រៀបធៀបជាមួយនឹងរថយន្ដប្រើប្រាស់ប្រេងឥន្ធនៈ ជាពិសេសគ្មានសំឡេងរំខាន និងចូលរួមចំណែកការពារបរិស្ថាន ព្រមទាំងគាំទ្រថាមពលអគ្គិសនីក្នុងស្រុកផងដែរ។
ដោយឡែក លោក ផាន់ សុភាព អគ្គនាយកក្រុមហ៊ុន កាពីតូល បានគូសបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី Farizon មិនត្រឹមតែជាការធ្វើទំនើបកម្មរបស់ក្រុមហ៊ុន CAPITOL ប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងផ្តល់តម្លៃសេវាកម្មទាបជាងរថយន្តប្រើប្រេងធម្មតា។ លោកបានសង្កត់ធ្ងន់ថា គុណភាពរថយន្ត Farizon គឺខ្លាំងមែនទែន ហើយភ្ញៀវដែលបានជិះសុទ្ធតែសរសើរ។

សម្រាប់ជំហានដំបូងនេះ ក្រុមហ៊ុន CAPITOL បានបញ្ជាទិញរថយន្ត Farizon ចំនួន ៧ គ្រឿង ហើយគ្រោងនឹងបង្កើនដល់ ២០ គ្រឿងក្នុងឆ្នាំនេះ និងឈានទៅបង្កើនការបញ្ជាទិញរហូតដល់ ៥០ គ្រឿងនៅឆ្នាំ២០២៧។
សូមជម្រាបថា Farizon គឺជាម៉ាករថយន្តអគ្គីសនីដំបូងបង្អស់មានប្រភេទឡានដឹកទំនិញ និងឡានដឹកជញ្ជូនអ្នកដំណើរដែលទទួលស្គាល់ពីសហគមន៍អឺរ៉ុប ជាពិសេសទទួលបានមេដៃមាសផ្នែកសុវត្ថិភាព និងគុណភាពផងដែរ។ រថយន្ដ Farizon មានទំហំធំទូលាយ បើកបរបានចម្ងាយឆ្ងាយ និងសន្សំសំចៃខ្ពស់។ ចំណុចពិសេសនៃរថយន្ដអគ្គិនសីនេះគឺមានជម្រើសច្រើនប្រភេទ ចាប់ពីរថយន្តដឹកទំនិញទម្ងន់ ១,៥តោន ដល់ ៥តោន ព្រមទាំង រថយន្ត Van ដែលមានចាប់ពី ៦ កៅអី ដល់ ១៦កៅអី៕








