មហាសេដ្ឋីលេខមួយមានទ្រព្យច្រើនបំផុតលើលោក Elon Musk ធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០១៩យ៉ាងដូច្នេះថា៖ «ខ្ញុំស្អប់ការផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃក្នុងបណ្តាញសង្គមណាស់» មុនពេលដែលលោកបានចំណាយលុយ ៤៤ពាន់លានដុល្លារ ទិញ Twitter (X) ក្នុងឆ្នាំ២០២២។
ថ្លែងក្នុងដំណើរការទិញ-លក់ ក្នុងនាមជាម្ចាស់ថ្មីនៃបណ្តាញសង្គមយក្សខាងលើ Elon Musk បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្សាយពាណិជ្ជកម្មមិនមែនជារឿងអាទិភាពនោះទេ។ Twitter (X) អាចរកលុយតាមរយៈមធ្យោបាយផ្សេងទៀត ដូចជាការគិតប្រាក់ពីអ្នកប្រើប្រាស់មួយចំនួន។ ក្នុងនោះលោកក៏បានស្នើផងដែរលើការសម្របសម្រួលខ្លឹមសារពាក្យពេជន៍អ្នកប្រើប្រាស់ជុំវិញពាក្យសំដីស្អប់ខ្ពើម ការរើសអើង ការញុះញង់ និងព័ត៌មានមិនពិតជាដើម។
យ៉ាងណាមិញ ការផ្សាយពាណិជ្ជកម្មគឺជាច្រកចំណូលធំមានទំហំប្រហែល ៩០%ឯណោះនៃប្រាក់ចំណូលសរុបរបស់Twitter (X)។ ការសម្រេចចិត្តរឹតបន្ទឹងលើការផ្សព្វផ្សាយពាណិជ្ជកម្ម របស់លោក Elon Musk បានក្លាយជាមូលហេតុជំរុញឲ្យនាយកប្រតិបត្តិការជាច្រើនរូប រួមទាំងបុគ្គលិកផ្នែកផ្សាយពាណិជ្ជកម្មមិនទទួលបានអារម្មណ៍កក់ក្តៅឡើយ ប៉ុន្តែពួកគេសន្យាថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការរកច្រកផ្លូវផ្សេងទៀតដើម្បីបង្កើតទិសដៅប្រភពចំណូលបន្ថែម៕