នៅក្នុងយុគសម័យឌីជីថលដែលកំពុងដើរទៅមុខយ៉ាងរហ័ស ការដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់បច្ចេកវិទ្យា បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់។ ដូច្នេះហើយថ្ងៃនេះ Technology Cambodia បានសម្ភាសន៍ជាមួយលោក ទេព សុធា ដែលជា Full-stack Developer ដ៏មានស្នាដៃមួយរូប និងជាស្ថាបនិកនៅពីក្រោយគម្រោងបច្ចេកវិទ្យាដែលកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើន។ ក្រៅពីដើរតួជាអ្នកបង្កើតប្រព័ន្ធ លោកក៏ជាអ្នកផលិតមាតិកាលើទំព័រហ្វេសប៊ុក KLEY KLEY - ខ្លីតែខ្លឹម ដែលតែងតែចែករំលែកចំណេះដឹងខ្លីៗ តែមានប្រយោជន៍ខ្លាំងទាក់ទងនឹងវិស័យបច្ចេកវិទ្យា A.I និងការសរសេរកូដ (Coding) ផងដែរ។

ចំពោះប្រវត្តិនៃការសិក្សា លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ដោយលោកគឺជាសិស្សជំនាន់ទី១ សិក្សាចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។ ចំពោះសមិទ្ធផលនៅក្នុងវិស័យ Digital & Tech ព្រមទាំងការងារជួយសង្គមដែលលោកសម្រេចបាន រួមមាន៖
១. វេបសាយ Theapka.com (ធៀបការ) គឺជាប្រព័ន្ធគ្រប់គ្រងធៀបការបែបឌីជីថល (Online Digital Invitation)។ អ្នកប្រើប្រាស់អាចចូលទៅបង្កើតធៀបការកម្មវិធីផ្សេងៗ (ដូចជា កម្មវិធីមង្គលការ កាត់ចំណងដៃ ឬពិធីភ្ជាប់ពាក្យ) ដោយខ្លួនឯងបានយ៉ាងងាយស្រួល។

២. វេបសាយ StreamNeon.com គឺជា Platform ដំបូងគេបង្អស់នៅក្នុងស្រុក ដែលបង្កើតឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាង Streamer និងអ្នកទស្សនា។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមានការបង្ហាញការបរិច្ចាគ (Donation Alert) លោតទៅលើ Screen នៃការ Live Streaming របស់ពួកគាត់ភ្លាមៗ ដោយថវិកានឹងរត់ត្រង់ទៅកាន់គណនីធនាគាររបស់ Streamer ផ្ទាល់តែម្តង។ បច្ចុប្បន្ន StreamNeon ទទួលបានការទុកចិត្ត និងការប្រើប្រាស់ពីសំណាក់ Streamers ល្បីៗនៅកម្ពុជាជាច្រើនរូប ដូចជា Selena Gaming, Ream Angkor, Mano Gaming, Ic3_fr0Gz, KaKa42 និង NaiKer Gaming ជាដើម។


៣. SomlengSrtBot (Telegram Bot៖ @khmer_cc_tool_bot) គឺជា Telegram Bot ដែលដើរតួជាជំនួយការក្នុងការប្រែសំឡេងនិយាយភាសាខ្មែរ ទៅជាអក្សររត់ (Subtitle ក្នុងទម្រង់ .srt) ដោយស្វ័យប្រវត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធីកាត់តវីដេអូដូចជា CapCut ឬ DaVinci Resolve។ លើសពីនេះ វាក៏មានមុខងារបង្កើត Social Caption ជាភាសាខ្មែរ សម្រាប់យកទៅផុសនៅលើ Facebook ឬ TikTok យ៉ាងងាយស្រួល និងរហ័ស។

៤. ការងារសង្គម
- KhmerCoder Community៖ លោកបានចូលរួមនៅក្នុងសហគមន៍អ្នកសរសេរកូដនៅកម្ពុជានេះ ចាប់តាំងពីជំនាន់ទី១ (v1) រហូតដល់ជំនាន់ទី៥ (v5) ក្នុងនាមជាអ្នកចូលរួម (Attendee) ហើយរហូតមកដល់ជំនាន់ទី៦ (v6) ក៏បានស្ម័គ្រចិត្តក្លាយជាប្រធានក្រុមដឹកនាំ (Team Lead) តែម្តង។ លោកបានចូលរួមរៀបចំកម្មវិធី Meetup ដើម្បីចែករំលែកបទពិសោធន៍ និងជំរុញទឹកចិត្តអ្នកជំនាន់ក្រោយ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហាសង្គម។
- Cambodia Donation Map៖ លោកបានផ្តួចផ្តើមបង្កើតផែនទីនេះឡើង ដើម្បីសម្រួលដល់ការស្វែងរកទីតាំងទទួលជំនួយ ជូនដល់ជនរងគ្រោះ និងប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះបានទាន់ពេលវេលា។ (https://cambodia-donation-map.vercel.app)
- PP City Bus (Free Bus Map)៖ ជាប្រព័ន្ធដែលបង្កើតឡើងសម្រាប់ស្វែងរកទីតាំងរថយន្តក្រុងជិះដោយឥតគិតថ្លៃ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យទានផ្សេងៗ។ (https://pp-city-bus.vercel.app)

លោក ទេព សុធា បានចាប់ផ្តើមគម្រោងនានារបស់ខ្លួនពីការសង្កេតឃើញបញ្ហាជាក់ស្តែង និងចង់ដោះស្រាយវាដោយប្រើបច្ចេកវិទ្យា។ គម្រោង TheapKa កើតឡើងពីការលំបាកក្នុងការកត់ត្រាចំណងដៃ និងផ្ញើធៀបអាពាហ៍ពិពាហ៍ ទើបលោកបង្កើតប្រព័ន្ធធៀបឌីជីថល។ ចំណែក StreamNeon កើតពីបទពិសោធន៍ផ្ទាល់ក្នុងការបាត់បង់ប្រាក់ Donate លើ Facebook ដែលជំរុញឱ្យលោកបង្កើតប្រព័ន្ធ Donate ផ្ទាល់សម្រាប់ Streamer។ រីឯ SomlengSrtBot វិញ កើតពីភាពនឿយហត់ក្នុងការវាយ Subtitle ដោយដៃ ហើយលោកជ្រើសរើសបង្កើតជា Telegram Bot ដើម្បីឱ្យប្រើប្រាស់បានងាយ និងលឿនជាង Website។ ចំពោះលោកជា Developer ផ្ទាល់ សម្រាប់ដើមទុនដ៏ធំបំផុតមិនមែនជាទឹកប្រាក់នោះទេ ប៉ុន្តែវាគឺ ពេលវេលា ការអត់ធ្មត់ និងជំនាញ។

បើនិយាយពីការចំណាយលើ Server (VPS & Hosting) សម្រាប់គម្រោង StreamNeon កាលពីដំបូងឡើយ លោកប្រើប្រាស់ Server ដ៏តូចមួយដែលមានកម្លាំងត្រឹមតែ 512MB RAM, 1 CPU និង 10GB Storage ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់គម្រោង SomlengSrtBot វិញ លោកត្រូវបង្ខំចិត្តចំណាយទិញ VPS ដែលមានទំហំធំជាងមុន ព្រោះថាការដំណើរការប្រព័ន្ធ AI (ONNX Runtime / KFA) ត្រូវការកម្លាំងម៉ាស៊ីនខ្លាំងដើម្បីកាត់ពាក្យ និងសំឡេង។ លើសពីនេះលោកក៏បានប្រាប់ពីបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន។ សម្រាប់ TheapKa លោកបានចំណាយពេលដល់ទៅ ៩ខែ ដោយផ្តោតលើការស្រាវជ្រាវ រចនា UI/UX និងសរសេរកូដ ព្រមទាំងដោះស្រាយបញ្ហាក្នុងការភ្ជាប់ Frontend និង Backend រហូតត្រូវប្តូរមកប្រើ Inertia.js ដើម្បីឱ្យប្រព័ន្ធដំណើរការល្អ។ ចំណែក StreamNeon វិញ មានភាពស្មុគស្មាញខ្លាំងទាំងផ្នែក Database ការដោះស្រាយ Bugs និងការការពារការវាយប្រហារ DDoS ពី Hacker ដោយប្រើ Cloudflare។ លើសពីនេះ លោកក៏ត្រូវបិទ Free Trial ៧ថ្ងៃផងដែរ ព្រោះមានអ្នកប្រើប្រាស់មួយចំនួន Abuse ប្រព័ន្ធ។ បទពិសោធន៍ទាំងនេះបានក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់លោកក្នុងនាមជា Founder។

លោកបានលើកឡើងថា ការបង្កើតគម្រោងបច្ចេកវិទ្យាឱ្យជោគជ័យ ត្រូវការមូលដ្ឋានសំខាន់ៗ ៤ គឺ៖ ការយល់ដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយដែលចង់បង្កើត, ជំនាញ Frontend និង Backend Development សម្រាប់សរសេរកូដ និងគ្រប់គ្រងប្រព័ន្ធ, ជំនាញ API Integration ដើម្បីភ្ជាប់ប្រព័ន្ធជាមួយសេវាកម្មផ្សេងៗដូចជា KHQR ឬ A.I, និងជំនាញ Deployment & Security សម្រាប់ដាក់ប្រព័ន្ធឱ្យដំណើរការលើ Cloud និងការពារពីការវាយប្រហារតាមអ៊ីនធឺណិត។ ទាំងនេះគឺជាគ្រឹះសំខាន់ដែលជួយឱ្យគម្រោងអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ជាចុងក្រោយលោក ទេព សុធា មានជាសារលើកទឹកចិត្តជូនដល់អ្នកកំពុងអាន ជាពិសេសផ្ញើរជូនទៅកាន់អ្នកដែលស្រលាញ់វិស័យបច្ចេកវិទ្យា ឬអ្នកកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ក្នុងនាមជាស្ថាបនិក (Founder) មួយរូប លោកបានចែករំលែកដំបូន្មានសំខាន់ៗដល់យុវជនខ្មែរដែលចង់បង្កើត Startup បែប AI ឬប្រឡូកក្នុងវិស័យ Tech ដោយជំរុញឱ្យហ៊ានបញ្ចេញផលិតផលឱ្យបានលឿន (Build today, Ship tomorrow) ដើម្បីប្រមូលមតិកែលម្អពីអ្នកប្រើប្រាស់ជាជាងរង់ចាំភាពល្អឥតខ្ចោះ។ ចាប់ផ្ដើមពីចំណុចតូចៗដោយដោះស្រាយបញ្ហាមួយម្ដងៗ កុំខ្លាចញញើតនឹងការបរាជ័យ និងត្រូវដើរចេញក្រៅដើម្បីចូលរួមក្នុងសហគមន៍ បង្កើតបណ្ដាញទំនាក់ទំនង ព្រមទាំងចេះផ្សព្វផ្សាយពីខ្លួនឯងជាជាងការសំងំធ្វើការម្នាក់ឯង។ អ្វីដែលកាន់តែពិសេសនោះ គឺត្រូវយកចិត្តទុកដាក់លើសុខភាពជាចម្បង ព្រោះវាជាគ្រឹះខ្វះមិនបានដើម្បីសម្រេចជោគជ័យ។

ដូច្នេះសម្រាប់អ្នកដែលចង់ប្រើប្រាស់វេបសាយខាងលើអាចចុចចូលតាមរយៈលីងដែលតភ្ជាប់ស្រាប់នៅហ្នឹងឈ្មោះវេបសាយ ហើយសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ជាវលើមុខងារពិសេសណាមួយនៃវេបសាយសូមធ្វើការទាក់ទងតាមរយៈហ្វេសប៊ុកផេកខាងក្រោម៖
More info contact: +855 98 700 032 Tel: @beysach7777

