នៅក្នុងសម័យកាលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ ដូចដែលអ្នកទាំងអស់គ្នាកំពុងឃើញសព្វថ្ងៃនេះ ដូច្នេះហើយថ្ងៃនេះ Technology Cambodia មានកិត្តិយសដែលបានមកជជែកពិភាក្សាជាមួយយុវជនឆ្នើមមួយរូប គឺ លោក ឡន សិលា ដែលជាស្ថាបនិក និងជាអ្នកអភិវឌ្ឍន៍ (Founder & Solo Developer) នៃគេហទំព័រ imsela.com និង @imselabot លើ Telegram។ លោកបានបង្កើតបណ្តុំឧបករណ៍ AI និងឧបករណ៍ជំនួយជាច្រើនដែលបើកឱ្យប្រជាជនខ្មែរប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃ។

លោក ឡន សិលា មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំពោះប្រវត្តិសិក្សា លោកបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យនៅវិទ្យាល័យនរោត្តមរណឫទ្ធិគន្ធបុប្ផា និងបានបន្តការសិក្សារហូតបញ្ចប់ថ្នាក់វិទ្យាល័យនៅវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ។ ក្រោយមក លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (IT) ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ លោកទើបតែបានបញ្ចប់ការការពារសារណាបញ្ចប់ការសិក្សាឆ្នាំទី៤ បានរយៈពេលជាង ១ ខែនេះឯង។

ដំណើរដើមទងគឺចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ២០២៣ ដែលជាឆ្នាំដំបូងដែលលោកបានចាប់ផ្ដើមរៀនសរសេរកូដតាមប្រព័ន្ធអ៊ីនធឺណិត។ កាលនោះ លោកបានសាកល្បងរៀនពីរបៀបបង្កើត Telegram Bot ហើយក៏បានបង្កើត Bot មួយជោគជ័យមានឈ្មោះថា «ឯកសារមេរៀន PDF» ដែលកាលនោះមានអ្នកគាំទ្រប្រើប្រាស់រហូតដល់ខ្ទង់ ១ ម៉ឺននាក់ឯណោះ។ ប៉ុន្តែក្រោយៗមកទៀត ដោយសារវាមិនសូវពេញនិយមដូចមុន ណាមួយលោកមិនមានចំណូលសម្រាប់ទូទាត់ថ្លៃរក្សាទុកទិន្នន័យ (Hosting Bot) លោកក៏សម្រេចចិត្តបញ្ឈប់ការដំណើរការវាទៅវិញ។

ទោះជាយ៉ាងណា លោកមិនបានបោះបង់ចោលឡើយ។ នៅចុងឆ្នាំ ២០២៤ លោកបានបង្កើតវេបសាយមួយឈ្មោះ imsela.shop ដែលកាលនោះផ្តោតលើការលក់ផលិតផលឌីជីថល (Digital Products) និងបានបង្កើត Telegram Bot ជាច្រើនបន្ថែមទៀត ដូចជា Bot ជំនួយការកែសម្រួលរូបភាពឱ្យច្បាស់, Bot ចម្លងអក្សរពីរូបភាព (OCR), Bot សម្រាប់បញ្ចូលទឹកប្រាក់ហ្គេម (Top-up), និង Bot ទាញយកវីដេអូពី Social Media តាមរយៈលីងជាដើម។ មិនតែប៉ុណ្ណោះ លោកក៏បានបង្កើត Telegram Channel ចំនួន ២ ទៀត ដែលដំណើរការដោយប្រព័ន្ធ AI និង Bot ១០០% គឺ Channel សំណួរ Quiz ខ្មែរ និង Quiz Question អង់គ្លេស ដែលតែងតែបង្ហោះជារៀងរាល់ថ្ងៃអំពីសំណួរ Quiz ផ្សេងៗ ដើម្បីឱ្យអ្នកសិក្សាអាចទទួលបានចំណេះដឹងពីការឆ្លើយសំណួរលេងកម្សាន្តផងដែរ។
រហូតមកដល់ឆ្នាំ ២០២៦ នេះ ដោយយល់ឃើញថាលោកបានបង្កើត imsela.com ដែលជាបណ្ដុំ AI រួចរាល់ លោកក៏សម្រេចចិត្តរួមបញ្ជូលគ្នានៃមុខងារទាំងអស់ពី Telegram Bot ផ្សេងៗគ្នាដែលលោកធ្លាប់បង្កើតពីមុន មកដាក់ចូលក្នុង @imselabot តែមួយគត់ ដើម្បីផ្តល់ជាភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ចំពោះពេលវេលានៃការបង្កើត imsela.com លោកបានចាប់ផ្ដើម Project នេះនៅដើមខែមករា ឆ្នាំ ២០២៦ និងបានដាក់ឱ្យប្រជាជនសាកល្បងប្រើប្រាស់នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ កំឡុងពេលនោះដោយសារតែទើបតែបង្កើតឡើងដំបូងៗ វានៅមានចំណុចខ្វះខាតជាច្រើន និងមាន Tools AI មួយចំនួនប៉ុណ្ណោះ ប៉ុន្តែក្រោយៗមកទៀត លោកបានធ្វើការកែសម្រួលឱ្យល្អប្រសើរឡើង និងបានបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

កម្លាំងចលករសំខាន់ដែលជំរុញចិត្តលោកខ្លាំងបំផុត គឺ AI ហ្នឹងឯង។ លោកមើលឃើញថា បច្ចេកវិទ្យា AI អាចជួយសម្រួលដល់ការរស់នៅ និងការងាររបស់មនុស្សបានច្រើនណាស់ បើសិនជាយើងយកវាមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសគឺសិស្ស និស្សិត និងអ្នកប្រើប្រាស់ទូទៅនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលលោកសង្កេតឃើញគឺ AI tools ភាគច្រើននៅលើពិភពលោក មុននឹងប្រើប្រាស់បានគឺយើងត្រូវធ្វើការចុះឈ្មោះបង្កើតគណនី (Sign up) ហើយមានដែនកំណត់ទៅលើមុខងារខ្លះដោយតម្រូវឱ្យបង់លុយជាប្រចាំខែ។ លើសពីនេះ បើចង់បង់លុយក៏ត្រូវមាន Credit Card ដែរ ដែលវាជាភាពលំបាក និងជាឧបសគ្គមួយសម្រាប់អ្នកប្រើប្រាស់មួយចំនួនធំដែលមិនទាន់យល់ច្បាស់ពីវា ឬមិនទាន់មានកាតធនាគារផ្ទាល់ខ្លួន។ ដូចនេះហើយ ទើបលោកចង់ធ្វើឱ្យ AI ក្លាយជារឿងងាយស្រួល និងសាមញ្ញបំផុតសម្រាប់ប្រជាជនយើង៖ អាចប្រើប្រាស់បានដោយគ្មានដែនកំណត់ មិនតម្រូវឱ្យបង់លុយ និងមិនតម្រូវឱ្យចុះឈ្មោះបង្កើតគណនីឡើយ ពោលគឺចូលភ្លាមអាចប្រើបានភ្លាមនៅលើវេបសាយតែម្តង។
បច្ចុប្បន្ន បណ្តុំមុខងារដ៏សម្បូរបែបនៅលើ imsela.com រួមមាន៖
- ឆាតកម្សាន្ត និងសួរដេញដោលជាមួយ AI
- AI ជំនួយការផ្នែកគណិតវិទ្យា និង AI ជួយធ្វើលំហាត់ទូទៅ
- ប្រព័ន្ធបកប្រែភាសា និងប្រព័ន្ធបម្លែងអក្សរទៅជាសំឡេង (AI Voice)
- ឧបករណ៍ដកស្រង់អត្ថបទពីរូបភាព (OCR)
- ឧបករណ៍ធ្វើឱ្យរូបភាពច្បាស់ និងលុប Background រូបភាព
- ឧបករណ៍បម្លែងរូបភាពទៅជាឯកសារ PDF
- ឧបករណ៍ទាញយកវីដេអូពី Social Media នានាតាមតំណលីង
- ឧបករណ៍បង្កើតហ្វុនអក្សរស្អាតៗ និងការកែច្នៃសំឡេង
- ឧបករណ៍ស្កេន និងបង្កើត QR Code ផ្ទាល់ខ្លួន
- កម្មវិធីគណនាលុយ និងសំណួរ Quiz ចំណេះដឹងទូទៅ
- មុខងារឆែកប្រព័ន្ធ Roblox និងពិនិត្យ ID ហ្គេម
- មុខងារឆែកតម្លៃមាស ប្រាក់ ប្លាទីន ប្រចាំថ្ងៃ
- មុខងារទស្សន៍ទាយតារានិករ និងការធ្វើតេស្តបុគ្គលិកលក្ខណៈ MBTI ព្រមទាំងមានមុខងារជាច្រើនទៀត។
លោកបានបញ្ជាក់ថា មុខងារទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គឺបើកឱ្យប្រើប្រាស់ Free ១០០%។ យ៉ាងណាក៏ដោយ ដោយសារលោកមើលឃើញថា ប្រជាជនខ្មែរយើងមួយចំនួនមិនសូវនិយមក្នុងការចូលប្រើប្រាស់តាមវេបសាយប៉ុន្មានទេ ដូចនេះលោកក៏បានបង្កើត Telegram Bot @imselabot មួយទៀតឡើង ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រើ មុខងារទាំងអស់នេះនៅលើកម្មវិធី Telegram ផ្ទាល់ៗ ដែលវាកាន់តែងាយស្រួលរក និងមានល្បឿនលឿនជាងមុន។

សម្រាប់វេបសាយ និង Telegram Bot ដែលលោកបានបង្កើតមកនេះ ដោយសារតែវាបើកឱ្យប្រើប្រាស់ឥតគិតថ្លៃ និងគ្មានដែនកំណត់ ដូច្នេះក្នុងមួយខែៗគឺលោកត្រូវចំណាយថវិកាផ្ទាល់ខ្លួនរាងច្រើនគួរសមទៅលើថ្លៃ System ប៉ុន្តែបច្ចុប្បន្នវានៅស្ថិតនៅក្នុងកម្រិតមួយដែលលោកនៅអាចគ្រប់គ្រង និងរ៉ាប់រងបាន។ ទោះជាយ៉ាងណាក៏ដោយ លោកក៏មិនអាចមានថវិការៀងរាល់ខែមកផ្គត់ផ្គង់ប្រព័ន្ធទាំងអស់នេះឱ្យដំណើរការរលូនបានរហូតដោយគ្មានប្រភពចំណូលចូលខ្លះនោះទេ ដូចនេះហើយ លោកក៏បានសម្រេចចិត្តដាក់បញ្ចូលនូវសេវាកម្មបង់ប្រាក់មួយចំនួនជាផ្នែកបន្ទាប់បន្សំ រួមមាន៖ សេវាកម្មបញ្ចូលទឹកប្រាក់ហ្គេម (Top-up), លក់ Telegram Star & Premium, និងសេវាកម្ម Boost TikTok ខ្មែរ។ សេវាកម្មទាំងអស់នេះគឺជាផ្នែកបន្ទាប់បន្សំដើម្បីជួយសម្រាល និង Cover ថ្លៃចំណាយផ្សេងៗ ដើម្បីឱ្យ imsela អាចនៅតែបន្តដំណើរការទៅមុខបានយូរអង្វែង។
លោកសូមបញ្ជាក់ជូនយ៉ាងច្បាស់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ណាដែលមិនធ្លាប់ចំណាយលុយសោះលើសេវាកម្មបន្ទាប់បន្សំទាំងនេះ ក៏នៅតែអាចចូលទៅប្រើប្រាស់មុខងារ AI ទាំងអស់បានដោយសេរី ឥតគិតថ្លៃ និងគ្មានដែនកំណត់ដដែល ដោយគ្មានការរើសអើងឡើយ។
លោកបានចែករំលែកលើបទពិសោធន៍ផ្ទាល់របស់ខ្លួនថា ដើម្បីក្លាយជា Full Stack Developer គឺយើងត្រូវចេះដឹង និងក្តោបក្តាប់ការងារឱ្យបានច្រើនផ្នែក ចាប់តាំងពីផ្នែក Frontend (រួមមាន HTML → CSS → JavaScript និង Framework ជំនាន់ថ្មីដូចជា React...) រហូតដល់ផ្នែក Backend (ដូចជា Node.js ឬ Python...) ព្រមទាំងផ្នែកគ្រប់គ្រងទិន្នន័យ Database (SQL, MongoDB...) ការតភ្ជាប់ API និងការ Deploy ប្រព័ន្ធទៅលើកន្លែងផ្ទុក (Hosting + Domain) ជាដើម។

ភាសាកូដ និងបច្ចេកវិទ្យាទាំងអស់នេះមិនមែនងាយស្រួលចេះនោះទេ គឺទាមទារការខិតខំប្រឹងប្រែង និងការតាំងចិត្តខ្លាំងណាស់។ សម្រាប់លោក ផ្លូវដ៏ល្អបំផុតដើម្បីដើរទៅដល់គោលដៅ គឺការរួមបញ្ចូលគ្នានៃវិធីសាស្ត្ររៀន ៤ យ៉ាង៖
១. រៀនតាមសាលា ឬ Course
បើមានឱកាសរៀនតាមសាលា ឬតាម course គឺល្អណាស់ ព្រោះវាជួយឱ្យយើងមានគ្រឹះត្រឹមត្រូវ និងរៀនតាមលំដាប់លំដោយ។ ប៉ុន្តែកុំពឹងលើសាលាទាំងស្រុង ព្រោះវិស័យ Tech ដើរលឿនណាស់ អ្វីដែលរៀនក្នុងសាលាខ្លះអាចចាស់បាត់ទៅហើយ។
២. រៀនបន្ថែមដោយខ្លួនឯង
សព្វថ្ងៃ Internet មានធនធានរៀនឥតគិតថ្លៃច្រើនណាស់ ទាំង YouTube ទាំង documentation ទាំង course free ផ្សេងៗ។ ខ្ញុំផ្ទាល់រៀនដោយខ្លួនឯងច្រើនជាងគេ ដូច្នេះខ្ញុំដឹងច្បាស់ថា បើមានឆន្ទៈ គ្មានអ្វីរៀនមិនបានទេ។
៣. ប្រើ AI ជាជំនួយ
សម័យនេះ AI ដូចជាគ្រូម្នាក់នៅក្បែរខ្លួន ២៤ ម៉ោង។ អ្វីមិនយល់ សួរវាបាន ឱ្យវាពន្យល់ដល់យល់។ អ្នករៀនជំនាន់នេះមានឱកាសល្អជាងជំនាន់មុនឆ្ងាយណាស់ ត្រូវចេះទាញយកប្រយោជន៍ពីវា។
៤. អនុវត្តជាក់ស្តែង (សំខាន់ជាងគេ)
កុំរៀនតែ theory ត្រូវធ្វើ project ពិតដែលមានមនុស្សប្រើពិត ទោះតូចយ៉ាងណាក៏ដោយ។
ចំពោះចក្ខុវិស័យរបស់ លោក ឡន សិលា ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខលោកចង់អភិវឌ្ឍ imsela អោយក្លាយជា AI platform ឈានមុខសម្រាប់អ្នកប្រើនៅកម្ពុជា AI tools ដែល support ភាសាខ្មែរពេញលេញ នឹងបន្ថែមមុខងារជាច្រើនបន្ថែមទៀត សម្រាប់ការសិក្សា ការងារ និងជីវិតប្រចាំថ្ងៃ នឹងគម្រោងបង្កើតជា App ដាក់អោយទាញយកនៅលើ PlayStore នឹង App Store។ លើសពីនេះលោកក៏មានគម្រោងបង្កើត កម្មវិធី ផ្សេងៗទៀតជាបន្តរបន្ទាប់ដែលជួយជាភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ជាចុងក្រោយ លោក ឡន សិលា ស្ថាបនិកវេបសាយ imsela.com មានជាពាក្យផ្ដាំផ្ញើរទៅកាន់អ្នកអានក៏ដូចជាអ្នកកំពុងចាប់ផ្ដើមដំបូងៗនៅក្នុងវិស័យនេះថា កុំរង់ចាំឱ្យចេះគ្រប់មុខសិនបានចាប់ផ្តើម។ ធ្វើខុសមិនអីទេ រាល់កំហុសគឺជាមេរៀន មានតែអ្នកដែលមិនហ៊ានធ្វើអីសោះទេទើបមិនចេះខុស។ ចុងក្រោយ ត្រូវអត់ធ្មត់ ព្រោះអ្វីក៏ដោយគ្មានផ្លូវកាត់ទេ រៀនបន្តិចម្តងៗ អនុវត្តរាល់ថ្ងៃ ថ្ងៃមួយនឹងឃើញលទ្ធផលច្បាស់។

បើអ្នកមានគំនិតមិនថាផ្នែក IT ឬ អាជីវកម្មផ្សេងៗទេ សូមចាប់ផ្តើមពីតូចទៅ ធ្វើឱ្យវាដំណើរការសិនទើបយើងឃើញចំណុចបំពេញបន្ថែម ចាំកែសម្រួលតាមក្រោយ បើអ្នកចាំអោយអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះពេកនោះអ្នកនឹងដើរយឺតជាងគេមានមនុស្សច្រើនណាស់កំពុងប្រកួតប្រជែង។ សម័យនេះជាសម័យ Ai ហើយជាឱកាសល្អបំផុតសម្រាប់អ្នករៀនដោយខ្លួនឯងអ្វីៗដែលពីមុនត្រូវការសមាជិកក្រុមតែឥឡូវម្នាក់ឯងក៏អាចធ្វើបាន តែបើមានក្រុម Ai គឺកាន់តែល្អ។
Get in Touch with Founder
អត្ថបទដោយ៖ ងួន ឃុនណា
