
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ស.ម.ក.) និង ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីផ្តល់ការណែនាំអំពីក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងទ្រព្យនិម្មិត និងក្រុមហ៊ុនផ្តល់សេវាកម្មពាក់ព័ន្ធ។ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ និងការវិនិយោគលើទ្រព្យនិម្មិតបែបប៉ាន់ប្រមាណ (Speculative Investment) ព្រមទាំងការប្រើប្រាស់វាជាមធ្យោបាយទូទាត់ទំនិញ និងសេវាកម្ម ដែលអាចបង្កហានិភ័យដល់ម៉ាក្រូសេដ្ឋកិច្ច ការការពារវិនិយោគិន ការប្រកួតប្រជែង ការសម្អាតប្រាក់ និងអស្ថិរភាពហិរញ្ញវត្ថុជាដើម។
ក្នុងសេចក្តីថ្លែងការណ៍នេះ ទ្រព្យនិម្មិត (Virtual Asset/Digital Asset ឬ Crypto Asset) ត្រូវបានយល់ឃើញថាជាតំណាងតម្លៃឌីជីថលដែលពឹងផ្អែកលើបច្ចេកវិទ្យាគ្រីបតូក្រាហ្វី (Cryptography) ឬ DLT។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននេះ អាជ្ញាធរបានកំណត់គោលការណ៍ស្នូលចំនួន ៣ រួមមាន៖ ការការពារវិនិយោគិននិងអ្នកប្រើប្រាស់ សុវត្ថិភាពទីផ្សារ និងការគាំទ្រច្នៃប្រឌិត។ លើសពីនេះ រាល់ធនាគារពាណិជ្ជ ឬនីតិបុគ្គលទាំងឡាយណាដែលបំណងផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យនិម្មិត ត្រូវតែស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា ឬ ស.ម.ក. ជាមុនសិន។

បុគ្គល ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ឬការអនុញ្ញាត ត្រូវចាត់ទុកជា «បុគ្គលរាយការណ៍» ស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរឈ្លបយកការណ៍ហិរញ្ញវត្ថុកម្ពុជា។ បុគ្គលរាយការណ៍ទាំងនោះមានកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីករាយដាលអាវុធមហាប្រល័យ ដើម្បីធានាតម្លាភាព និងសុវត្ថិភាពក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
អាជ្ញាធរទាំងពីរ (ស.ម.ក. និង ធនាគារជាតិនៃកម្ពុជា) នឹងបង្កើតក្របខ័ណ្ឌត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាប្រចាំ ដើម្បីទប់ស្កាត់ជនខិលខូចដែលបោកប្រាស់ ឬប្រតិបត្តិការខុសច្បាប់។ ការអនុវត្តនឹងផ្អែកលើគោលការណ៍ «សកម្មភាពដូចគ្នា ហានិភ័យដូចគ្នា បទប្បញ្ញត្តិដូចគ្នា» ដើម្បីកាត់បន្ថយបន្ធូរបន្ថយបទប្បញ្ញត្តិ និងទប់ស្កាត់ការកេងចំណេញពីគម្លាតច្បាប់ ព្រមទាំងត្រៀមខ្លួនសម្របសម្រួលតាមការវិវត្តនៃទីផ្សារនាពេលអនាគត។

ជាចុងក្រោយ អាជ្ញាធរបានក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់សាធារណជនឱ្យជ្រាបថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទ្រព្យនិម្មិតមិនត្រូវបានទទួលស្គាល់ជារូបិយវត្ថុមានតំលៃផ្លូវការ ឬធានាដោយរដ្ឋាភិបាល ឬធនាគារកណ្តាលឡើយ។ ដោយសារទ្រព្យនិម្មិតមានតម្លៃប្រែប្រួលខ្លាំង និងមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងវាយតម្លៃហានិភ័យឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើការជួញដូរ ឬវិនិយោគលើទ្រព្យនិម្មិតទាំងនេះ។ {សេចក្តីសង្ខេប…}

