ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបញ្ចេញ iPhone ម៉ូឌែលពិសេសមួយនៅឆ្នាំ២០២៧ ដើម្បីអបអរខួប ២០ ឆ្នាំនៃ iPhone។ បើតាមរបាយការណ៍របស់ Bloomberg (ថ្ងៃទី១៦ មិថុនា ២០២៦) ម៉ូឌែលពិសេសនេះគឺជាផ្នែកមួយនៃផែនការបញ្ចេញផលិតផលថ្មីៗជាច្រើនរបស់ Apple ក្នុងឆ្នាំនោះ។

យោងតាមលោក Mark Gurman ដែលជាអ្នកកាសែតជំនាញខាងព័ត៌មានបែកធ្លាយរបស់ Apple ប្រចាំស្ថាប័ន Bloomberg រួមជាមួយប្រភពក្នុងឧស្សាហកម្មបច្ចេកវិទ្យា ម៉ូឌែលថ្មីនេះ អាចនឹងមានការផ្លាស់ប្តូររូបរាងទាំងស្រុង ដោយផ្តោតលើតួខ្លួនកញ្ចក់ និងអេក្រង់លាតពេញផ្ទៃខាងមុខ។ ការកែប្រែរចនាបថនេះ ត្រូវបានគេរំពឹងថានឹងបង្កើតភាពភ្ញាក់ផ្អើលដ៏ធំមួយ ស្រដៀងគ្នាទៅនឹងការបង្ហាញខ្លួនរបស់ iPhone X កាលពីឆ្នាំ ២០១៧ ដើម្បីអបអរខួប ១០ ឆ្នាំរបស់ iPhone ដែរ។

ចំពោះតម្លៃវិញ Apple មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ ប៉ុន្តែការប៉ាន់ស្មានពីប្រភពបច្ចេកវិទ្យាមួយចំនួនបានលើកឡើងថា ម៉ូឌែលពិសេសនេះអាចមានតម្លៃចាប់ពីប្រមាណ $1,299 ឡើងទៅ ខណៈការប៉ាន់ស្មានមួយផ្សេងទៀតបានដាក់តម្លៃលក់ជាមធ្យមប្រហែល $2,060។ ដូច្នេះ តម្លៃពិតប្រាកដអាចខុសពីនេះ នៅពេល Apple ប្រកាសជាផ្លូវការ។

យ៉ាងណាក៏ដោយ Apple មិនទាន់បានបញ្ជាក់ថា ម៉ូឌែលនេះនឹងមានឈ្មោះ “iPhone 20” ឬបញ្ជាក់ពីតម្លៃ និងលក្ខណៈសម្បត្តិទាំងនេះជាផ្លូវការនៅឡើយទេ។ ព័ត៌មានខាងលើគឺជារបាយការណ៍ និងការប៉ាន់ស្មានដែលអាចមានការផ្លាស់ប្តូរមួយចំនួននៅពេលដែលចេញផ្លូវការ។
ប្រភព៖ Bloomberg, MacRumors
