ដំណឹងល្អសម្រាប់ប្អូនៗសិស្សានុសិស្ស! ចាប់ពីពេលនេះទៅ ទោះនៅទីណាក៏អាចទទួលបានការបង្រៀនបំប៉នស្តង់ដារពីគ្រូខ្លាំងៗបានដែរ។ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី "Live Teaching 2026" ដែលជាជំហានថ្មីមួយទៀតក្នុងការជំរុញវិស័យអប់រំឱ្យដើរទាន់យុគសម័យឌីជីថល។

កាត់បន្ថយគម្លាតចំណេះដឹង៖ សិស្សនៅតាមខេត្តឆ្ងាយៗ ឬតំបន់ដាច់ស្រយាល អាចរៀនផ្ទាល់តាមអនឡាញជាមួយគ្រូឧទ្ទេសល្បីៗដែលមានបទពិសោធន៍ខ្ពស់ មិនចាញ់សិស្សនៅភ្នំពេញឡើយ។

ត្រៀមប្រឡងបាក់ឌុប៖ កម្មវិធីនេះផ្ដោតសំខាន់លើការបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាពឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។

វិធីសាស្ត្របង្រៀនបែបថ្មី (NGS)៖ មិនមែនត្រឹមតែការបង្រៀនធម្មតាទេ តែនឹងមានការផលិតវីដេអូមាតិកាអប់រំតាមស្តង់ដាសាលារៀនជំនាន់ថ្មី (New Generation School) ដែលមានភាពទាក់ទាញ និងងាយយល់។

ការប្រើប្រាស់ AI ក្នុងការសិក្សា៖ អ្វីដែលកាន់តែពិសេសនោះ គឺការលើកទឹកចិត្តឱ្យគ្រូ និងសិស្សប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសទៀតផង។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានសង្កត់ធ្ងន់ថា ការរួមបញ្ចូលគ្នារវាង "ការខិតខំរបស់សិស្ស" និង "បច្ចេកវិទ្យាឌីជីថល" គឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់អនាគតប្រទេសជាតិយើង។ ក្រសួងក៏បានណែនាំឱ្យមន្ទីរអប់រំទាំង ២៥ រាជធានី-ខេត្ត ជួយជំរុញឱ្យប្អូនៗសិស្សានុសិស្សទាញយកប្រយោជន៍ឱ្យអស់ពីកម្មវិធី Live Teaching នេះ ដើម្បីពង្រឹងការធ្វើស្វ័យសិក្សាដោយខ្លួនឯងបន្ថែម។
អត្ថបទដោយ៖ ផែន ផាន់ណា
Tech Content Writer Local
