នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ តាមរបាយការណ៍របស់ The Information បានឱ្យដឹងថា ក្រុមហ៊ុន Meta គ្រោងនឹងដាក់លក់ឧបករណ៍ AI ថ្មីរបស់ខ្លួនឈ្មោះ Muse Charm ដែលមានរូបរាងស្រដៀងនឹងប្រដាប់ក្មេងលេង Tamagotchi ក្នុងតម្លៃប្រមាណ ៣០០ ដុល្លារ បន្ទាប់ពីបានបង្ហាញតម្រុយរួចមកនៅក្នុងព្រឹត្តិការណ៍ Connect ដើមឆ្នាំនេះ។

រហូតមកដល់ពេលនេះ Meta បានជំរុញការប្រើប្រាស់ AI សម្រាប់អ្នកប្រើប្រាស់ទូទៅដោយទទួលបានជោគជ័យគួរសម តាមរយៈការដាក់ឱ្យដំណើរការជំនួយការ AI ឈ្មោះ Muse រួមជាមួយតួអង្គតំណាង គួរឱ្យស្រឡាញ់ជាច្រើន ដែលជួយផ្តល់បុគ្គលិកលក្ខណៈដល់ប្រព័ន្ធ។ ចំពោះ Muse Charm ដែលជាជំហានថ្មីរបស់ក្រុមហ៊ុនចូលទៅក្នុងផ្នែក hardware AI នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់យករូបតំណាងនៃកម្មវិធីនេះតាមខ្លួនក្នុងហោប៉ៅ (ឬអាចពាក់ជុំវិញក) ដើម្បីនិយាយជាមួយវា សួរសំណួរ និងផ្តល់បញ្ជាផ្សេងៗបានយ៉ាងងាយស្រួល។

ទោះជាយ៉ាងណា នៅមិនទាន់ច្បាស់ទេថា អ្នកប្រើប្រាស់នឹងទទួលយកផលិតផលនេះកម្រិតណា ខណៈឧបករណ៍ពាក់ AI កន្លងមកធ្លាប់ជួបការលំបាកជាច្រើន (ដូចជាករណី Humane Ai pin ជាដើម) ប៉ុន្តែក្រុមហ៊ុននានានៅតែបន្តកែលម្អគំនិតនេះ ដើម្បីស្វែងរកទីផ្សារធំជាងមុន។
ទោះជាយ៉ាងណាតម្លៃ ៣០០ ដុល្លារ អាចចាត់ទុកថាខ្ពស់គួរសមសម្រាប់ឧបករណ៍ដែលមានទំហំប៉ុនកូនសោ ប៉ុន្តែក៏ស្របតាមតម្លៃដែលក្រុមហ៊ុនផ្សេងៗកំពុងកំណត់ផងដែរ។ ជាក់ស្តែង ឧបករណ៍ពាក់របស់ក្រុមហ៊ុន AI startup ឈ្មោះ Friend ដែលអនុញ្ញាតឱ្យផ្ញើសារ និងនិយាយជាមួយតួអង្គ AI កំពុងដាក់លក់ក្នុងតម្លៃ ២៥០ ដុល្លារ។ ផ្ទុយទៅវិញ ឧបករណ៍ AI ពាក់ថ្មីបំផុតរបស់ Amazon ឈ្មោះ Bee Frontier ដែលជួយកត់ត្រាការសន្ទនា និងតាមដានកិច្ចការ មានតម្លៃដើម ៧៥ ដុល្លារ (និងបញ្ចុះតម្លៃ ៣០% មកត្រឹម ៥២.៤៩ ដុល្លារ ក្នុងឱកាស Black Friday)។ សូម្បីតែបូកបញ្ចូលការជាវប្រចាំឆ្នាំ ៩៩ ដុល្លារ ដើម្បីភ្ជាប់ជាមួយកម្មវិធីដូចជា រូបថត និងអ៊ីមែល ក៏វានៅតែមានតម្លៃថោកជាង Muse Charm ឆ្ងាយណាស់ដែរ។
