ពិសេសណាស! NASA ប្រកាសជ្រើសរើសអវកាសយានិកថ្មី ដើម្បីហោះទៅឋានព្រះចន្ទ ខណៈនេះជាចំនួនប្រាក់ខែក្នុងម្នាក់
Khunna - ឃុនណា
•
NOVEMBER 9 2026
•
នវានុវត្តន៍
•
1.3 K views
•
2 mins read
•

នៅថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសបើកទទួលពាក្យស្នើសុំចូលរួមជាអវកាសយានិកជំនាន់ថ្មី ដើម្បីគាំទ្រដល់ការពង្រីកបេសកកម្មរុករកអវកាស និងកម្មវិធី Artemis ដែលមានគោលដៅនាំមនុស្សត្រឡប់ទៅកាន់ឋានព្រះចន្ទ បង្កើតមូលដ្ឋានស្នាក់នៅលើឋានព្រះចន្ទ និងត្រៀមសម្រាប់បេសកកម្មមនុស្សទៅកាន់ភពអង្គារនាពេលអនាគត។ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ NASA ដែលចេញផ្សាយ ការជ្រើសរើសនេះ គឺជាឱកាសសម្រាប់អ្នកមានសមត្ថភាពចូលរួមក្នុងដំណាក់កាលថ្មីនៃការរុករកអវកាសរបស់មនុស្សជាតិ។

Wirestory 789a68a0425551b9870b17911eaa042e 16x9

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ក្លាយជាអវកាសយានិក NASA បានកំណត់លក្ខខណ្ឌសំខាន់ៗមួយចំនួន រួមមាន ត្រូវមានសញ្ជាតិអាមេរិក មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬគណិតវិទ្យា (STEM) ពីគ្រឹះស្ថានសិក្សាដែលទទួលស្គាល់ និងមានបទពិសោធន៍ការងារពាក់ព័ន្ធយ៉ាងតិច ៣ ឆ្នាំ បន្ទាប់ពីទទួលបានសញ្ញាបត្រដែលតម្រូវ។ បេក្ខជនក៏ត្រូវឆ្លងកាត់ការពិនិត្យសុខភាពសម្រាប់ការហោះហើរអវកាសរយៈពេលវែង និងមានសមត្ថភាពដឹកនាំ ធ្វើការជាក្រុម និងទំនាក់ទំនងបានល្អផងដែរ។ យោងតាមការប្រកាសជ្រើសរើសបុគ្គលិកផ្លូវការនៅលើគេហទំព័រ USAJOBS របស់រដ្ឋាភិបាលអាមេរិក ប្រាក់ខែសម្រាប់តំណែងអវកាសយានិកជំនាន់ថ្មីគឺក្នុងមួយខែ ប្រហែល $13,600 ឬ ក្នុងមួយឆ្នាំ $164,000 ។

B5 S Y5 Hlzpj O45 Kmnav J3 Qrmlai

NASA បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលប្រមាណ ២ ឆ្នាំ ដោយសិក្សាពីជំនាញចាំបាច់ដូចជា ការដើរក្នុងលំហអវកាស ការបញ្ជាមនុស្សយន្ត ការបើកបរយន្តហោះប្រតិកម្ម និងការបំពេញភារកិច្ចក្នុងបេសកកម្មអវកាស។ NASA រំពឹងថានឹងសម្រេចជ្រើសរើសអវកាសយានិកជំនាន់ថ្មីនេះនៅចុងឆ្នាំ២០២៧។ ទោះជាយ៉ាងណា ការជាប់ជ្រើសរើសជាអវកាសយានិកមិនមានន័យថានឹងបានហោះទៅឋានព្រះចន្ទភ្លាមៗនោះទេ ព្រោះពួកគេត្រូវបន្តហ្វឹកហាត់ និងរង់ចាំការចាត់តាំងទៅបេសកកម្មជាក់លាក់។

Artemis Ii Launch 083126 9ac981e4165c4172b6224d7e00cb7476

ចំពោះថ្ងៃផុតកំណត់នៃការដាក់ពាក្យ NASA បានកំណត់ត្រឹមម៉ោង ១១:៥៩ នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ តាមម៉ោងនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ការជ្រើសរើសលើកនេះទទួលយកតែពលរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះអ្នកដែលមិនមានសញ្ជាតិអាមេរិកមិនអាចដាក់ពាក្យបានទេ។ ការជ្រើសរើសនេះនឹងជួយពង្រឹងកម្លាំងអវកាសយានិករបស់ NASA ដើម្បីគាំទ្រដល់ផែនការរុករកឋានព្រះចន្ទ និងការធ្វើដំណើរទៅកាន់ភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យនាពេលអនាគត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia