នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ Google បានបញ្ចេញមុខងារថ្មីមួយដែលមានឈ្មោះថា Guided Vision នៅក្នុងGemini Live ដែលមានសមត្ថភាពអាចរាយការណ៍ពីអ្វីៗដែលនៅជុំវិញខ្លួន ដោយអ្នកគ្រាន់តែបើកកាមេរ៉ាទូរស័ព្ទ ពិសេសវាក៏អាចសន្ទនាជាសំឡេងបានទៀតផង។ មុខងារថ្មីរបស់ Google នេះ ត្រូវបានបង្កើតឡើង ដើម្បីជួយអ្នកដែលមានបញ្ហាភ្នែកតាមរយៈការមើល ឬអ្នកកំពុងត្រូវការជំនួយលើការមើល។

Google បានឱ្យដឹងថា មុខងារខាងលើនេះ បានដាក់ឱ្យប្រើប្រាស់លើឧបករណ៍ Android ដែលមានភាពងាយស្រួលសម្រាប់អ្នកមានបញ្ហាភ្នែក និងពិការភ្នែក។ ជាមួយគ្នានេះ Google បានសហការជាមួយសហគមន៍មនុស្សពិការភ្នែក និងអ្នកមានបញ្ហាចក្ខុវិស័យ ដើម្បីផ្តល់ជំនួយលើការមើលឃើញតាមរយៈការសន្ទនា និងការឆ្លើយតបជាក់ស្តែង។
លើសពីនេះ Google ក៏បានសហការជាមួយ Aira ដើម្បីបង្កើនសមត្ថភាពលើមុខងារ Guided Vision ដោយបានសាកល្បង និងកែលម្អប្រព័ន្ធដែលផ្តោតលើស្ថានភាពប្រចាំថ្ងៃជាមួយមនុស្សជាង ១ពាន់នាក់ មកពី Trusted Tester។ ក្នុងនោះ អ្នកជំនាញរបស់ Aira ក៏បានធ្វើការផ្ទាល់ជាមួយក្រុមការងាររបស់ Google ដើម្បីវាយតម្លៃលើវិធានការការពារសុវត្ថិភាពរបស់ប្រព័ន្ធនេះផងដែរ។
មុខងារ Guided Vision ដែលនៅក្នុង Gemini Live អាចជួយអ្នកដូចជា៖ អានអក្សរតូចៗ ស្វែងរក និងកំណត់ទីតាំងវត្ថុ ពិពណ៌នាវត្ថុ ពិពណ៌នាបរិស្ថានជុំវិញ និងការសន្ទនាជាភាសាដែលអ្នកចូលចិត្តប្រើ។ អ្នកអាចបើកមុខងារ Guided Vision តាមរយៈ Gemini App ដោយចូលទៅកាន់ Profile រួចបើកមុខងារ Use Guided Vision in Live ហើយចូលទៅកាន់ Gemini Live ហើយចុចជ្រើសរើសការចែករំលែកកាមេរ៉ា។
ម្យ៉ាងវិញទៀត អ្នកអាចចូលទៅ Accessibility រួចកំណត់ Accessibility Shortcut នៅក្នុង Android Settings > Accessibility > Vision assistance > Guided Vision ដើម្បីបើកមុខងារបានលឿនតាមរយៈប៊ូតុង Accessibility អូសម្រាមដៃពីរ ឬចុចប៊ូតុងសំឡេងទាំងពីរ។ ចំពោះ អ្នកដែលប្រើ Google TalkBack ក៏អាចបើកម៉ឺនុយ TalkBackដោយគ្រាន់តែប៉ះអេក្រង់បីម្រាមដៃ ហើយជ្រើសរើស Guided Vision៕



