ស្របពេលដែលមនុស្សភាគច្រើនកំពុងផ្តោតទៅលើ Elon Musk និង Mark Zuckerberg ដែលជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យា ឈានមុខគេលើពិភពលោក ស្ងាត់ៗស្ថាបនិកក្រុមហ៊ុន Oracle គឺលោក Larry Ellison បានឈានជើងឡើងដល់តំណែងអ្នកមានបំផុតទី២ លើលោក វ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Facebook។
លោក Larry Ellison សញ្ជាតិអាមេរិក គឺជាស្ថានិក និងអតីតប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុន software និងពត៌មានវិទ្យាដ៏ធំមួយក្នុងពិភពលោក។ Oracle ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៧ និងត្រូវបានអភិវឌ្ឍន៍ឱ្យក្លាយជាក្រុមហ៊ុន database software ធំជាងគេ ក្រោមស្នាដៃរបស់ស្ថាបនិកឆ្នើម Larry Ellison។ សព្វថ្ងៃនេះ Oracle ផ្ដល់សេវាកម្មទិន្នន័យ និង cloud computing ដល់ក្រុមហ៊ុនធំៗជាច្រើននៅទូទាំងពិភពលោក។
បើតាម Forbes បានឱ្យដឹងថា ថ្មីៗនេះតម្លៃភាគហ៊ុនពាណិជ្ជកម្មនៅក្នុងវិស័យ AI និង Cloud ហក់ឡើងថ្លៃខ្លាំង បានធ្វើឱ្យភាគហ៊ុន Oracle ឡើងខ្ពស់គួរជាទីចាប់អារម្មណ៍។ ប្រការនេះបាននាំឱ្យទ្រព្យសម្បត្តិរបស់ Ellison ហក់ឡើងដល់ទៅជាង ២៨៦ពាន់លានដុល្លារ ឡើងមកលើកំពូលតារាងមហាសេដ្ឋីនៅក្រោមតែ Elon Musk ម្នាក់ប៉ុណ្ណោះ ខណៈស្ថាបនិករបស់ Meta ឈរនៅលឹខរៀងទី៣។
គួរជម្រាបផងដែរថា Ellison គឺជាមហាសេដ្ឋីដែលមានចំណូលចិត្តលើបច្ចេកវិទ្យាខ្លាំង ថែមទាំងនិយមការរស់នៅក្នុងជីវិតបែបប្រណីត ដូចជាជិះយន្តហោះឯកជនផ្ទាល់ខ្លួន និងស្នាក់នៅលើដែនកោះជាដើម។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គាត់ក៏ជាអ្នកផ្ដល់ទុនវិនិយោគក្នុងក្រុមហ៊ុន Tesla និងជាមិត្តជិតស្និទ្ធិរបស់ កំពូលមនុស្ស Elon Musk ផងដែរ៕