«ជំនាញអាចបង្កើតចំណូល» ពិភពលោកហាក់ព្រួយបារម្ភជាខ្លាំងនៃកំណើនមនុស្សជាតិដែលចាប់ផ្ដើមភ័យព្រួយរឿងគ្មានការងារធ្វើ ក្រោយអ្នកវិទ្យាសាស្ដ្របង្កើតបានបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជាច្រើនទៀតដើរដោយ System មិនត្រូវការមនុស្ស។ ដូច្នេះយុវជនជំនាន់ក្រោយ ចង់មានការងារចំណូលខ្ពស់ ពុំគួរមើលរំលងជំនាញខាងក្រោម ដែលណែនាំដោយអ្នកឧកញ៉ាស្រុកខ្មែរផ្ទាល់តែម្ដង៖
ទី១-ជំនាញបច្ចេកទេស៖ អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានលើកឡើងក្នុង កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១ ថា៖ «បច្ចុប្បន្នកម្ពុជាក៏មានរោងចក្របច្ចេកទេសខ្ពស់ៗជាច្រើន ហើយទៅថ្ងៃខាងមុខ ក្រុមហ៊ុនពីបរទេសដែលមានបច្ចេកទេសខ្ពស់នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ដូច្នេះ ពួកគេកំពុងត្រូវការអ្នកជំនាញក្នុងស្រុក ហេតុនេះបើសិនជាយុវជនចេះជំនាញបច្ចេកទេសនេះ វាគឺជាឱកាស»។ អ្នកឧកញ៉ាក៏បានបង្ហាញក្តីបារម្ភផងដែរថា យុវជនខ្មែរជាច្រើន បច្ចុប្បន្នចូលចិត្ដរៀនខាងគណនី គ្រប់គ្រងហរិញ្ញវត្ថុ និងធនាគារ តែមិនសូវមានអ្នករៀនខាងបច្ចេកទេសប៉ុន្មានទេ។
ទី២-ជំនាញឌីជីថល៖ កាលពីឆ្នាំ២០២២ ថ្លែងក្នុងកម្មវិធីពិពណ៌ការងារ របស់វិទ្យាស្ថានបច្ចេកទេសអង្គរ នាខេត្តសៀមរាប អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា «ជាចម្បងខ្ញុំចង់ឱ្យយុវជនយល់ថា ជំនាញសំខាន់ៗណាខ្លះដែលប្រទេសជាតិកំពុងត្រូវការ ជាពិសេសមិនថាប្រទេសខ្មែរ ឬប្រទេសណាៗទេ យុគសម័យឌីជីថលសេដ្ឋកិច្ច គឺត្រូវការជំនាញឌីជីថលច្រើន ដូចជា ICT, DATA , Coding, Information Computer ដែលជាជំនាញដែលគេត្រូវការជាចាំបាច់នាពេលអនាគតខាងមុខដ៏ខ្លី»។
អ្នកឧកញ៉ាក៏បានគូសបញ្ជាក់ផងដែរថា «ខ្ញុំសង្ឃឹមថាយុវជនខ្មែរយើងនឹងបន្តការខិតខំរៀនសូត្រ បន្តការខិតខំចាប់ជំនាញណាមួយឱ្យដឹងមួយ ដើម្បីចូលចិត្តរៀន និងពេញចិត្តទាំងធ្វើការ ដោយក្លាយជាអ្នកបច្ចេកទេសមួយក្នុងការងារណាមួយ ដែលអាចចូលរួមជួយជាតិ កសាងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលនឹងឈានចូល ប្រទេសប្រាក់ចំណូលមធ្យម នៅឆ្នាំ២០៣០ខាងមុខនេះ»។
គួរជម្រាបផងដែរថា សម្រាប់ជំនាញបច្ចេកទេស លោកអ្នកអាចស្វែងរករៀនបាននៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានកម្រិតសិក្សាជាច្រើន ដូចជា៖
-ថ្នាក់ក្រោយបរិញ្ញាបត្រ៖ ដេប៉ាតឺម៉ង់ថ្នាក់បណ្ឌិតបច្ចេកវិទ្យា និងដេប៉ាតឺម៉ង់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា ដែលសិក្សាលើជំនាញជាច្រើនរួមមាន វិស្វកម្មសំណង់ វិស្វកម្មអគ្គិសនី វិស្វកម្មមេកានិក និងសំណង់ស្ថាបត្រកម្ម ជាដើម។
-ថ្នាក់ឧត្តមសិក្សា៖ បរិញ្ញាបត្របច្ចេកវិទ្យា និងបន្តបរិញ្ញាបត្របច្ចេកវិទ្យា សិក្សាលើជំនាញជាច្រើនរួមមាន វិទ្យាសាស្រ្តកុំព្យូទ័រ សំណង់ស៊ីវិលនិងស្ថាបត្រកម្ម អគ្គិសនីអេឡិចត្រូនិកនិងទូរគមនាគមន៍ មេកានិកទូទៅ មេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។
-ថ្នាក់បណ្ដុះបណ្ដាលវគ្គខ្លី (សិក្សារយៈពេល ៣ខែ - ១ឆ្នាំ)
-ថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត C1, C2, C3 (មានអាហារូបករណ៍១០០%)
NPIC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានទទួលបណ្ដុះបណ្ដាលនិស្សិត រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ អ្វីដែលសំខាន់ NPIC តែងតែមានផ្ដល់ជូននូវអាហារូបករណ៍ជាច្រើនសម្រាប់សិស្ស និងសិស្សិតមកពីគ្រប់បណ្ដាលខេត្តរាជធានី ហេតុនេះបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរៀន អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈគេហទំព័រ https://npic.edu.kh/ ឬទំនាក់ទំនងតាមរយៈលេខ 011 76 90 03 / 087 50 66 80 / 016 64 56 01 / 015 97 93 53៕