គិលានុបដ្ឋាយិកា Beggs ធ្វើរឿងធំៗ៣ ទាញចំណូលបាន ២លាន$ ប្រើពេលត្រឹម២ឆ្នាំ ដោយមិនចោលការងារ
SOKLY - កូនផ្កាឈូក
APRIL 13 2025
ឌីជីថល
552 views
2 mins read

គិលានុបដ្ឋាយិកា កញ្ញា Stephanee Beggs ប្រើពេលត្រឹមតែ២ អាចរកផ្លូវបង្កើតចំណូលបានដល់២លានដុល្លារ ដោយការបង្កើតអាជីវកម្មផ្ទាល់ខ្លួនលើបណ្ដាញសង្គម។ ខាងក្រោមនេះជារឿងធំៗ៣ ដែលកញ្ញា បានអនុវត្ត៖
១. ឆ្មក់ឱកាសបង្កើតលុយពីបណ្ដាញសង្គម៖ នៅពេលដែល Beggs កំពុងសិក្សាជំនាញគិលានុបដ្ឋាយិកា គាត់បានចាប់ផ្ដើម ថតវីដេអូ អំពីការកត់ចំណាំមេរៀននៅលើក្រដាសដោយប្រើប្រាស់ប៊ិកពណ៌។ ក្រោយមកវីដេអូនោះក៏ផ្ទុះឡើង ទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីមនុស្សនៅក្នុងបណ្ដាញសង្គម Tik Tok ជាពិសេសនិស្សិតពេទ្យផ្ទាល់។ មានមនុស្សជាច្រើនបានទាក់ទងមកសួរពីវិធីធ្វើក្រដាសកត់ចំណាំរបស់ Beggs ព្រោះថាវាមានពណ៌ស្អាតទាក់ទាញ មានមេរៀនសង្ខេបចំណុចសំខាន់ៗងាយស្រួលចងចាំជាខ្លាំង។ លើសពីនោះក៏មានអ្នកសុំទិញស្នាដៃរបស់គាត់យកទៅប្រើប្រាស់បន្តតែម្ដង ជាហេតុនាំឱ្យ Beggs សម្រេចចិត្តបង្កើតហាងមួយឈ្មោះថា Etsy (RNExplained)។
២. ពង្រឹងអាជីវកម្ម៖ Beggs នៅតែបន្តលក់ស្នាដៃ កត់ចំណាំមេរៀននៅលើក្រដាស សម្រាប់ថ្នាក់គិលានុបដ្ឋាកយិកាស្នូលទាំងអស់ ចាប់ពីការវាយតម្លៃមូលដ្ឋានរបស់អ្នកជំងឺ រហូតដល់ឱសថសាស្រ្ត។ គាត់បានសរសេរវាដោយដៃហើយ Scan ជា PDF រួចបោះពុម្ពសម្រាប់លក់នៅក្នុងហាង Etsy។ ដោយសារតែការលក់ចេះតែរីកចម្រើន Beggs ក៏បានប្ដូរពីការបោះពុម្ពជាក្រដាសកត់ចំណាំ មកជាការបោះពុម្ពជាសៀវភៅវិញម្ដង។ ក្រោយមកតម្រូវការរបស់និស្សិតពេទ្យកាន់តែមានច្រើនឡើង Beggs ក៏សម្រេចចិត្តចាប់យកការចងក្រងការកំណត់ចំណាំមេរៀន ជាការងារពេញម៉ោងមួយទៀតតែម្ដង។ 
៣. ពង្រីកអាជីវកម្ម បន្ទាប់ពីហាង Etsy ដំណើរការបានមួយរយៈ Beggs ក៏ចាប់ផ្ដើមពង្រីកការលក់របស់គាត់បន្ថែមទៀតដោយជ្រើសរើសយករបស់ណាដែលជាតម្រូវការរបស់និស្សិតពេទ្យ។ ដឹងថានៅមន្ទីរពេទ្យភាគច្រើនត្រជាក់ Beggs បានសម្រេចចិត្តបង្កើតអាវយឺតសម្រាប់គិលានុបដ្ឋាយិកាពាក់ទៅធ្វើការបាន។ លើសពីនោះ Beggs ក៏ថែមទាំងបានធ្វើការស្ទង់មតិនៅលើ Instagram ហើយក៏រកឃើញថា គិលានុបដ្ឋាយិកាជាច្រើន ចង់បានរូបភាពទាក់ទងនឹងវេជ្ជសាស្រ្តនៅលើខ្នងអាវ។ ដូច្នេះហើយម្ចាស់អាជីវកម្មវ័យក្មេងរូបនេះក៏សម្រេចចិត្តបោះពុម្ពអាវ មានរូបភាពវេជ្ជសាស្រ្តទាក់ទាញ។ ហើយគាត់ក៏ដាក់លក់ Stickers រូបវេជ្ជសាស្រ្តបន្ថែមមួយមុខទៀត។
គួរជម្រាបផងដែរថា កញ្ញា Beggs នៅតែបន្តការងារជាគិលានុបដ្ឋាកយិកាផង និងជាម្ចាស់ហាង Etsy ផង។ បន្ថែមពីនោះគាត់ក៏បានអាចរកចំណូលបានពីការធ្វើ Brand Deals ដោយសារតែវីដេអូចែករំលែកគំនិតល្អៗសម្រាប់គិលានុបដ្ឋាកយិកានៅលើ TikTok និងយូធូប របស់គាត់ល្បីមានអ្នកមើលច្រើន ទើបម្ចាស់ទំនិញល្បីៗមួយចំនួនចាប់ដៃគូផ្សព្វផ្សាយជាមួយគាត់៕
 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia