កំពុងប្រជែងនឹង Google! ស្ថាបនិកមួយរូបបង្កើតប្រព័ន្ធ AI NextOCR ដោះស្រាយបញ្ហាឯកសារបុរាណចាស់ៗរបស់ខ្មែរ
Khunna - ឃុនណា
JULY 30 2026
Tech Founder
380 views
3 mins read

នៅក្នុងពិភពបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងរហ័ស ផលិតផលឌីជីថលជាច្រើនដែលជាស្នាដៃរបស់កូនខ្មែរ បាននិងកំពុងបង្ហាញវត្តមានជាបន្តបន្ទាប់ ដែលនេះស្តែងឱ្យឃើញយ៉ាងច្បាស់ពីសមត្ថភាព និងសក្តានុពលដ៏ធំធេងក្នុងវិស័យឌីជីថល ។ ក្នុងអត្ថបទនេះ ក្រុមការងារ ចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីអ្នកជំនាញផ្នែកខ្មែរយូនីកូដមួយរូបគឺ លោក ដាញ់ ហុង (Danh Hong) ដែលជាអ្នកសរសេរកូដ (Programmer) ដ៏មានស្នាដៃមួយរូបមកពីទឹកដីកម្ពុជាក្រោម។

 Photo 2026 07 28 21 53 26

លោក ដាញ់ ហុង បានថ្លែងប្រាប់សារព័ត៌មាន ចាបខៀវ Technology Cambodia ថា លោកជាអ្នកសរសេរកូដ (Programmer) ម្នាក់ដែលកើតនៅទឹកដីកម្ពុជាក្រោម ហើយបានចំណាយពេលជាច្រើនឆ្នាំក្នុងវិស័យបច្ចេកវិទ្យា ។ នៅក្នុងស្នាដៃកន្លងមក លោកបានបង្កើតពុម្ពអក្សរយូនីកូដសម្រាប់គម្រោង Khmer OS នៅកម្ពុជា កាលពីឆ្នាំ ២០០៣ បន្ទាប់មកក៏បានបន្តបង្កើតពុម្ពអក្សរសម្រាប់ក្រុមហ៊ុន Google ព្រមទាំងបានអភិវឌ្ឍកម្មវិធីពិនិត្យអក្ខរាវិរុទ្ធ និងកម្មវិធីជាច្រើនទៀតដែលប្រើប្រាស់បច្ចេកវិទ្យា Machine Learning និង Deep Learning ។ បទពិសោធន៍ទាំងអស់នេះហើយ ដែលបានក្លាយជាគ្រឹះយ៉ាងសំខាន់ក្នុងការឈានទៅបង្កើតគម្រោងថ្មីមួយទៀត គឺប្រព័ន្ធ NextOCR

Screenshot 2026 07 30 132804

NextOCR គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ប្រភេទ Optical Character Recognition (OCR) ដែលមានសមត្ថភាពបម្លែងអក្សរពីរូបភាពទៅជាអត្ថបទឌីជីថលដែលអាចកែសម្រួលបាន ។ ប្រព័ន្ធនេះត្រូវបានចាត់ទុកជាបញ្ញាសិប្បនិម្មិត ដោយសារវាផ្អែកលើគំរូ ដែលបានរៀនពីទិន្នន័យដែលត្រូវបានប្រមូល និងរៀបចំឡើងដោយខ្លួនឯង ។ ចំពោះពាក្យ «Next» គឺមានន័យថា អនាគត ដែលបង្ហាញពីគោលបំណងច្បាស់លាស់ក្នុងការបង្កើតឧបករណ៍មួយដែលអាចប្រើប្រាស់បាននៅពេលបច្ចុប្បន្ន និងអាចអភិវឌ្ឍបន្តសម្រាប់តម្រូវការនាពេលអនាគត ។

Screenshot 2026 07 30 104950

នៅដើមឆ្នាំ ២០២៦ គេហទំព័រ https://nextocr.org ត្រូវបានបង្កើតឡើង ដើម្បីឱ្យអ្នកប្រើប្រាស់អាចបញ្ចូលរូបភាព និងសាកល្បងបម្លែងអក្សរនៅក្នុងរូបភាពទៅជាអត្ថបទបានដោយផ្ទាល់។

ទោះបីជាសព្វថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក ដូចជា Google, Meta, Microsoft និង Huawei បានបង្កើតប្រព័ន្ធ OCR យ៉ាងណាក៏ដោយ ក៏ប្រព័ន្ធទាំងនោះនៅតែមានកម្រិតក្នុងការដោះស្រាយឯកសារភាសាខ្មែរ ជាពិសេសឯកសារដែលមានទម្រង់ចាស់ ឬមានគុណភាពរូបភាពមិនល្អ ដោយពេលខ្លះអាចច្រឡំអក្សរខ្មែរទៅជាអក្សរភាសាផ្សេង ដូចជាអក្សរថៃជាដើម ។ ផ្ទុយទៅវិញ NextOCR កំពុងស្ថិតក្នុងបរិបទប្រកួតប្រជែងជាមួយប្រព័ន្ធអន្តរជាតិទាំងនោះ ដោយសារវាត្រូវបានបណ្តុះបណ្តាលផ្តោតលើទិន្នន័យភាសាខ្មែរ ហើយតាមរយៈការសាកល្បងជាក់ស្តែង វាមានសមត្ថភាពល្អជាងលើឯកសារខ្មែរមួយចំនួន ជាពិសេសសៀវភៅ និងឯកសារបោះពុម្ពចាស់ៗមុនឆ្នាំ ១៩៧៥ ។

Tc Thumbnail   2026 07 30 T104954.160មូលហេតុដែលអ្នកប្រើប្រាស់ជ្រើសរើស NextOCR គឺមិនមែនដោយសារតែមនោសញ្ចេតនាជាតិ ឬការគាំទ្រផលិតផលក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារឯកសាររបស់ពួកគេមានលក្ខណៈពិសេស ដែលប្រព័ន្ធ OCR ទូទៅមិនអាចផ្តល់លទ្ធផលបានត្រឹមត្រូវ ។ ការប្រើប្រាស់ OCR ទូទៅអាចបង្កឱ្យមានកំហុសច្រើន និងត្រូវខាតបង់កម្លាំងមនុស្សកែតម្រូវបន្ថែម ខណៈដែលចំណុចខ្លាំងរបស់ NextOCR គឺអាចបន្តបណ្តុះបណ្តាលម៉ូដែលឱ្យស្គាល់ទម្រង់ឯកសារថ្មីៗបានយ៉ាងឆាប់រហ័ស ដោយក្នុងករណីខ្លះអាចចំណាយពេលត្រឹមតែ ១ ទៅ ២ថ្ងៃប៉ុណ្ណោះ ។

សម្រាប់ទស្សនវិស័យនៅពេលអនាគត លោក ដាញ់ ហុង - Danh Hong នឹងបន្តអភិវឌ្ឍ NextOCR ឱ្យអាចស្គាល់ភាសាផ្សេងៗទៀត ដូចជា ភាសាអង់គ្លេស ភាសាចិន ភាសាវៀតណាម និងភាសាជប៉ុន ជាដើម ។ គម្រោង NextOCR មិនត្រឹមតែមានគោលបំណងដោះស្រាយបញ្ហា OCR សម្រាប់ភាសាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកា AI ដ៏មានសក្តានុពលមួយ ដែលអាចបន្តរៀន និងសម្របខ្លួនទៅតាមតម្រូវការថ្មីៗនៅក្នុងអនាគតយ៉ាងមានប្រសិទ្ធភាព ។

695685941 4535288633406832 4229227999018860565 N

សមិទ្ធផលដ៏ល្អនៃប្រព័ន្ធ
NextOCR របស់ លោក ដាញ់ ហុង មិនត្រឹមតែជាសម្ធិទផលដ៏ល្អសម្រាប់ប្រជាជាតិខ្មែរទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចិត្ត និងជាគំរូដ៏ថ្លៃថ្លាសម្រាប់យុវជនជំនាន់ក្រោយក្នុងការជឿជាក់លើសមត្ថភាពខ្លួនឯង។ វាបានបង្ហាញយ៉ាងច្បាស់ថា ឱ្យតែយើងមានឆន្ទៈមុតមាំ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការប្តេជ្ញាចិត្តពិតប្រាកដ កូនខ្មែរក៏មានសមត្ថភាពពេញលេញក្នុងការបង្កើតបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដែលអាចដោះស្រាយបញ្ហារបស់ជាតិបាន និងមានសមត្ថភាពប្រកួតប្រជែងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិផងដែរ។

បើអ្នកមិនចាប់ផ្តើមធ្វើ តើធ្វើមេចអ្នកអាចដឹងថាសមត្ថភាពខ្លួនឯងខ្លាំងកម្រិតណា!

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia