ល្អណាស់! ស្ថាបនិកខ្មែរមួយរូបមើលឃើញពីចរន្តទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏សម្រេច Startup ក្រុមហ៊ុនទិញលក់ផ្ទះលើឌីជីថល
Khunna - ឃុនណា
JULY 21 2026
Tech Founder
313 views
6 mins read

នៅក្នុងយុគសម័យឌីជីថលដែលបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ច វិស័យបច្ចេកវិទ្យាអចលនទ្រព្យបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទិញ លក់ និងវិនិយោគឱ្យកាន់តែមានតម្លាភាព រហ័ស និងមានសុវត្ថិភាពខ្ពស់ ។ ការបោះជំហានឈានមុខនៃប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យដែលអភិវឌ្ឍឡើងដោយស្នាដៃកូនខ្មែរ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមពិតប្រាកដនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញពីសមត្ថភាព និងសក្តានុពលមិនអាចមើលរំលងបានក្នុងការរុញច្រានសង្គមកម្ពុជាឱ្យចាកផុតពីការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដើម្បីឆ្ពោះទៅកាន់ការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដ៏រឹងមាំ និងមាននិរន្តរភាព ។ 

Real Estate Technology Virtual Interface Property Assessment Smart Home Management 1163725 3849

នៅក្នុងអត្ថបទនេះ Technology Cambodia នឹងនាំអារម្មណ៍អ្នកអានទាំងអស់គ្នាមកស្គាល់ជាមួយនឹងគេហកទំព័របច្ចេកវិទ្យាអចលនទ្រព្យរបស់ខ្មែរគឺ PropertyHub ជាមួយនឹងប្រវត្តិស្ថានិកឆ្នើមដែលជាអ្នកនៅពីក្រោយអាជីវកម្ម Startup នេះផងដែរ។ 

លោក ចំណាន ពន្លឺ - CHOMNAN Punleu មានស្រុកកំណើតនៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន លោកគឺជាស្ថាបនិករួម និងជានាយកបច្ចេកវិទ្យា (CTO) នៅ PropertyHub

Profile (1)

ចំពោះប្រវត្តិសិក្សា និងបទពិសោធន៍ លោកបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំ ២០០៨ ហើយបានចុះឈ្មោះចូលរៀនជំនាញវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) នាឆ្នាំដដែល ។ ប៉ុន្តែបន្ទាប់ពីរៀនបានមួយឆ្នាំ លោកក៏យល់ឃើញថាជំនាញវេជ្ជសាស្ត្រមិនមែនជាវិថីដែលស័ក្តិសមសម្រាប់រូបលោកនោះទេ ដូច្នេះលោកក៏បានសម្រេចចិត្តយ៉ាងលំបាកក្នុងការបោះបង់វាចោល ហើយបានប្តូរទៅរៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ ២០០៩ វិញ។

2014 11

ការបោះបង់ចោលជំនាញវេជ្ជសាស្ត្រ គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងជីវិតរបស់លោក ។ វាបានផ្លាស់ប្តូរផ្នត់គំនិតលោក ដោយលោកដឹងថា លោកត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពលើអ្វីដែលលោកបានជ្រើសរើសបន្ទាប់។ លោកបានខិតខំរៀនសូត្រយ៉ាងខ្លាំង រហូតទទួលបានចំណាត់ថ្នាក់ក្នុងចំណោមសិស្សពូកែ ៣ នាក់ដំបូងគេក្នុងថ្នាក់ និងទទួលបាននិទ្ទេស A នៅក្នុងឆ្នាំទីមួយ ។

2017 08

ផ្អែកលើលទ្ធផលនេះ លោកបានប្រើប្រាស់វាដើម្បីទទួលបានការងារកម្មសិក្សារយៈពេល ៦ ខែ ជាវិស្វករតេស្តកម្មវិធី (Testing Engineer) នៅក្រុមហ៊ុនក្នុងស្រុកមួយ ដែលអភិវឌ្ឍប្រព័ន្ធសូហ្វវែរជូនអតិថិជនសិង្ហបុរី ។ លោកបានបម្រើការងារនៅក្រុមហ៊ុននោះរយៈពេល ៤ ឆ្នាំកន្លះ ដោយបានរីកចម្រើន និងឆ្លងកាត់តួនាទីជាច្រើន រួមមាន៖

  •  វិស្វករតេស្តកម្មវិធី (Testing Engineer)
  • ប្រធានក្រុមតេស្តកម្មវិធី (Lead Tester)
  • អ្នកអភិវឌ្ឍកម្មវិធី (Developer)
  • អ្នកវិភាគប្រព័ន្ធ (System Analyst)
  • ប្រធានក្រុមអភិវឌ្ឍកម្មវិធី (Lead Developer)

លោកបានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីស្វែងរកឱកាសការងារនៅបរទេស ដោយបានចំណាយពេលប្រហែល ២ ឆ្នាំ ធ្វើការនៅប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ក្នុងនាមជាទីប្រឹក្សាសូហ្វវែរ (Software Consultant) ។ បទពិសោធន៍នោះបានធ្វើឱ្យលោកមើលឃើញពីសក្តានុពលដ៏ធំធេងនៃអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ។

Photo 2026 07 21 10 34 27

នៅក្នុងឆ្នាំ ២០១៧ លោកបានសម្រេចចិត្តត្រឡប់មកមាតុភូមិកំណើតវិញ ដើម្បីចូលរួមចំណែកបង្កើតអាជីវកម្ម Startup និងបង្កើតសហគមន៍បច្ចេកវិទ្យាកាន់តែប្រសើរនៅក្នុងប្រទេស ។ តាមរយៈក្រុមហ៊ុនដែលលោកបានធ្វើការផ្ទាល់ លោកបានបង្កើត និងដឹកនាំក្រុមការងារក្នុងការបង្កើតផលិតផលបច្ចេកវិទ្យាជាច្រើនសម្រាប់ Startups រួមមាន កាបូបលុយអេឡិចត្រូនិក (eWallet) និងប្រព័ន្ធទូទាត់ប្រាក់ចល័តដែលអាចប្រើប្រាស់បានទោះគ្មានអ៊ីនធឺណិតជាដើម ។ 

ក្នុងឆ្នាំ ២០២០ លោកបានចូលរួមជាមួយ Startup ឈ្មោះ​ VDEUK ដែលជាបណ្តាញដឹកជញ្ជូនដំណាក់កាលចុងក្រោយ ក្នុងរយៈពេល ១ ឆ្នាំកន្លះ ក្រុមការងាររបស់លោកបានអភិវឌ្ឍប្រព័ន្ធបែងចែកអ្នកដឹកជញ្ជូនដោយស្វ័យប្រវត្តិ ដែលអាចបែងចែកអីវ៉ាន់ចំនួន ៥.០០០ កញ្ចប់ ទៅកាន់អ្នកដឹកជញ្ជូនចំនួន ២០០ នាក់ ដោយគ្រាន់តែចុចប៊ូតុងប៉ុន្មានឃ្លីកប៉ុណ្ណោះ។ បន្ទាប់មក លោកបានចូលរួមជាមួយ Startup មួយទៀតឈ្មោះថា Pointer ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ ។ ក្នុងរយៈពេល ៣ ឆ្នាំ លោកបានបង្កើតឧបករណ៍បច្ចេកវិទ្យាជាច្រើន រួមមាន៖

  • Real Estate Agency Platform ជួយដល់ភ្នាក់ងារ និងក្រុមហ៊ុនអចលនទ្រព្យក្នុងការបំពេញការងារប្រចាំថ្ងៃបានរហ័ស និងងាយស្រួលជាងមុន ។
  • Estate Billing ជួយម្ចាស់បុរី និងខុនដូ ក្នុងការប្រមូលប្រាក់ទូទាត់បានលឿន និងមានសុវត្ថិភាពជាងមុន។
  • Real Estate AI Pricing Model (ឆ្នាំ ២០២៤)៖ សហការជាមួយ Google ដើម្បីបង្កើតប្រព័ន្ធជួយអ្នកប្រើប្រាស់ក្នុងការវាយតម្លៃតម្លៃអចលនទ្រព្យ ព្រមទាំងបានដាក់ឱ្យដំណើរការនូវកម្មវិធីបច្ចេកវិទ្យាជាច្រើនសម្រាប់ B2B និង B2C
  • AgentHub (ឆ្នាំ ២០២៥)៖ ប្រព័ន្ធតភ្ជាប់ភ្នាក់ងារអចលនទ្រព្យទៅវិញទៅមក។ ភ្នាក់ងារដែលមានអចលនទ្រព្យក្នុងដៃ នឹងបង្ហោះព័ត៌មានចូលទៅក្នុងប្រព័ន្ធ ហើយភ្នាក់ងារដែលមានអតិថិជនទិញ នឹងបង្ហោះតម្រូវការរបស់អ្នកទិញ ដើម្បីឱ្យប្រព័ន្ធធ្វើការផ្គូរផ្គងរវាងភាគីទាំងពីរឱ្យអាចទាក់ទងគ្នា និងបិទការលក់បាន (ប្រៀបដូចជាកម្មវិធី Tinder សម្រាប់ភ្នាក់ងារអចលនទ្រព្យ)។

2025 10

តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបម្រើគ្រប់ភាគីនៃវិស័យអចលនទ្រព្យ លោកបានមើលឃើញពីចន្លោះប្រហោងពិតប្រាកដនៅក្នុងទីផ្សារកម្ពុជា ។ គេហទំព័រផ្សព្វផ្សាយទិញលក់ភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យ ដែលទារកម្រៃជើងសារខ្ពស់ខ្លាំងពីអ្នកលក់ ហើយពុំទាន់មានប្រព័ន្ធណាមួយដែលផ្តោតលើការអប់រំ និងផ្តល់ចំណេះដឹងដល់អ្នកទិញ និងអ្នកលក់ ដើម្បីឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តបានល្អប្រសើរជាងមុននោះទេ​។ ហេតុដូចនេះ លោកក៏បានសម្រេចចិត្តបង្កើត PropertyHub ដែលជាប្រព័ន្ធអព្យាក្រឹតមួយ ដោយមិនគិតកម្រៃជើងសារពីអ្នកទិញ ឬអ្នកលក់នោះទេ ។ លោកបានបង្កើតឧបករណ៍បច្ចេកវិទ្យាផ្សេងៗដើម្បីជួយដល់អ្នកទិញ និងអ្នកលក់ក្នុងការសម្រេចចិត្តបានត្រឹមត្រូវ ព្រមទាំងបង្កើតមាតិកាអប់រំអំពីទីផ្សារ និងរបៀបធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ។

PropertyHub មិនត្រូវបានបង្កើតឡើងដើម្បីបម្រើត្រឹមតែទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ។ លោកបានដាក់ទីតាំង PropertyHub ជាប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យរបស់ខ្មែរ ដែលស្រូបទាញ និងបង្ហាញឱ្យឃើញថាកម្ពុជាអាចបង្កើតបច្ចេកវិទ្យាមានន័យប្រយោជន៍សម្រាប់ប្រទេសជាតិបាន ។ ប្រជាជនកម្ពុជាមិនចាំបាច់ពឹងផ្អែកលើបច្ចេកវិទ្យា ឬកម្លាំងពលកម្មបរទេសទាំងស្រុងដើម្បីអភិវឌ្ឍសង្គមនោះទេ ។ ជនជាតិខ្មែរអាចធ្វើការរួមគ្នាដើម្បីកសាងបច្ចេកវិទ្យាដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ហើយថែមទាំងអាចពង្រីកវិសាលភាពទៅកាន់កម្រិតតំបន់បានទៀតផង ។

Photo 2026 07 21 10 53 40

ចំពោះអនុសាសន៍សម្រាប់អ្នកចង់ក្លាយជាស្ថាបនិក (Founder) ក្នុងវិស័យបច្ចេកវិទ្យា លោក ចំណាន ពន្លឺ បានផ្តល់ទស្សនៈថា ដើម្បីក្លាយជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាម្នាក់ ដំបូងឡើយបុគ្គលនោះត្រូវតែជា "អ្នកមានជំនឿចិត្ត" និងជឿជាក់លើខ្លួនឯង ។ វាជារឿងធម្មតាទេប្រសិនបើយើងមិនមែនជាមនុស្សដែលឆ្លាតជាងគេក្នុងបន្ទប់ ឬមិនទាន់មានដៃគូអាជីវកម្មដែលសមស្រប ឬមិនទាន់ដឹងគ្រប់រឿងទាំងអស់នោះ​។

កត្តាចាំបាច់ពិតប្រាកដរួមមាន៖

  • ភាពជាប់លាប់ (Consistency)
  • សមត្ថភាពក្នុងការបត់បែន និងរៀនសូត្រ
  • សមត្ថភាពក្នុងការអនុវត្តផ្ទាល់ (Execution)
  •  ដើមទុនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់អាជីវកម្មឱ្យរស់បានពី ៦ ទៅ ១២ ខែ

គប្បីរៀនសូត្រពីអ្នកដទៃ ស្តាប់រាល់មតិយោបល់ទាំងវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែកុំបណ្តោយឱ្យនរណាម្នាក់មកប្រាប់ថា អ្នកមិនអាចសម្រេចគោលដៅខ្លួនឯងបានឱ្យសោះ ព្រោះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវលើជោគជ័យ និងជោគវាសនារបស់ខ្លួនឯង ។ ត្រូវចែករំលែក និងដាក់ចិត្តដាក់កាយធ្វើវាឱ្យបាន ១៥០% ហើយទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ ចាប់យកវា និងរីករាយជាមួយវា ។

Photo 2026 07 21 10 50 40

ចំពោះគេហកទំព័រ PropertyHub បើនិយាយឲ្យងាយយល់មានន័យថាជា៖

  • ប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យរបស់ខ្មែរ (Real Estate Tech Platform) ជាទីផ្សារទិញលក់អចលនទ្រព្យ (Real Estate Marketplace) ដែលបង្កើតឡើងដោយស្នាដៃអ្នកអភិវឌ្ឍកម្មវិធីជនជាតិខ្មែរ។
  • ប្រព័ន្ធអព្យាក្រឹត មិនគិតកម្រៃជើងសារ ៖ វាត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារ ដោយមិនគិតថ្លៃកម្រៃជើងសារ (Commission Fee) ពីអ្នកទិញ ឬអ្នកលក់នោះទេ។
  • ប្រភពចំណេះដឹង និងឧបករណ៍ជំនួយ ៖ វាផ្តោតលើការផ្តល់មាតិកាអប់រំ ចំណេះដឹងទីផ្សារ និងបង្កើតឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដើម្បីជួយឱ្យអ្នកទិញ និងអ្នកលក់អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ព្រមទាំងធ្វើប្រតិបត្តិការទិញលក់ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
  • ប្រព័ន្ធតភ្ជាប់អេកូឡូស៊ីអចលនទ្រព្យ ៖ វាមានគោលដៅតភ្ជាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន អ្នកទិញ, អ្នកលក់, ភ្នាក់ងារ, ក្រុមហ៊ុនអចលនទ្រព្យ, ក្រុមហ៊ុនអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ឱ្យធ្វើការរួមគ្នាលើប្រព័ន្ធតែមួយ។

Tc Thumbnail   2026 07 21 T104728.284

655947331 122128342131106250 8678890060552267347 N

ចំពោះចក្ខុវិស័យនាអនាគត ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លោកមានគោលដៅដឹកនាំ PropertyHub ឱ្យក្លាយជាប្រព័ន្ធផ្សព្វផ្សាយទិញលក់អចលនទ្រព្យ (Real Estate Marketplace) លេខ ១ នៅក្នុងប្រទេសកម្ពុជា ។

លោកមានផែនការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាផ្ទាល់ខ្លួនជាច្រើន ដែលអភិវឌ្ឍឡើងដោយអ្នកអភិវឌ្ឍកម្មវិធីជនជាតិខ្មែរ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកទាំងមូល រួមមាន៖ អ្នកទិញ, អ្នកលក់, ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនអចលនទ្រព្យ, ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ, គ្រឹះស្ថានហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ។ គោលដៅចម្បងគឺការក្លាយជាប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យដែលទទួលបានការទុកចិត្តបំផុតក្នុងប្រទេស ដែលអាចតភ្ជាប់គ្រប់ភាគីទាំងអស់ឱ្យធ្វើការរួមគ្នា ដើម្បីធ្វើឱ្យការទិញលក់ និងប្រតិបត្តិការអចលនទ្រព្យនៅកម្ពុជាមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។

នៅក្នុងអត្ថបទមួយនេះចង់ផ្តាំផ្ញើទៅកាន់អ្នកអានទាំងឡាយថា៖

វិស័យបច្ចេកវិទ្យានៅកម្ពុជាមានសក្តានុពលដ៏ធំធេង និងបើកចំហសម្រាប់រូបអ្នកក្នុងការរួមចំណែកបង្កើតអ្វីដែលថ្មី ។ ប្រជាជនកម្ពុជាមិនចាំបាច់ពឹងផ្អែកលើបច្ចេកវិទ្យា ឬកម្លាំងពលកម្មបរទេសទាំងស្រុងដើម្បីអភិវឌ្ឍសង្គមជាតិរបស់យើងនោះទេ ។ ស្នាដៃ និងសមត្ថភាពរបស់កូនខ្មែរពិតជាអាចបង្កើតនូវឧបករណ៍បច្ចេកវិទ្យាដែលមានន័យប្រយោជន៍ និងទទួលបានការទុកចិត្តខ្ពស់ ដើម្បីដោះស្រាយបញ្ហាពិតប្រាកដក្នុងទីផ្សារ ហើយថែមទាំងអាចពង្រីកវិសាលភាព និងភាពអស្ចារ្យនេះទៅកាន់កម្រិតតំបន់បានទៀតផង ។

Why Business Leaders Should Prioritize Organic Growth Strategies

ដើម្បីក្លាយជាស្ថាបនិក ឬជោគជ័យលើផ្លូវដែលអ្នកជ្រើសរើស ដំបូងឡើយអ្នកត្រូវតែជា "អ្នកមានជំនឿចិត្ត" និងជឿជាក់លើខ្លួនឯង ។ ទោះបីជាអ្នកមិនមែនជាមនុស្សដែលឆ្លាតជាងគេ ឬមិនទាន់ដឹងគ្រប់រឿងទាំងអស់ក៏ដោយ អ្វីដែលអ្នកត្រូវការពិតប្រាកដគឺភាពជាប់លាប់ សមត្ថភាពក្នុងការបត់បែនរៀនសូត្រ និងការចុះដៃអនុវត្តផ្ទាល់ ។ កុំបណ្តោយឱ្យនរណាម្នាក់ប្រាប់ថាអ្នកមិនអាចសម្រេចគោលដៅបានឱ្យសោះ ព្រោះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវលើជោគជ័យរបស់ខ្លួនឯង ។ ចែករំលែក និងដាក់ចិត្តដាក់កាយធ្វើវាឱ្យបាន ១៥០ភាគរយ ហើយរីករាយជាមួយដំណើរផ្លូវមួយនេះ។ 

 អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia