ឱកាសមាស! កម្មវិធីពន្លឿនអាជីវកម្មឌីជីថលរដូវកាលទី ៥ បើក បញ្ចេញកញ្ចប់ទុនឧបត្ថម្ភ ១២០ លានរៀលសម្រាប់ Startup ឆ្នើម
Sakada Techie
APRIL 1 2026
អាជីវកម្ម 4.0
23 views
2 mins read

វិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មី (Startup) នៅកម្ពុជាកាន់តែមានភាពកក់ក្តៅ និងមានសន្ទុះខ្លាំងឡើង បន្ទាប់ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Startup Center) បានប្រកាសបើកដំណើរការជាផ្លូវការនូវ “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥” (Digital Platform Accelerator - Cohort 5) កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ។

អ្វីដែលកាន់តែពិសេសសម្រាប់រដូវកាលថ្មីនេះ គឺការប្រកាសបញ្ចេញកញ្ចប់ទុនឧបត្ថម្ភដែលមិនយកភាគហ៊ុន (Equity-free Investment) សរុបចំនួន ១២០ លានរៀល ដើម្បីរង់ចាំផ្តល់ជូន Startup ឆ្នើមចំនួន ៥ ដែលនឹងត្រូវជ្រើសរើសនៅចុងបញ្ចប់នៃកម្មវិធី។

នៅក្នុងការបើកដំណើរការនេះ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានឱ្យដឹងថា កម្មវិធីរដូវកាលទី ៥ នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមាន Startup រហូតដល់ ៦៦ បានដាក់ពាក្យស្នើសុំចូលរួម។ ទោះជាយ៉ាងណាក៏ដោយ មានតែធុរកិច្ចថ្មីចំនួន ១២ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរយៈពេល ១៨ សប្តាហ៍

ចំណុចប្លែក និងលើសពីបណ្តាឆ្នាំមុនៗ កម្មវិធីរដូវកាលនេះបានកែសម្រួលវិធីសាស្ត្រគាំទ្រឱ្យកាន់តែស៊ីជម្រៅ ដោយបែងចែក Startup ជា ៣ ក្រុមសំខាន់ៗ៖

  1. ដំណាក់កាលស្វែងយល់

  2. ដំណាក់កាលវាស់ស្ទង់ទីផ្សារ

  3. ដំណាក់កាលពង្រីកទំហំអាជីវកម្ម

ការបែងចែកនេះធ្វើឡើងដើម្បីធានាថា រាល់ការណែនាំពីអ្នកជំនាញ ការកំណត់យុទ្ធសាស្ត្រទីផ្សារ និងការត្រៀមខ្លួនកៀរគរទុន គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដែល Startup នីមួយៗកំពុងជួបប្រទះ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី ក៏បានគូសរំលេចនូវតួលេខដ៏ជោគជ័យនៃកម្មវិធីកន្លងមកថា៖

  • បានគាំទ្រធុរកិច្ចថ្មីសរុបចំនួន ៨១

  • ៦៣% (ស្មើនឹង ៥១ ក្រុមហ៊ុន) នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងទីផ្សារ។

  • ធុរកិច្ចថ្មីចំនួន ១៧ អាចកៀរគរទុនវិនិយោគបន្ថែមពីប្រភពផ្សេងៗបានដោយជោគជ័យ។

  • បានផ្តល់ទុនវិនិយោគមិនយកភាគហ៊ុនសរុបប្រមាណ ៣២០,០០០ ដុល្លារ រួចមកហើយ។

កម្មវិធីនេះទទួលបានការឧបត្ថម្ភធំពី ធនាគារ ABA និងកិច្ចសហការពី សហគ្រិនខ្មែរ (Khmer Enterprise) រួមជាមួយដៃគូអភិវឌ្ឍន៍ និងវិនិយោគិនជាច្រើនទៀត។ គោលដៅធំបំផុត គឺមិនត្រឹមតែបង្កើតនវានុវត្តន៍សម្រាប់ទីផ្សារថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺការធ្វើទំនើបកម្មលើវិស័យប្រពៃណី និងដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យា។

លើសពីនេះ រាជរដ្ឋាភិបាលក៏គ្រោងនឹងផ្សព្វផ្សាយជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី” នៅក្នុងឆ្នាំនេះផងដែរ ដែលនឹងផ្តោតលើការសម្របសម្រួលច្បាប់ ហិរញ្ញប្បទាន និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia