ក្តៅៗ! AI នឹងត្រូវប្តូរឈ្មោះថ្មី ខណៈប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ឈ្មោះថ្មីឱ្យហៅបែបនេះវិញ
Khunna - ឃុនណា
•
SEPTEMBER 30 2026
•
នវានុវត្តន៍
•
5.1 K views
•
3 mins read
•

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ - Donald J. Trump បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីថ្មីមួយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានចំណងជើងថា “Inaugurating the Era of Super Intelligence”។ បទបញ្ជានេះមានគោលបំណងឱ្យសាខាប្រតិបត្តិរបស់រដ្ឋាភិបាលអាមេរិក ប្តូរការប្រើពាក្យ “Artificial Intelligence (AI)” ទៅជា “Super Intelligence (SI)” នៅក្នុងការទំនាក់ទំនង និងឯកសារផ្លូវការ នេះបើយោងតាមការចុះផ្សាយរបស់ The white House។

W7 Q I2 C N4 P5 J H7 Gqhcehp Q6 L3 Me

តាមបទបញ្ជា រដ្ឋបាល Trump លើកឡើងថា បច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន មានសមត្ថភាពលើសពីការធ្វើត្រាប់តាម ឬស្វ័យប្រវត្តិកម្មការងារដែលមនុស្សធ្លាប់ធ្វើ ហើយអាចជួយពង្រីកសមត្ថភាពមនុស្សក្នុងវិស័យដូចជា វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងការច្នៃប្រឌិត។ ដូច្នេះ រដ្ឋបាលបានចាត់ទុកពាក្យ “Super Intelligence” ថា អាចឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់បច្ចេកវិទ្យាទាំងនេះបានកាន់តែសមស្រប។

ក្រោមបទបញ្ជាថ្មីនេះ ក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ ត្រូវប្រើពាក្យ Super Intelligence និង SI ជំនួស Artificial Intelligence និង AI នៅក្នុងលិខិតផ្លូវការ ការផ្សព្វផ្សាយសាធារណៈ គេហទំព័រ របាយការណ៍ ឯកសារគោលនយោបាយ និងឯកសារមិនមែនជាច្បាប់ផ្សេងៗរបស់សាខាប្រតិបត្តិ។ ទោះជាយ៉ាងណា បទបញ្ជានេះ មិនតម្រូវឱ្យកែប្រែឯកសារដែលបានចេញរួច ដូចជា បទប្បញ្ញត្តិ កិច្ចសន្យា ជំនួយឥតសំណង ឬឯកសារប្រវត្តិសាស្ត្រឡើយ។

829660679 1815104373000838 2801048954262428690 N

ចំណុចសំខាន់មួយទៀត គឺបទបញ្ជានេះមិនបានបង្កើតបច្ចេកវិទ្យាប្រភេទថ្មីមួយដោយឡែកពី AI ទេ។ សម្រាប់ការអនុវត្តដំបូង “Super Intelligence” និង “SI” ត្រូវបានកំណត់ឱ្យមានន័យដូចនឹងបច្ចេកវិទ្យាដែលស្ថិតក្រោមនិយមន័យ “Artificial Intelligence” ក្នុងច្បាប់សហព័ន្ធអាមេរិក តាមមាត្រា 9401(3) នៃ Title 15។ និយាយឱ្យសាមញ្ញ គឺការប្តូរឈ្មោះជាចម្បង ខណៈនិយមន័យផ្លូវច្បាប់ដែលមានស្រាប់នៅតែត្រូវបានយកមកប្រើដដែល។ 

ជាមួយគ្នានេះ បទបញ្ជាបានផ្តល់ពេល ៦០ ថ្ងៃ ឱ្យ Assistant to the President for Science and Technology រៀបចំសំណើច្បាប់សម្រាប់បង្កើតនិយមន័យសហព័ន្ធផ្លូវការរបស់ពាក្យ “Super Intelligence” និង “SI” និងពិនិត្យថាតើច្បាប់ដែលមានស្រាប់ត្រូវកែប្រែយ៉ាងដូចម្តេច។ ដូច្នេះ គិតត្រឹមការចុះហត្ថលេខានៅថ្ងៃទី ២៩ កញ្ញា ២០២៦ វាជាការផ្លាស់ប្តូរពាក្យប្រើប្រាស់ក្នុងសាខាប្រតិបត្តិជាចម្បង មិនមែនជាការលុបចោលពាក្យ “Artificial Intelligence” ចេញពីច្បាប់អាមេរិកទាំងមូលភ្លាមៗនោះទេ។ 

គួរបញ្ជាក់ថា ការប្តូរពាក្យពី Artificial Intelligence (AI) ទៅជា Super Intelligence (SI) តាមបទបញ្ជារបស់លោក Donald Trump គឺអនុវត្តចំពោះ ស្ថាប័នក្នុងសាខាប្រតិបត្តិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាចម្បងប៉ុណ្ណោះ។ វា មិនមែនមានន័យថា AI ត្រូវបានប្តូរឈ្មោះជាផ្លូវការទូទាំងពិភពលោក ឬបង្ខំឱ្យក្រុមហ៊ុន និងប្រទេសផ្សេងៗឈប់ប្រើពាក្យ AI នោះទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia