បច្ចុប្បន្ន មិនថាម្ចាស់អាជីវកម្ម ឬបុគ្គលិកការិយាល័យទេ ភាគច្រើនសុទ្ធតែពឹងផ្អែកលើ ChatGPT ឬ Gemini ដើម្បីជួយសម្រាលការងារប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលដែលត្រូវការវិភាគទិន្នន័យអាជីវកម្មស្មុគស្មាញ ឬទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុន AI ទូទៅទាំងនោះ នៅមានកម្រិត និងអាចធ្វើឱ្យអ្នកបារម្ភពីសុវត្ថិភាពព័ត៌មាន។ ដោយមើលឃើញពីបញ្ហានេះ ក្រុមការងារខ្មែរមួយក្រុមបានបង្កើតកម្មវិធីវិភាគទិន្នន័យជំនាញមួយឡើង ដែលងាយស្រួលប្រើ និងឆ្លើយតបចំតម្រូវការជាក់ស្តែង។

ក្នុងអត្ថបទនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់នូវកម្មវិធី AICSER ជារបស់កូនខ្មែរ ស្នាដៃខ្មែរ។ នេះបើយោងតាមការសម្ភាសន៍ផ្ទាល់រវាង Technology Cambodia និង ក្រុមហ៊ុន Dataticon ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ បានឲ្យដឹងថា AICSER គឺជាប្រព័ន្ធវិភាគទិន្នន័យឆ្លាតវៃបើកចំហកូដ ប្រភេទ Chat2Chart ដែលអភិវឌ្ឍដោយក្រុមហ៊ុន Dataticon។ អ្នកប្រើប្រាស់គ្រាន់តែសួរសំណួរជាភាសាសាមញ្ញ នោះប្រព័ន្ធនឹងបង្កើតតារាង ក្រាហ្វិក និងផ្ទាំងបង្ហាញទិន្នន័យភ្លាមៗ។ ក្រុមការងារអាចរក្សាទុក និងចែករំលែកផ្ទាំងទិន្នន័យទាំងនេះ ដោយមានការកំណត់សិទ្ធិប្រើប្រាស់តាមតួនាទីយ៉ាងច្បាស់លាស់។

ជាមួយ AICSER អ្នកគ្រាន់តែវាយសំណួរ «តើសាខាណាលក់ដាច់ជាងគេខែនេះ ហើយកើនឡើងប៉ុន្មានភាគរយធៀបនឹងខែមុន?»។ ប្រព័ន្ធនឹងផ្តល់ចម្លើយ ក្រាហ្វិក និងរបាយការណ៍ដែលរួចរាល់សម្រាប់បង្ហាញ។ រាល់ចម្លើយទាំងអស់សុទ្ធតែបង្ហាញកូដទាញទិន្នន័យនៅពីក្រោយ ដើម្បីឱ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានគ្រប់ពេល។ ដោយសារជាប្រព័ន្ធបើកចំហកូដ អ្នកជំនាញអាចត្រួតពិនិត្យកូដដោយផ្ទាល់ ហើយស្ថាប័នក៏អាចដំឡើងប្រព័ន្ធលើម៉ាស៊ីនមេផ្ទាល់ខ្លួនបានដែរ។ កម្មវិធីនេះគាំទ្រភាសាខ្មែរ មានទិន្នន័យគំរូវិស័យធនាគារសម្រាប់កម្ពុជា និងអាស៊ីអាគ្នេយ៍ ព្រមទាំងមានកម្មវិធីកុំព្យូទ័រឥតគិតថ្លៃសម្រាប់ Windows និង Linux ខណៈ macOS នឹងមកដល់ឆាប់ៗនេះ។
លោក វ័រ សុខណា ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Dataticon មានប្រសាសន៍ថា៖ «យើងធ្លាប់ឃើញបុគ្គលិកចំណាយពេលរាប់ម៉ោងរាល់ចុងខែ ដើម្បីរៀបចំរបាយការណ៍ ហើយក៏ឃើញអ្នកខ្លះបិទភ្ជាប់ទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុនទៅក្នុងសេវាកម្ម AI អនឡាញ ដោយមិនដឹងថាវាទៅដល់ណា។ AICSER ដោះស្រាយបញ្ហាទាំងពីរនេះ៖ ការងារលឿនជាងមុន ហើយទិន្នន័យនៅតែជារបស់អ្នក។ យើងមានមោទនភាពដែលវាត្រូវបានបង្កើតឡើងនៅកម្ពុជា។»

កម្មវិធីកុំព្យូទ័រ AICSER ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ ស្ថាប័នដែលត្រូវការចែករំលែករបាយការណ៍ជាក្រុម កំណត់សិទ្ធិប្រើប្រាស់ ឬដំឡើងលើម៉ាស៊ីនមេផ្ទាល់ខ្លួន អាចសាកល្បងកញ្ចប់សហគ្រាសដោយឥតគិតថ្លៃរយៈពេល ១៤ ថ្ងៃ។
ជាសមិទ្ធផលដ៏ល្អមួយ AICSER របស់ Dataticon បានជាប់ជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតប្រជែង FrancoTech 2026 និងត្រូវបានដាក់តាំងបង្ហាញនៅស្តង់ Dataticon ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា នៅកោះពេជ្រ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ សម្រាប់បុគ្គលទូទៅ សិស្សនិស្សិត និងអ្នកអភិវឌ្ឍន៍កម្មវិធី អាចចាប់ផ្តើមប្រើប្រាស់សេវាកម្មអនឡាញដោយឥតគិតថ្លៃនៅគេហទំព័រ app.aicser.com និងអានឯកសារណែនាំនៅ docs.aicser.com ។ លោកអ្នកក៏អាចចូលទៅចុចផ្កាយ (Star) លើគេហទំព័រ github.com/Aicser-Platform/aicser ដើម្បីគាំទ្រគម្រោងបើកចំហកូដមួយនេះផងដែរ។
ចំណែកធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទូរគមនាគមន៍ អាចស្នើសុំសាកល្បងកញ្ចប់សហគ្រាសរយៈពេល ១៤ ថ្ងៃ ឬស្នើសុំបទបង្ហាញផ្ទាល់បាន។ ដូចគ្នានេះដែរ មជ្ឈមណ្ឌលទិន្នន័យ និងអង្គការក្រៅរដ្ឋាភិបាល អាចទាក់ទងមកកាន់អ៊ីមែល [email protected] ឬចូលទៅកាន់គេហទំព័រ aicser.com ដើម្បីទទួលបានព័ត៌មានបន្ថែម។

អំពី AICSER
AICSER គឺជាប្រព័ន្ធវិភាគទិន្នន័យដោយ AI ដែលបង្កើតឡើងនៅកម្ពុជា។ ប្រព័ន្ធនេះកើតចេញពីបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាផ្នែកទិន្នន័យ និង AI របស់ក្រុមការងារ Dataticon ចាប់តាំងពីឆ្នាំ២០១៧ ជាមួយធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (FMCG) អង្គការក្រៅរដ្ឋាភិបាល និងសហគ្រាសធុនតូច និងមធ្យម។ ក្រុមការងារនេះក៏បានបង្កើតសាលាបណ្តុះបណ្តាល DataU Academy ដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកទិន្នន័យ និងឌីជីថល ដែលបានទទួលពានរង្វាន់ Best Social Innovation Technology នៅកម្មវិធី Cambodia ICT Awards 2020។

