កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនកំពូលបច្ចេកវិទ្យា Apple បានធ្វើឱ្យអ្នកប្រើប្រាស់ផ្ទុះការចាប់អារម្មណ៍ជាថ្មី ដោយការបញ្ចេញនូវ AirPods Pro3 ដែលមិនត្រឹមតែមានការកែសម្លេងឱ្យល្អជាងស៊េរីចាស់ទេ ប៉ុន្តែវាក៏បានភ្ជាប់មកជាមួយនឹងមុខងារថ្មីដ៏អស្ចារ្យមួយមិនធ្លាប់មានពីមុនមកនោះគឺ ការបកប្រែភាសាដោយស្វ័យប្រវត្តិ (ឬហៅថា Real-time Translation)។
វាជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះនេះគឺជា “ការបញ្ចូលគ្នារវាងបច្ចេកវិទ្យា AI និងឧបករណ៍អេកូស៊ីស្ទឹមរបស់ Apple” ដែលមានន័យថា AirPods Pro3 មិនមែនធ្វើការដោយខ្លួនឯងទេ វាភ្ជាប់ជាមួយឧបករណ៍ផ្សេងៗក្នុងបណ្តាញផលិតផល Apple (ecosystem) ដូចជា iPhone, iPad, MacBook, Apple Watch ហើយមាន AI ជួយដំណើរការមុខងារទាំងនោះឱ្យឆ្លាតវៃជាងមុន។
ហើយចុះតើមុខងារបកប្រែដោយស្វ័យប្រវត្តិ ឬ Real-time Translation វាដំណើរការដោយរបៀបណា? តើដំណើរការជាមួយភាសាអ្វីខ្លះ? មានភាសាខ្មែរដែរឬទេ? តស់ឥឡូវ យើងទៅស្រាយចម្ងល់ទាំងអស់ហ្នឹងជាមួយគ្នា៖
Real-time translation គឺជាផ្នែកមួយនៃ Apple Intelligence ថ្មី ហើយមុខងារនេះអាចឱ្យអ្នកប្រើប្រាស់ ស្ដាប់ការបកប្រែភាសាជាសម្លេង នៅពេលដែលនិយាយជាមួយសាសន៍ដទៃ។ របៀបដែលវាដំណើរការគឺ:
-នៅពេលដែលមានអ្នកណាម្នាក់និយាយភាសាដែលអ្នកមិនយល់ អេក្រង់ iPhone ឬ iPad នឹងប្រើAI Speech Recognition + Translation engine ដើម្បីបម្លែងសំឡេងទៅជាអត្ថបទ ហើយបកប្រែភាសាភ្លាមៗ ហើយ AirPods Pro 3 នឹងអានជាសម្លេងឱ្យអ្នកស្ដាប់តែម្ដង។
-ហើយវាធ្វើការក្នុងពេល real-time ដែលមានន័យថាវារហ័ស ប្រៀបដូចជាការជជែកគ្នាធម្មតា។
-គួរបញ្ជាក់ថា មុខងារនេះដែរគឺដំណើរការជាមួយនឹង iOS 18 ឬ iPadOS 18 ឡើងទៅតែប៉ុណ្ណោះ។
បើតាមប្រភពពី Apple ផ្ទាល់បានឱ្យដឹងបន្ថែមទៀតថា មុខងារថ្មីនេះមានគាំទ្រភាសាមួយចំនួនដូចជា អង់គ្លេស ដែលជាភាសាដើម (UK & US) , បារាំង , អាឡឺម៉ង់ , ព័រទុយហ្គាល់ (Brazil) និង អេស្បាញ។ Apple ក៏បានបង្ហើបដែរថា នៅពេល១ឆ្នាំខាងមុខ គេអាចនឹងបន្ថែមភាសាថ្មីៗមួយចំនួនទៀតដូចជា អ៊ីតាលី , ជប៉ុន ,កូរ៉េ និងចិន។
បច្ចុប្បន្ននេះ ភាសាខ្មែរ មិនទាន់មានក្នុងបញ្ជីភាសាដែល Apple គាំទ្រ សម្រាប់ Live Translationនៅលើ AirPods Pro 3 នោះទេ។ ជំហានដំបូងគេតែងត្រូវបញ្ចូលភាសាធំៗដូចជា (អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ ប្រេស៊ីល ជាដើម) ហើយជាធម្មតា Apple មានទម្លាប់ បន្ថែមភាសាថ្មីៗជាបន្តបន្ទាប់ តាមតំបន់ ណាដែលមានអ្នកប្រើប្រាស់ច្រើនតែប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មុខងារ Real-time translation ថ្មីមួយនេះ ផ្ដល់ប្រយោជន៍ជាខ្លាំងនិងល្អបំផុតសម្រាប់ ការប្រើប្រាស់ប្រចាំថ្ងៃ ឬអ្នកដែលចូលចិត្តធ្វើដំណើរតាមប្រទេសផ្សេងៗ វាងាយស្រួលសួរទីតាំង ឬទិញអីវ៉ាន់ ហើយក៏អាចជួយដល់សិស្សនិស្សិតដែលនិយមសិក្សាស្រាវជ្រាវ ឬរៀនភាសាថ្មីៗផងដែរ។
ក្រៅពីមុខងារថ្មីប្លែកមួយនេះ AirPods Pro 3 ក៏ត្រូវបានក្រុមហ៊ុន Apple ផ្ដល់មកជាមួយនឹងលក្ខណៈពិសេសមួយចំនួនទៀតដូចជា៖
ទី១-Active Noise Cancellation (ANC)៖ ANC ធ្វើការ “ទប់សម្លេងខាងក្រៅបានល្អជាងមុន”។ Apple ថា ANC ថ្មីនេះមានប្រសិទ្ធភាពប្រហែល 2 ដង បើធៀបនឹង AirPods Pro 2។ ជាមួយនឹង ការរចនាថ្មី និងការប្រើប្រាស់ ear tips ដែលមានសារធាតុបន្ថែម (foam-infused) ជួយឃ្លាសម្លេងរំខានបានល្អ ធ្វើឱ្យស្រួលស្ដាប់ខ្លាំង។
ទី២-ការតាមដានបេះដូង និងសុខភាព៖ AirPods Pro 3 មានឧបករណ៍តាមដានបេះដូងដែលប្រើប្រាស់បច្ចេកវិទ្យា photoplethysmography (PPG) ដើម្បីវាស់បេះដូង និងកំណត់កម្រិតកាឡូរីដែលបានចំណាយ។ អ្វីដែលសំខាន់ ព័ត៌មានសុខភាពនេះ វានឹងបញ្ជូនទៅកាន់កម្មវិធី Fitness នៅលើ iPhone ដោយផ្ទាល់ ដោយមិនត្រូវការឧបករណ៍ Apple Watch ឡើយ៕