ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងពិភពហិរញ្ញវត្ថុ ដោយបានដណ្តើមយកតំណែងជា «ក្រុមហ៊ុនដែលមានតម្លៃទីផ្សារថ្លៃបំផុតក្នុងលោក» ត្រឡប់មកវិញ។ ការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃតម្លៃហ៊ុនរបស់ Apple បានធ្វើឱ្យក្រុមហ៊ុននេះផ្លោះ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI ដ៏ធំមួយ ដែលធ្លាប់បានកាន់កាប់តំណែងកំពូលនេះមួយរយៈខ្លីកន្លងមក។

ការផ្លាស់ប្តូរតំណែងជើងឯកផ្នែកបច្ចេកវិទ្យានេះ បានស្តែងឱ្យឃើញពីការប្រែប្រួលទិសដៅនៃការវិនិយោគលើវិស័យ AI ពិភពលោក។ ប្រសិនបើកាលពីមុន អ្នកវិនិយោគភាគច្រើនសម្រុកបោះទុនទៅលើក្រុមហ៊ុនផលិត Hardware និងបន្ទះឈីបដូចជា Nvidia នោះ ឥឡូវនេះទីផ្សារបានចាប់ផ្តើមបង្វែរអារម្មណ៍មកមើលក្រុមហ៊ុនដែលអាចទាញយកប្រាក់ចំណេញផ្ទាល់ពីអ្នកប្រើប្រាស់ចុងក្រោយ តាមរយៈការដាក់បញ្ចូល AI ទៅក្នុងឧបករណ៍ប្រចាំថ្ងៃវិញ។
កត្តាដែលជំរុញឱ្យ Apple ទទួលបានទំនុកចិត្តឡើងវិញពីសំណាក់វិនិយោគិន គឺយុទ្ធសាស្ត្រ «Apple Intelligence»។ ថ្វីត្បិតតែ Apple មិនបានចំណាយលុយវាល់លានដុល្លារដើម្បីបង្កើត Model AI ធំៗដោយខ្លួនឯងពីបាតដៃទទេដូចក្រុមហ៊ុនដទៃក៏ដោយ ប៉ុន្តែ Apple មានចំណុចខ្លាំងមួយដែលគ្មាននរណាដូច នោះគឺប្រព័ន្ធអេកូឡូស៊ី និងអ្នកប្រើប្រាស់ឧបករណ៍ (iPhones, iPads, និង Macs) រាប់ពាន់លានគ្រឿងជុំវិញពិភពលោក។

ការដាក់បញ្ចូលមុខងារ AI ទៅក្នុងឧបករណ៍ដែលមនុស្សរាប់លាននាក់កំពុងកាន់នៅក្នុងដៃស្រាប់ ត្រូវបានគេមើលឃើញថានឹងបង្កើតឱ្យមានរលកនៃការផ្លាស់ប្តូរទូរស័ព្ទ និងឧបករណ៍ថ្មីៗដ៏ធំសម្បើម។ នេះជាប្រភពចំណូលដ៏រឹងមាំ និងមានស្ថិរភាពដែលធ្វើឱ្យអ្នកវិនិយោគជឿជាក់ថា Apple នឹងនៅតែជាអ្នកប្រមូលផលប្រយោជន៍ធំបំផុតមួយពីបដិវត្តន៍ AI នេះ។
គូសបញ្ជាក់ផងដែរថា ការឡើងមកកាន់កាប់តំណែងលេខ១ សារជាថ្មីរបស់ Apple មិនត្រឹមតែបង្ហាញពីភាពរឹងមាំនៃម៉ាកសញ្ញារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមបច្ចេកវិទ្យា AI បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀតហើយ។ នោះគឺដំណាក់កាលនៃការប្រកួតប្រជែងលើ «បទពិសោធន៍របស់អ្នកប្រើប្រាស់ពិតប្រាកដ» ជាជាងការប្រកួតប្រជែងតែលើកម្លាំងស្រាវជ្រាវ និងការផលិតបន្ទះឈីបតែមួយមុខ។
