បញ្ហាកង្វះខាត និងការចំណាយពេលរង់ចាំគ្រឿងបន្លាស់យូរក្រោយពេលរថយន្តមានបញ្ហា គឺជាក្តីកង្វល់ និងជាចំណុចដ៏ឈឺក្បាលបំផុតមួយ របស់ម្ចាស់រថយន្តទូទៅ ដែលតែងតែធ្វើឲ្យខាតបង់ទាំងពេលវេលា និងរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃ។ ដើម្បីឆ្លើយតប និងលុបបំបាត់បញ្ហាដ៏រ៉ាំរ៉ៃមួយនេះទាំងស្រុង ក្រុមហ៊ុន BYD Cambodia បានប្រកាសជាផ្លូវការនូវគម្រោងបោះទុនរាប់លានដុល្លារ សាងសង់ «មជ្ឈមណ្ឌលឃ្លាំងស្តុកគ្រឿងបន្លាស់» ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

យោងតាមការប្រកាសផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ BYD Cambodia កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននឹងបោះទុនវិនិយោគសរុបចំនួន ៦លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលស្តុកគ្រឿងបន្លាស់នេះឡើង ដែលមានផ្ទៃដីធំទូលាយរហូតដល់ទៅជាង ៥,០០០ ម៉ែត្រការ៉េ។ គម្រោងដ៏មានសារៈសំខាន់នេះ គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ នេះតែម្តង។
នៅពេលដែលមជ្ឈមណ្ឌលឃ្លាំងស្តុកគ្រឿងបន្លាស់នេះលេចចេញជារូបរាង ក្រុមហ៊ុនបានអះអាងថានឹងមានសមត្ថភាពអាចផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តបានក្នុងអត្រាស្ថិរភាពរហូតដល់ទៅ ៩៩%។ អ្វីដែលកាន់តែពិសេសនោះ គឺល្បឿននៃការឆ្លើយតប និងដឹកជញ្ជូន ដែលត្រូវបានបែងចែកជាពីរគោលដៅធំៗ៖
តំបន់រាជធានីភ្នំពេញ៖ គ្រឿងបន្លាស់នឹងត្រូវដឹកបញ្ជូនដល់កន្លែង ក្នុងរយៈពេលត្រឹមតែ ១.៥ ម៉ោង ប៉ុណ្ណោះ។
បណ្តាខេត្តនានា៖ រាល់ការបញ្ជាទិញពីតាមបណ្តាខេត្ត គ្រឿងបន្លាស់នឹងត្រូវដឹកជញ្ជូនទៅដល់ក្នុង ថ្ងៃតែមួយ។
ការបោះជំហានវិនិយោគបន្ថែមយ៉ាងធំដុំរបស់ BYD Cambodia នាពេលនេះ គឺធ្វើឡើងក្នុងគោលដៅចម្បងដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជនឲ្យនៅតិចបំផុត និងដោះស្រាយរាល់កង្វល់របស់ម្ចាស់រថយន្តក្រោយពេលលក់។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថា រាល់ការធ្វើដំណើររបស់អតិថិជន BYD ទាំងអស់នឹងប្រកបដោយភាពកក់ក្តៅ និងងាយស្រួលជានិច្ច៕ 
