ដំណឹងល្អ! កម្ពុជាចាប់ផ្តើមសាកល្បង ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបែបឌីជីថល នៅសង្កាត់ទាំង១៥ ក្នុងក្រុងភ្នំពេញ
ផែន ផាន់ណា
APRIL 9 2026
នវានុវត្តន៍
294 views
1 min read

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបោះជំហានថ្មីមួយទៀតក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ ដោយបានប្រកាសដាក់ឱ្យដំណើរការសាកល្បងនូវ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅកាត់ថា CRS (Civil Registration System)។

ការសាកល្បងជំហានដំបូងនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ដោយកំពុងអនុវត្តនៅតាមសង្កាត់ចំនួន ១៥ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។ គោលបំណងសំខាន់នៃការតេស្តសាកល្បងនេះ គឺដើម្បីវាយតម្លៃចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតនានារបស់ប្រព័ន្ធ មុននឹងឈានទៅពង្រីកការប្រើប្រាស់នៅគ្រប់សង្កាត់ទាំងអស់ទូទាំងរាជធានីភ្នំពេញ ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២៦ នេះ។

Medium Moi 20241019090133 W77 DB Ly F Mk Vh

ការផ្លាស់ប្តូរពីទម្លាប់នៃការចុះបញ្ជីដោយដៃ មកប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ គឺជាការអនុវត្តស្របទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលនឹងជួយសម្រួលដល់ប្រជាពលរដ្ឋយ៉ាងច្រើន តាមរយៈការផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា៖

  • ចំណេញពេលវេលា និងរហ័សជាងមុន៖ ជួយពន្លឿនការចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ។

  • ទិន្នន័យមានភាពសុក្រឹត្យខ្ពស់៖ ធានាបាននូវភាពត្រឹមត្រូវ និងគុណភាពទិន្នន័យ ដោយកាត់បន្ថយកំហុសឆ្គងដែលអាចកើតមានពីការសរសេរដោយដៃ។

  • ទទួលបានឯកសារមានគុណភាពខ្ពស់៖ ប្រជាពលរដ្ឋនឹងទទួលបានសំបុត្រអត្រានុកូលដ្ឋានគំរូថ្មី ដែលបោះពុម្ពលើប្រភេទក្រដាសមានគុណភាព និងមានកម្រិតសុវត្ថិភាពខ្ពស់ជាងមុន។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ CRS នេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ទំនើប និងខិតជិតប្រជាពលរដ្ឋក្នុងយុគសម័យបច្ចេកវិទ្យា។
666473760 1248468860791469 9109476705859821702 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia