ពូកែណាស់! ពីសិស្សរៀននៅអាមេរិក មកជាអ្នកបង្កើតកម្មវិធី Brachum ដែលជាជំនួយការប្រជុំដំបូងគេនៅកម្ពុជា
Khunna - ឃុនណា
SEPTEMBER 2 2026
Tech Founder
461 views
7 mins read

នៅក្នុងយុគសម័យនៃការប្រែប្រួលឌីជីថលយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្លាប់ធ្វើការងារ និងបង្កើនផលិតភាពប្រចាំថ្ងៃរបស់មនុស្សជុំវិញពិភពលោក។ ដើម្បីយល់កាន់តែច្បាស់អំពីឱកាស បញ្ហាប្រឈម និងការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេសកម្ពុជា ដូច្នេះ Technology Cambodia - ចាបខៀវ នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីដំណើរជីវៈប្រវត្តិរបស់លោក ខូវ ទី វិកទ័រ - Khov Ty Victor ស្ថាបនិករួម នៃកម្មវិធី Brachum ដែលជាកម្មវិធីជំនួយការប្រជុំដើរដោយ AI ដំបូងគេសម្រាប់ភាសាខ្មែរ។

Launch Home Kh 940

លោក ខូវ ទី វិកទ័រ - Khov Ty Victor មានអាយុ ២៧ ឆ្នាំ។ លោកកើតនៅរាជធានីភ្នំពេញ និងបានចំណាយពេលពាក់កណ្តាលជីវិតរស់នៅសហរដ្ឋអាមេរិក ដោយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យនៅទីនោះ ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ២០២១។ លោកជាស្ថាបនិករួម (Co-founder) នៃ Brachum ដែលជាកម្មវិធីជំនួយការប្រជុំដើរដោយ AI បង្កើតឡើងសម្រាប់ភាសាខ្មែរ និងអង់គ្លេស ដែលលោកបានចាប់ផ្តើមបង្កើតឡើងជាមួយដៃគូរួមបង្កើតគឺលោក ប៉ែន ពេជ្រពន្លឺ - Pen Pichponleur ។ បន្ថែមពីលើការអភិវឌ្ឍ Brachum បច្ចុប្បន្នលោកក៏កំពុងបម្រើការងារជាអ្នកគ្រប់គ្រងបច្ចេកទេស (Technical Manager) នៅក្រុមហ៊ុន Dhinimex ផងដែរ។

Photo 2026 08 31 13 44 27

 ចំពោះប្រវត្តិសិក្សា បទពិសោធន៍ការងារ លោកបានដើរលើផ្លូវពីរគឺ ការសិក្សាផ្លូវការ និងការស្វ័យសិក្សា (រៀនដោយខ្លួនឯង)។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម (Computer Science and Engineering) នៅសាកលវិទ្យាល័យ Connecticut (UConn) ហើយក្រោយមកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលលោកប្រកបការងាររាល់ថ្ងៃភាគច្រើន គឺបានមកពីការស្វ័យសិក្សាបន្ថែមខ្លួនឯង។

ផ្នែកបទពិសោធន៍ការងារ លោកបានចំណាយពេលជាង ៤ ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៥) ជាវិស្វករសូហ្វវែរជាន់ខ្ពស់ (Senior Software Engineer) នៅក្រុមហ៊ុនធានារ៉ាប់រង Forte Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតមួយនៅកម្ពុជា។ ទីនោះហើយជាកន្លែងដែលលោកបានជួបដៃគូរួមបង្កើតរបស់លោក។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មក លោកបានផ្លាស់មកធ្វើជា Technical Manager នៅក្រុមហ៊ុន Dhinimex

Photo 2026 09 02 12 36 05

នៅ Forte លោកមានមោទនភាពចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ Cloud របស់ក្រុមហ៊ុនចាប់ពីបាតដៃទទេ និងការបង្កើតផលិតផលបច្ចេកវិទ្យាជាច្រើនដូចជា៖ កម្មវិធីទូរស័ព្ទ (Mobile Apps), Web Apps, Data Warehouse, និងប្រព័ន្ធគ្រប់គ្រងឯកសារ (Document Management System) ព្រមទាំងគម្រោងផ្សេងៗទៀត។ ការធ្វើការក្នុងស្ថាប័នធំដែលមានស្តង់ដារខ្ពស់ បានបង្រៀនលោកពីរបៀបបង្កើតបច្ចេកវិទ្យាដែលមានសុវត្ថិភាព ជឿជាក់បាន និងទុកចិត្ត។ ប៉ុន្តែសមិទ្ធផលដែលលោកមានមោទនភាពបំផុតគឺ Brachum ផ្ទាល់តែម្តង ដោយបង្កើតវាឡើងពីចំណុចសូន្យ រហូតមានអ្នកចុះឈ្មោះប្រើប្រាស់ជាង ៥,០០០ នាក់ និងបានដំណើរការសំឡេងប្រជុំជាង ៣,៣០០ ម៉ោង។

Brachum ត្រូវបានបង្កើតឡើងនៅដើមខែមីនា ឆ្នាំ២០២៦។ ឈ្មោះនេះក្លាយមកពីពាក្យខ្មែរថា "ប្រជុំ" ព្រោះគោលដៅទាំងមូល គឺដើម្បីប្រាកដថា មនុស្សគ្រប់គ្នាមិនខកខានចំណុចសំខាន់ៗនៅក្នុងកិច្ចប្រជុំរបស់ពួកគេឡើយ។

Screenshot 2026 09 02 122132គំនិតនេះកើតចេញពីការលំបាកផ្ទាល់ខ្លួនរបស់លោក។ ក្នុងតួនាទីជា Technical Manager លោកត្រូវដឹកនាំកិច្ចប្រជុំជាប់ៗគ្នាស្ទើរតែគ្មានពេលសម្រាក ហើយលោកតែងតែពិបាកក្នុងការតាមដានថាត្រូវធ្វើអ្វីបន្តទៀតបន្ទាប់ពីប្រជុំចប់ និងពិបាកក្នុងការសរសេរសេចក្តីសង្ខេប។ ថ្ងៃមួយ លោកបានទាក់ទងទៅដៃគូរួមបង្កើត ហើយបានរៀបរាប់ពីបញ្ហានេះ។ លោក និងដៃគូបានពិភាក្សាគ្នាពីដំណោះស្រាយដែលមានស្រាប់នៅលើទីផ្សារ ប៉ុន្តែគ្មានជម្រើសណាមួយសមស្របឡើយ ជាពិសេសសម្រាប់ភាសាខ្មែរ។ ដូច្នេះលោកទាំងពីរ៏គិតថា៖ ហេតុអ្វីបានជាមិនបង្កើតវាដោយខ្លួនឯង? ដោយសារលោក និងដៃគូធ្លាប់នៅក្នុងក្រុមតែមួយនៅ Forte និងបានធ្វើការលើគម្រោងជាច្រើនរួមគ្នា ដូច្នេះនៅពេលដែលព្រមព្រៀងគ្នាលើអ្វីដែលចង់ឱ្យ Brachum ក្លាយជា លោកទាំងពីរអាចបង្កើតវាបានយ៉ាងឆាប់រហ័ស។

បេសកកម្មរបស់លោក គឺធ្វើឱ្យ AI យល់ និងបម្រើភាសាខ្មែរបានល្អ ដូចដែលឧបករណ៍បរទេសបម្រើភាសាអង់គ្លេសដែរ រួមទាំងការនិយាយឡូកឡំគ្នារវាងភាសាខ្មែរ និងអង់គ្លេស (Code-switching) ដែលកើតឡើងស្ទើរតែគ្រប់កិច្ចប្រជុំនៅទីនេះ។ វាជាបញ្ហាប្រឈមដ៏លំបាកមួយ ព្រោះភាសាខ្មែរជាភាសាដែលមានទិន្នន័យតិច (Low-resource language) សម្រាប់ AI ប៉ុន្តែវាក៏ជាឱកាសពិតប្រាកដមួយផងដែរ ព្រោះវាជាតម្រូវការដែលក្រុមហ៊ុនសកលលោកមិនបានផ្តោតលើ។

ការសម្រេចចិត្តដ៏លំបាកមួយក្នុងដំណាក់កាលដំបូង គឺការសម្រេចចិត្តបង្កើត Brachum ជា Web App មុនគេ។ សម្រាប់ផលិតផលកត់ត្រាកិច្ចប្រជុំប្រភេទនេះ វាមិនមែនជាជម្រើសដ៏ល្អឥតខ្ចោះនោះទេ ហើយលោកដឹងថាវាអាចបង្កើតជាបំណុលបច្ចេកទេស (Technical debt) នៅពេលខាងមុខ ប៉ុន្តែវាជាវិធីលឿនបំផុតក្នុងការដាក់ផលិតផលពិតប្រាកដឱ្យមនុស្សប្រើប្រាស់។ ខណៈពេលដែលរង្វាន់ផ្លូវចិត្តដ៏មានន័យបំផុតមួយនៅដំណាក់កាលដំបូង គឺការអានមតិត្រឡប់ (Feedback) តាមរយៈទំព័រស្នើការកែលម្អ។ ការឃើញមនុស្សនិយាយថា ពួកគេចូលចិត្តផលិតផលនេះកម្រិតណា និងសុខចិត្តបង់ប្រាក់ដើម្បីប្រើប្រាស់វា វាគឺជាការបញ្ជាក់យ៉ាងច្បាស់ថា បានបង្កើតអ្វីមួយដែលជួយដល់ដំណើរការងាររបស់មនុស្សពិតប្រាកដ ហើយអ្នកផ្សេងទៀតក៏ជួបប្រទះការលំបាកក្នុងការប្រជុំមិនចេះចប់ដូចគ្នាដែរ។ គម្រោងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនទាំងស្រុង (Bootstrapped)

លោក ខូវ ទី វិកទ័រ - Khov Ty Victor បានចែករំលែកថា យុវជនក្នុងវិស័យបច្ចេកវិទ្យាគួរតែផ្តោតលើជំនាញទាំង ៥ នេះ៖

  • ចំណេះដឹងគ្រឹះកូដ និងការដោះស្រាយបញ្ហាយ៉ាងរឹងមាំ (Strong foundational coding knowledge & problem-solving) ឧបករណ៍បច្ចេកវិទ្យាតែងតែផ្លាស់ប្តូរ ប៉ុន្តែចំណេះដឹងគ្រឹះមិនផ្លាស់ប្តូរឡើយ។
  • ចេះរបៀបប្រើប្រាស់ AI (Knowing how to use AI) បច្ចុប្បន្នវាបានក្លាយជាផ្នែកស្នូលនៃការបំពេញការងារ ហើយអ្នកដែលប្រើប្រាស់វាបានល្អ នឹងដើរទៅមុខបានលឿនជាង។
  • ការរចនាផលិតផល (Product design) វាមិនគ្រប់គ្រាន់ទេក្នុងការគ្រាន់តែបង្កើតអ្វីមួយឡើង ត្រូវតែយល់ពីអ្នកប្រើប្រាស់ និងរចនាអ្វីដែលបង្កើតតម្លៃពិតប្រាកដសម្រាប់ពួកគេ។
  • ម្ចាស់ការលើខ្លួនឯង និងការស្វ័យសិក្សា (Ownership & self-learning) គ្មានសាលាណាអាចបង្រៀនបានគ្រប់យ៉ាងនោះទេ ត្រូវតែទទួលខុសត្រូវក្នុងការរៀនសូត្រ និងអភិវឌ្ឍដោយខ្លួនឯង។
  • ការបត់បែនបានឆាប់រហ័ស (Rapid adaptation) វិស័យនេះដើរលឿនខ្លាំងណាស់ ហើយសមត្ថភាពក្នុងការបត់បែនបានលឿនទៅតាមឧបករណ៍ថ្មីៗ និងការផ្លាស់ប្តូរ គឺជាអ្វីដែលរក្សាខ្លួនឱ្យនៅតែមានភាពទាក់ទាញ និងទាន់សម័យ។

ចំពោះស្ថានភាពឌីជីថលក្នុងវិស័យអប់រំ លោកយល់ថាវាកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែនៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ។ មានការចាប់អារម្មណ៍ និងការវិនិយោគកាន់តែច្រើនឡើង ប៉ុន្តែនៅតែមានគម្លាតរវាងអ្វីដែលបានបង្រៀន និងអ្វីដែលវិស័យនេះត្រូវការជាក់ស្តែងជាប្រចាំថ្ងៃ ដែលនេះជាមូលហេតុដែលការស្វ័យសិក្សា និងការអនុវត្តផ្ទាល់មានសារៈសំខាន់ខ្លាំងណាស់។

តាមពាក្យពេជន៍ដែលលោកបានបញ្ជាក់ដោយត្រង់ថា រូបលោកផ្ទាល់ក៏កំពុងតែរៀនសូត្រដូចគ្នា ប៉ុន្តែនេះជាចំណុចដែលលោកមើលឃើញច្បាស់បំផុត៖

  • ចាប់ផ្តើមចេញពីបញ្ហាពិត៖ ជាពិសេសបញ្ហាដែលធ្លាប់ជួបប្រទះដោយផ្ទាល់។
  • ចាប់ផ្តើមពីតូច និងច្បាស់លាស់៖ កុំទាន់ព្យាយាមវាយលុកទីផ្សារធំនៅដំណាក់កាលដំបូង ចូរធ្វើរឿងមួយឱ្យបានល្អជាមុនសិន។
  • បង្កើតតម្លៃពិតប្រាកដជូនអតិថិជន៖ វិធីតែមួយគត់ដើម្បីដឹងថាធ្វើវាបានឬអត់ គឺត្រូវនិយាយជាមួយអ្នកប្រើប្រាស់ឱ្យបានញឹកញាប់ ដើម្បីស្វែងយល់ថា តើផលិតផលបានដោះស្រាយបញ្ហារបស់ពួកគេ និងជួយពួកគេពិតប្រាកដដែរឬទេ។
  • ដាក់ឱ្យប្រើប្រាស់ឱ្យបានលឿន និងកែលម្អជាបន្តបន្ទាប់ (Ship fast & iterate) ដោយផ្អែកលើការវាយតម្លៃដោយស្មោះត្រង់របស់ខ្លួនឯង និងមតិត្រឡប់របស់អ្នកប្រើប្រាស់។

ដោយឡែកសម្រាប់ Brachum នៅពេលដែលបង្កើត Web App រួចរាល់ ក្រុមការងារបានបង្កើតទំព័រ Facebook Page ហើយរត់ការផ្សព្វផ្សាយ (Ads) ក្នុងថវិកាតិចតួចលើការបង្ហោះ ការផ្សព្វផ្សាយទីផ្សារមានតិចតួចណាស់នៅដំណាក់កាលដំបូង ហើយរហូតមកដល់ពេលនេះក៏នៅតែតិច។ មនុស្សដែលបានឃើញការបង្ហោះ បានចុចលើតំណភ្ជាប់ ចុះឈ្មោះ និងសាកល្បងប្រើប្រាស់ ហើយពួកគេភាគច្រើននៅតែបន្តប្រើប្រាស់ បន្ទាប់ពីប្រើប្រាស់អស់កម្រិតឥតគិតថ្លៃ។ Brachum មិនទាន់បានស្វែងរកការគាំទ្រពីខាងក្រៅនៅឡើយទេ។ អ្វីៗគ្រប់យ៉ាងរហូតមកដល់ពេលនេះ គឺប្រើប្រាស់ថវិកាផ្ទាល់ខ្លួន (Bootstrapped) ហើយក្រុមការងារខិតខំធ្វើការយ៉ាងខ្លាំងដើម្បីរក្សាចំណាយប្រតិបត្តិការឱ្យនៅទាបបំផុត។

លោកក៏បានប្រាប់ពីកត្តាសំខាន់ៗសម្រាប់ Founder គួរដឹង ដើម្បីឈរជើងបានយូរ៖

  • ការផ្តោតអារម្មណ៍ (Focus) កុំព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ចូរជ្រើសរើសអ្វីដែលសំខាន់ ហើយធ្វើវាឱ្យបានល្អ។
  • យល់ពីតម្លៃពិតប្រាកដដែលផ្តល់ជូនអតិថិជន៖ ហើយបណ្តោយឱ្យតួលេខជាអ្នកប្រាប់ថា តើកំពុងផ្តល់វាបានពិតប្រាកដដែរឬទេ។
  • បែងចែកកម្លាំងឱ្យបានត្រឹមត្រូវ៖ ដើម្បីកុំឱ្យអស់កម្លាំងនៅពាក់កណ្តាលផ្លូវ មុនពេលទៅដល់ទីដៅ។ ការបង្កើតអ្វីមួយដែលស្ថិតស្ថេរយូរអង្វែង ទាមទារការខិតខំប្រឹងប្រែងក្នុងរយៈពេលវែង។
  • មានភាពស្មោះត្រង់ និងតម្លាភាព៖ អំពីអ្វីដែលទើបអាចធ្វើបាននៅថ្ងៃនេះ និងអ្វីដែលកំពុងតែមកដល់។
  • បង្កើតទំនុកចិត្ត៖ ជាពិសេសនៅក្នុងទីផ្សារដូចជាប្រទេសយើង ទំនុកចិត្តគឺជាកត្តាដ៏មានតម្លៃបំផុតមួយដែលសហគ្រិនអាចបង្កើតបាន ហើយក៏ជាអ្វីដែលបាត់បង់បានងាយស្រួលបំផុតផងដែរ។

Technical Skills How to Them Master in 2022.jpg.optimal

ចំពោះទិសដៅយុទ្ធសាស្ត្រ និងគម្រោងទៅអនាគតវិញ ឥឡូវនេះ Brachum មាននៅលើ Web និង iOS App Store ហើយនឹងដាក់ឱ្យប្រើប្រាស់កំណែ Android លើ Google Play ក្នុងពេលឆាប់ៗនេះ។ Brachum ក៏ទើបតែដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយផងដែរ គឺ AI Notepad ដែលបន្ថែមទៅលើមុខងារថត និងបង្ហោះសំឡេងដែលមានស្រាប់។ ឥឡូវនេះ អ្នកប្រើប្រាស់អាចកត់ត្រាដោយខ្លួនឯងក្នុងអំឡុងពេលប្រជុំ ដែលការកត់ត្រានោះនឹងត្រូវរួមបញ្ចូលជាមួយសំឡេងប្រជុំ ដូច្នេះពួកគេអាចកត់ត្រាអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេ ហើយទុកឱ្យ Brachum បំពេញផ្នែកដែលនៅសល់។ វាមានសារៈសំខាន់ ព្រោះ Brachum ក៏ដូចជាឧបករណ៍ AI ផ្សេងទៀតដែរ គឺវាមានប្រសិទ្ធភាពទៅតាមបរិបទ ដែលវាទទួលបានប៉ុណ្ណោះ។

របៀបដែលក្រុមការងារគិតអំពី Brachum គឺដូចជា បង្កាន់ដៃជណ្តើរ។ ជាទូទៅ អ្នកប្រហែលជាមិនបានកត់សម្គាល់ថាវាជួយអ្វីទេ ប៉ុន្តែវានឹងជួយអ្នកឥតចន្លោះខ្វះខាត នៅពេលអ្នកទាល់ម៉ោងខ្លាំង ឬតាមមិនទាន់នៃសាច់ការប្រជុំ ឬដើម្បីកុំឱ្យខកខានអ្វីមួយក្នុងកិច្ចប្រជុំផងដែរ។ គោលដៅចុងក្រោយ គឺជួយមនុស្សឱ្យរក្សាបាននូវផលិតភាពការងារនៅក្នុងយុគសម័យ AI នេះ។ លោកមិនមើលឃើញថា AI នឹងមកជំនួសមនុស្សនៅក្នុងកន្លែងធ្វើការនោះទេ មនុស្សនឹងនៅតែជាអ្នកសម្រេចចិត្តជានិច្ច ហើយ Brachum កំពុងបង្កើតឡើងសម្រាប់ចំណុចនោះ។ ចំពោះផ្នែកអាជីវកម្ម មានក្រុមហ៊ុន សាលារៀន និងនាយកដ្ឋានក្រសួងជាច្រើន បានយកគម្រោង Teams plan របស់ Brachum ទៅប្រើប្រាស់ សម្រាប់បង្កើតជាលំហធ្វើការរួមគ្នា (Shared workspace) នៅក្នុងក្រុមរបស់ពួកគេ។

722810852 122116527861283151 7856281268576471961 N

ជាចុងក្រោយលោក ខូវ ទី វិកទ័រ - Khov Ty Victor មានជាសារលើកទឹកចិត្ត និងផ្ដាំផ្ញើជូនយុវជនជំនាន់ក្រោយថា៖ ឧបករណ៍ដូចជា Codex, Claude Code និងឧបករណ៍ផ្សេងទៀត នាពេលបច្ចុប្បន្នអាចឱ្យមនុស្សស្ទើរតែគ្រប់គ្នាបង្កើតអ្វីៗបានស្ទើរតែទាំងអស់។ ប៉ុន្តែវាក៏មានន័យថា អ្វីៗជាច្រើននឹងត្រូវបានបង្កើតឡើងដោយគ្មានការគិតគូរបានល្អិតល្អន់នោះទេ ដូច្នេះគុណភាព នឹងមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ បណ្តាំរបស់លោកគឺមានន័យថា ចាប់ផ្តើមចេញពីបញ្ហាតូចតាចជុំវិញខ្លួន អ្វីមួយដែលមិនទាន់បានបង្កើត អ្វីដែលខ្វះខាត ឬអ្វីដែលអាចកែលម្អបាន។ យុវជនអាចប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីបង្កើតវាបានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវរក្សាវាឱ្យនៅតូច និងប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាពខ្ពស់ ប្រសិនបើនឹងដាក់វាឱ្យមនុស្សទូទៅប្រើប្រាស់។ ត្រូវគិតគូរឱ្យបានម៉ត់ចត់អំពីផលិតផល និងតម្លៃពិតប្រាកដដែលវាបង្កើតឡើង។

លោកជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងបានឃើញគំនិតបង្កើតអាជីវកម្មបច្ចេកវិទ្យាថ្មីៗ (Startups) កាន់តែច្រើនចេញពីប្រទេសកម្ពុជា។ វាពិតជាពេលវេលាដ៏រំភើបមួយនៅក្នុងការបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យារបស់ប្រទេសជាតិ ហើយលោកសង្ឃឹមថាយុវជនកាន់តែច្រើននឹងក្លាយជាផ្នែកមួយនៃដំណើរការនេះ។

អត្ថបទដោយ៖ ងួន​ ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia