មិនបារម្ភរឿងភាសា! និស្សិតខ្មែរមួយរូបបង្កើតវេបសាយរៀនកូដជាភាសាជាតិ ជួយសម្រួលដល់ការស្រាវជ្រាវ IT
Khunna - ឃុនណា
MAY 22 2026
ឌីជីថល
477 views
5 mins read

ក្នុងយុគសម័យឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការចេះជំនាញសរសេរកូដ បានក្លាយជាអាវុធដ៏មានឥទ្ធិពលមួយសម្រាប់យុវជន។ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គរាំងស្ទះដ៏ធំមួយសម្រាប់និស្សិតកម្ពុជាភាគច្រើនគឺ "ភាសា" ដោយសារតែឯកសារបច្ចេកវិទ្យាល្អៗភាគច្រើនជាភាសាអង់គ្លេសជាដើម។ ថ្ងៃនេះ ក្រុមការងារ ចាបខៀវ-Technology Cambodia នឹងនាំប្រិយមិត្តមកជួបសម្ភាសន៍ ជាមួយ លោក ធី មួយហាក់ ឬដែលគ្រប់គ្នាស្គាល់ថា Hak Simple Dev ដែលជាស្ថាបនិក និងជាប្រធានដឹកនាំនៃវេទិកាអប់រំបច្ចេកវិទ្យា CodeKhmerLearning។ លោកនឹងចែករំលែកពីដំណើរដើមទុន បញ្ហាប្រឈម និងចក្ខុវិស័យក្នុងការបង្កើតវេទិកាមេរៀនកូដជាភាសាខ្មែរដោយមិនគិតថ្លៃសម្រាប់យុវជនជំនាន់ក្រោយ។

545574872 1095654992762457 4292490982650761216 N

Photo 2026 05 22 10 53 32

លោក ធី មួយហាក់ (Thy Muoyhak) បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ នៅនៅវិទ្យាល័យ ហ៊ុនសែនកំចាយមារ ខេត្ដព្រៃវែង។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI International University) លើជំនាញ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ (IT & Computer Science)។ ក្រៅពីការសិក្សា បច្ចុប្បន្នលោកជាស្ថាបនិក និងជាប្រធានដឹកនាំ នៃវេទិកាអប់រំបច្ចេកវិទ្យា CodeKhmerLearning ផង ជា Web Developer អាជីពដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនមួយកន្លែងផង ព្រមទាំងជាអ្នកទទួលធ្វើគម្រោង និងជាគ្រូបង្រៀន (Technical Instructor) ផ្នែកសរសេរកូដផងដែរ។

Img 0496

លោក បានចាប់ផ្តើមបង្កើតគម្រោង និងអភិវឌ្ឍវេបសាយ CodeKhmerLearning នេះឡើងតាំងពីអំឡុងពេលសិក្សាឆ្នាំទី ២ មកម្ល៉េះ។ គិតមកទល់ពេលនេះ វេទិការបស់លោកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់សហគមន៍អ្នកសិក្សា ដោយមានអ្នកតាមដាន៖ 

  • Telegram Channel៖ ជាង 5K+ នាក់
  • Facebook Page៖ ជាង 10K+ នាក់ 
  • TikTok៖ ជាង 10K+ នាក់

វាបានដើរតួយ៉ាងសំខាន់ក្នុងការជួយសិស្ស និងនិស្សិតជាច្រើនឱ្យមានឱកាសរៀនកូដប្រកបដោយប្រសិទ្ធភាព។ សម្រាប់ការយល់ឃើញរបស់លោក បានកត់សម្គាល់ឃើញថា ឯកសារ និងមេរៀន Programming ល្អៗភាគច្រើនគឺសុទ្ធសឹងតែជាភាសាអង់គ្លេស។ នេះជាឧបសគ្គមួយសម្រាប់យុវជនខ្មែរមួយចំនួនដែលចង់រៀនកូដ ប៉ុន្តែមានកម្រិតផ្នែកភាសាអង់គ្លេសក្នុងការអាន Document ទាំងនោះ។ ដូច្នេះហើយគោលបំណងធំបំផុតរបស់លោក គឺការចង់ចែករំលែកឡើងវិញនូវអ្វីដែលលោកបានរៀនពីសាកលវិទ្យាល័យ ឬក៏បទពិសោធន៍ដែលលោកបានស្រាវជ្រាវផ្ទាល់ខ្លួននូវបច្ចេកវិទ្យាថ្មីៗ និងការធ្វើការងារជាក់ស្តែងក្នុងក្រុមហ៊ុន។ លោកចង់បង្កើតប្រភពធនធានជាភាសាខ្មែរ ដែលងាយយល់ ងាយរៀនតាម និងមិនគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុក និងជម្រុញល្បឿននៃការរៀនសូត្ររបស់យុវជនខ្មែរដែលស្រលាញ់វិស័យ IT មួយនេះ ។

Tc Thumbnail   2026 05 22 T095402.627

លោក ធី មួយហាក់ បន្តលើកឡើងថា កន្លងមកនេះលោកបានបង្កើតគម្រោងវេបសាយធំៗចំនួនពីរ រួមមាន៖

១. CodeKhmerLearning គឺជាវេបសាយសិក្សា Programming និង Information Technology (IT) ជាភាសាខ្មែរ ដែលផ្តោតលើការផ្តល់មេរៀន សៀវភៅឌីជីថល វគ្គសិក្សាវីដេអូ និងឯកសារបច្ចេកទេសសម្រាប់អ្នកចាប់ផ្តើម និងអ្នកអភិវឌ្ឍជំនាញ Codingវេបសាយនេះត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យការសិក្សា Programming កាន់តែងាយស្រួលសម្រាប់អ្នកនិយាយភាសាខ្មែរ ដោយមានមាតិកាដែលរៀបចំចាប់ពីកម្រិត Beginner រហូតដល់ Advanced។ អ្នកសិក្សាអាចស្វែងយល់អំពី Web Development, Software Development និងបច្ចេកវិទ្យាទំនើបផ្សេងៗតាមរយៈការអនុវត្តជាក់ស្តែង និងឧទាហរណ៍កូដដែលងាយយល់។ CodeKhmerLearning.site ផ្តល់មេរៀន និងវគ្គសិក្សាជាច្រើនដូចជា HTML, CSS, JavaScript, Python, React.js, Node.js, Spring Boot, Database & SQL ព្រមទាំងការបង្កើត Website និង Deploy Project ទៅលើ Internet។ វេបសាយក៏មានការបង្រៀនអំពី Git & GitHub, Responsive Design និងការប្រើ AI ជួយសរសេរកូដផងដែរ។ បន្ថែមពីនេះ CodeKhmerLearning ក៏មានសហគមន៍សិក្សាតាម Telegram ដែលអនុញ្ញាតឲ្យអ្នកសិក្សាទទួលបានព័ត៌មានថ្មីៗ អំពីវគ្គសិក្សា មេរៀន និងការអាប់ដេតបច្ចេកវិទ្យា។ Telegram Channel CodeKhmerLearning

២. CodeKhmerVideo គឺជាវេទិកាថ្មីមួយដែលផ្ដោតលើការរៀនសរសេរកូដតាមរយៈវីដេអូ ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយលក្ខណៈពិសេស៖ 

  • ការរៀបរាប់ច្បាស់លាស់ពីកម្រិតដំបូង៖ រាល់មេរៀននីមួយៗត្រូវបានពន្យល់ជាភាសាខ្មែរបែបសាមញ្ញ ងាយយល់ ទោះបីជាសិស្សមិនធ្លាប់មានមូលដ្ឋានគ្រឹះ សោះក៏អាចរៀនតាមទាន់។ 
  •  ផ្ដោតលើការអនុវត្តគម្រោងជាក់ស្តែង៖ មិនត្រឹមតែបង្រៀនទ្រឹស្តីនោះទេ ប៉ុន្តែសិស្សនឹងបានអនុវត្តបង្កើតគម្រោងពិតៗ ដូចជាការធ្វើ Website Layouts, API Connections និងការបង្កើត App ផ្ទាល់ខ្លួន ដែលអាចយកទៅដាក់ក្នុង Portfolio សម្រាប់ដាក់ពាក្យធ្វើការបាន។ 
  • រចនាសម្ព័ន្ធមេរៀនច្បាស់លាស់៖ វីដេអូត្រូវបានរៀបចំជាកញ្ចប់វគ្គសិក្សា ពីកម្រិតដំបូង រហូតដល់កម្រិតខ្ពស់ ជួយឱ្យអ្នកសិក្សាមិនវង្វេង និងដឹងពីគោលដៅច្បាស់លាស់ក្នុងការរៀន។ 
  • រចនាឡើងដើម្បី រៀនបានគ្រប់ពេលវេលា៖ បង្កើតឡើងដើម្បីបើកឱកាសឱ្យយុវជន និងសិស្សានុសិស្សខ្មែរគ្រប់រូប អាចចូលក្រេបជញ្ជក់ចំណេះដឹងផ្នែកឌីជីថល និង Programming បានដោយសេរី មិនថានៅទីកន្លែងណាក៏ដោយ។

លោក ធី មួយហាក់ ក៏បានប្រាប់អំពី ផ្នែកធនធាន និងសម្ភារៈ ដែលចាំបាច់បំផុតនោះគឺ កុំព្យូទ័រ (Laptop/PC) ដែលមានកម្លាំងល្មមអាចដំណើរការកម្មវិធីសរសេរកូដបាន, ប្រព័ន្ធអ៊ីនធឺណិតសម្រាប់ស្រាវជ្រាវ និងសំខាន់បំផុតគឺ ចំណេះដឹង បទពិសោធន៍ និងពេលវេលាក្នុងការអភិវឌ្ឍប្រព័ន្ធ។ ចំពោះផ្នែកថវិកាវិញ ដោយសារការធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងឥតគិតថ្លៃ ការចំណាយត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាបបំផុត គឺក្រោម $20-$50 ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់ Domain និង Server/Hosting ទំហំដំបូង ដោយប្រើប្រាស់ Free Tiers Cloud តម្លៃសមរម្យ។ មានន័យថាដើមទុនជាសាច់ប្រាក់គឺតិចតួចបំផុត ប៉ុន្តែដើមទុនជាកម្លាំងខួរក្បាល ការតាំងចិត្ត និងពេលវេលាស្រាវជ្រាវ គឺត្រូវទាមទារខ្ពស់បំផុត។ 

Image 2026 05 21 16 42 08

សម្រាប់ទៅថ្ងៃអនាគត លោកនឹងបន្តពង្រឹងវេទិកាទាំងពីរ (CodeKhmerLearning & CodeKhmerVideo) ឱ្យកាន់តែសម្បូរបែប ដោយបន្ថែមវគ្គសិក្សាថ្មីៗ និងការធ្វើស្វ័យប្រវត្តកម្មផ្សេងៗ។ ជាពិសេស លោកមានគម្រោងនាំយកបច្ចេកវិទ្យា AI មកបញ្ចូលក្នុងប្រព័ន្ធសិក្សា ដើម្បីជួយឱ្យសិស្សានុសិស្សអាចសាកសួរ និងដោះស្រាយបញ្ហាកូដបានកាន់តែរហ័សទាន់ចិត្តផងដែរ។ 

Img 0498

ជាចុងក្រោយ ផ្អែកលើបទពិសោធន៍ដែលលោក ធី មួយហាក់ កំពុងរៀននៅសាកលវិទ្យាល័យ ធ្វើការក្នុងក្រុមហ៊ុន និងបង្រៀនសិស្សសព្វថ្ងៃ លោកបានផ្ដាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយថា៖

« វិស័យបច្ចេកវិទ្យា និង AI ដើរលឿនណាស់ អ្វីដែលសំខាន់បំផុតគឺ ការរៀនសូត្រដោយខ្លួនឯង និងភាពទៀងទាត់។ កុំរង់ចាំទាល់តែយើងខ្លាំង ទើបយើងចាប់ផ្ដើមធ្វើ តែត្រូវចាប់ផ្ដើមធ្វើ ទើបយើងក្លាយជាអ្នកដែលខ្លាំង។ នៅពេលដែលអ្នកជួបបញ្ហាក្នុងការសរសេរកូដ ឬចង់ដើរថយក្រោយសូមចងចាំពី មូលហេតុដំបូង ដែលអ្នកបានចាប់ផ្ដើមមក។ ចូរប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាឱ្យសង្គម នោះគម្រោងរបស់អ្នកនឹងមានតម្លៃពិតប្រាកដ។ »

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia