បច្ចេកវិទ្យា Deepfake (ការក្លែងមាតិកាអតិប្រឌិត) ដែលអាចក្លែងបន្លំរូបភាព សំឡេង ឬវីដេអូ ឱ្យមានភាពស្រដៀងនឹងមនុស្សពិត បង្កើតដោយបញ្ញាសិប្បនិម្មិត (AI) អាចធ្វើឱ្យអ្នកចាញ់បោកតាមរយៈការឆបោកអនឡាញ។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា Deepfake គឺត្រូវបានរួមបញ្ចូលគ្នារវាងការសិក្សាស៊ីជម្រៅ (Deep Learning) និងប្រព័ន្ធសំយោគទិន្នន័យ ដែលអាចយកមុខ និងសំឡេង របស់មនុស្សម្នាក់បញ្ជូលទៅក្នុងសាច់រឿង ឬស្ថានការណាមួយ។

ដោយសារតែសមត្ថភាពក្នុងការក្លែងបន្លំមានភាពជឿនលឿន បច្ចេកវិទ្យា Deepfake នេះ អាចធ្វើឱ្យជនខិលខូចបង្កើតព័ត៌មានមិនពិតយកទៅផ្សព្វផ្សាយ (Misinformation) ឬឆបោកប្រាក់តាមរយៈអនឡាញ, លួចអត្តសញ្ញាណ និងបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យា Deepfake ក៏មានគុណសម្បត្តិផងដែរ ដែលយើងអាចប្រើប្រាស់វាក្នុងការផលិតភាពយន្ត ការអប់រំ ការកម្សាន្ត និងការច្នៃប្រឌិតផ្សេងៗផងដែរ។

ដើម្បីកាត់បន្ថយហានិភ័យពីការឆបោកតាមរយៈ Deepfake ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យពលរដ្ឋ ត្រូវចេះការពារខ្លួនពីDeepfake ដូចជា ត្រូវចេះពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពដើមនៃព័ត៌មានឱ្យបានច្បាស់។ ក្នុងករណីទទួលបានវីដេអូ សំឡេង ឬការហៅទូរសព្ទ ដែលទាមទារប្រាក់ ត្រូវទាក់ទងទៅសាច់ញាតិ ឬមិត្តភក្តិ ដោយផ្ទាល់តាមរយៈលេខទូរសព្ទឱ្យច្បាស់ជាមុនសិន ជៀសវាងការបាញ់លុយឱ្យជនឆបោកដោយមិនដឹងខ្លួន។
ក្រៅពីការផ្ទៀងផ្ទាត់ប្រភព និងប្រុងប្រយ័ត្នចំពោះការស្នើសុំប្រាក់ ពលរដ្ឋក៏គួរតែចេះសង្កេតមើលចំណុចដែលមិនប្រក្រតីមួយចំនួនផងដែរ។ ចំណុចទាំងនោះ រួមមាន ពិនិត្យមើលចលនាភ្នែក ការមិនសូវព្រិចភ្នែក ចលនាបបូរមាត់មិនស៊ីជាមួយសំឡេង ពន្លឺស្រមោលលើផ្ទៃមុខ ឬការបញ្ចេញសំឡេងខុសពីការនិយាយ, ត្រូវចេះការពារព័ត៌មានផ្ទាល់ខ្លួន ក្នុងន័យនេះ យើងកុំប្រញាប់ផ្ញើប្រាក់ ឬផ្តល់លេខកូដ OTP ពាក្យសម្ងាត់ ឬព័ត៌មានធនាគារ ជាពិសេសកុំចែករំលែកព័ត៌មានសង្ស័យ ជៀសវាងការចែករំលែកមាតិកាដែលមិនទាន់បានផ្ទៀងផ្ទាត់។ ជាចុងក្រោយ ពលរដ្ឋ ក៏ត្រូវចេះតាមដានព័ត៌មានពីស្ថាប័នផ្លូវការ ឬប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់មាតិកាឌីជីថលដែលអាចទុកចិត្តបានផងដែរ៕

