ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ "ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (EIRS)" ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្កាត់ការនាំចូលទូរសព្ទចល័តក្លែងក្លាយ ការពារផលប្រយោជន៍និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់។

នៅក្នុងជំហានដំបូងនេះ ប្រព័ន្ធ EIRS បានបើកឱ្យសាធារណជនអាចប្រើប្រាស់មុខងារពិនិត្យស្ថានភាពលេខអាយម៉ី (IMEI) របស់ទូរសព្ទចល័តដោយឥតគិតថ្លៃ។ មុខងារនេះអាចជួយឱ្យអ្នកទិញដឹងថាទូរសព្ទនៅលើទីផ្សារពិតជាមានស្តង់ដារ និងមានគុណភាពមុននឹងសម្រេចចិត្តទិញ ព្រមទាំងអាចពិនិត្យមើលស្ថានភាពទូរសព្ទដែលខ្លួនកំពុងប្រើប្រាស់ផងដែរ។
របៀបស្វែងរកលេខអាយម៉ី (IMEI) ១៥ខ្ទង់៖ អ្នកប្រើប្រាស់អាចស្វែងរកលេខ IMEI តាមវិធីណាមួយដូចខាងក្រោម៖
- ចុចលេខកូដ
*#06#នៅលើក្ដារចុច (Keypad) របស់ទូរសព្ទ។ - ចូលទៅកាន់មុខងារ "ការកំណត់ (Settings)" នៃទូរសព្ទ។
- ពិនិត្យមើលលេខអាយម៉ីនៅលើប្រអប់ដើម (Original Box) របស់ទូរសព្ទ។
របៀបពិនិត្យស្ថានភាពលេខអាយម៉ី (IMEI)៖ បន្ទាប់ពីទទួលបានលេខ IMEI ហើយ លោកអ្នកអាចធ្វើការពិនិត្យស្ថានភាពតាមជម្រើសទាំង ៤ នេះ៖
- ចូលទៅកាន់គេហទំព័រ www.eirs.gov.kh។
- ប្រើប្រាស់កម្មវិធីទូរសព្ទចល័ត IMEI KH។
- ប្រើសេវា USSD ដោយចុច
*1205#រួចចុចបញ្ជូន និងអនុវត្តតាមការណែនាំ។ - ប្រើសេវាសារខ្លី (SMS) ដោយវាយ CHK<ដកឃ្លា><លេខអាយម៉ី១៥ខ្ទង់> រួចផ្ញើទៅកាន់លេខ 1205។
លទ្ធផលនៃការពិនិត្យ និងការបញ្ជាក់បន្ថែម
លទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី មាន ៤ ប្រភេទរួមមាន៖ លេខអាយម៉ីត្រឹមត្រូវនិងបានដំណើរការ លេខអាយម៉ីត្រឹមត្រូវនិងមិនទាន់បានដំណើរការ លេខអាយម៉ីមិនត្រឹមត្រូវនិងបានដំណើរការ និងលេខអាយម៉ីមិនត្រឹមត្រូវនិងមិនទាន់បានដំណើរការ។
ទោះជាយ៉ាងណាក្តី ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងបណ្តាញទូរគមនាគមន៍នៅកម្ពុជាបច្ចុប្បន្ន គឺនៅតែអាចដំណើរការនិងប្រើប្រាស់បានជាធម្មតា បើទោះបីជាលទ្ធផលបង្ហាញពីស្ថានភាពណាមួយក៏ដោយ។
ជាចុងក្រោយ ក.ប.ទ. បានអំពាវនាវដល់សាធារណជន ឱ្យជៀសវាងការទិញទូរសព្ទចល័តដែលបង្ហាញលទ្ធផលថា "លេខអាយម៉ីមិនត្រឹមត្រូវ" យកមកប្រើប្រាស់ ព្រោះវាអាចជាឧបករណ៍ដែលគ្មានស្តង់ដារ គ្មានគុណភាព ឬជាឧបករណ៍ក្លែងក្លាយ។ សម្រាប់ព័ត៌មានបន្ថែម ឬមានបញ្ហាក្នុងការប្រើប្រាស់ សាធារណជនអាចទូរសព្ទទៅកាន់លេខ 1205 ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ។


