កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ បើកទទួលពាក្យជាផ្លូវការហើយ ដើម្បីស្វែងរកម្ចាស់ជ័យលាភីធុរកិច្ចថ្មី ដែលនឹងទទួលបានប្រាក់ទុនវិនិយោគដោយមិនយកភាគហ៊ុនសរុប ៨០ លានរៀល!
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ កំពុងស្វែងរកធុរកិច្ចថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តជនដែលមានសមត្ថភាព និងចំណាប់អារម្មណ៍ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញចន្លោះខ្វះខាតក្នុងសង្គមជាក់ស្តែង និងអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួនឱ្យមានសក្តានុពលក្នុងការរុញចូលទីផ្សារ។
នេះគឺជាកម្មវិធីពន្លឿនអាជីវកម្មដ៏ធំប្រចាំឆ្នាំមួយក្រោមការរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) ព្រមទាំងកិច្ចសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ។ គួរបញ្ជាក់ផងដែរថាចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ២០២១ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» បានគាំទ្រធុរកិច្ចថ្មីសរុបចំនួន ៤១ ក្រុម ដែលក្នុងនោះ ២៣ ក្រុមនៅតែបន្តប្រតិបត្តិការយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន និងបានផ្តល់ទុនវិនិយោគដោយមិនយកភាគហ៊ុនសរុបប្រមាណ ៦៨៣ លានរៀល ដើម្បីគាំទ្រការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា។
ខុសពីកម្មវិធីពន្លឿនអាជីវកម្មទូទៅ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ផ្តោតលើការចាប់ផ្តើមពីបញ្ហាទីផ្សារជាក់ស្តែង (Market Challenges) មុននឹងអភិវឌ្ឍដំណោះស្រាយ។ តាមរយៈម៉ូដែលគាំទ្រដែលភ្ជាប់រវាងអ្នកសម្របសម្រួលបញ្ហាប្រឈម (Challenge Curators) អ្នកជំនាញ (Domain Experts) និងក្រុមធុរកិច្ចថ្មី កម្មវិធីមានគោលបំណងជួយឱ្យអ្នកចូលរួមអាចយល់ដឹងស៊ីជម្រៅពីបញ្ហា កំណត់ដំណោះស្រាយដែលមានសក្តានុពល និងត្រៀមខ្លួនសម្រាប់ការចូលទីផ្សារប្រកបដោយប្រសិទ្ធភាព។

សម្រាប់រដូវកាលថ្មីនេះ កម្មវិធីមានចំណោទបញ្ហាទីផ្សារសំខាន់ៗចំនួន ៤ ៖ (១) ដំណោះស្រាយឌីជីថលសម្រាប់ការភ្ជាប់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម, (២) ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារ និងជំរុញការលូតលាស់អាជីវកម្ម, (៣) ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និង (៤) ដំណោះស្រាយឌីជីថល ឬ ឧបករណ៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មទេសចរណ៍។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំៗចំនួន ៣ គឺ៖ (១) ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មីក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ (២) ផ្តល់ចំណេះដឹង និងជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬសេវាកម្មប្រកបដោយសក្តានុពល និងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូលទៅកាន់ទីផ្សារ និង (៣) ផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីទទួលបានការគាំទ្របន្ថែម និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានា។

ក្នុងអំឡុងពេលកម្មវិធី ក្រុមចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ទុនវិនិយោគដោយមិនយកភាគហ៊ុន (Equity-free Investment), ការបណ្តុះបណ្តាល និងការតម្រង់ទិសពីអ្នកជំនាញ (Domain Experts), ការផ្សារភ្ជាប់ជាមួយអ្នកតម្រង់ទិសផ្នែកអាជីវកម្ម និងផ្នែកបច្ចេកទេស, សហ-ការិយាល័យធ្វើការ (Co-working Space), ឥណទានបច្ចេកវិទ្យាក្លោដ AWS (Cloud Credits) រហូតដល់ទៅ ១០,០០០ ដុល្លារអាមេរិក, ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ និងវិនិយោគិន, ការគាំទ្រផ្នែកបច្ចេកទេស និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន៖ ការសាកល្បងការទូទាត់ ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ និងថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា (Startup Cambodia)។
កញ្ញា សួន សុកាវណ្ណី អ្នកដឹកនាំកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ ផ្ទាល់បានលើកឡើងថា៖ « កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីពន្លឿនអាជីវកម្មធម្មតានោះទេ ប៉ុន្តែវាជាស្ពានយុទ្ធសាស្ត្រដែលតភ្ជាប់រវាងបញ្ហាប្រឈមពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ឆ្លងកាត់បទពិសោធន៍ ៥ រដូវកាលកន្លងមក ក្រុមការងារបានរចនាម៉ូដែលគាំទ្រឱ្យកាន់តែមានភាពស៊ីជម្រៅ ដោយផ្តោតលើការណែនាំពីអ្នកជំនាញ និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ។ រដូវកាលទី៦ នេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជួយធុរកិច្ចថ្មីកម្ពុជា ឱ្យបំប្លែងចំណោទបញ្ហាទៅជាឱកាសអាជីវកម្មប្រកបដោយចីរភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារជាក់ស្តែង។
លោក សន ប៊ុនឡុង គណៈប្រធាននាយកវិនិយោគ និងជាសហស្ថាបនិកក្រុមហ៊ុន We Gro Up Co., Ltd (WeMoney Mobile) និងជាជ័យលាភីឯកកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៥ ក៏បានចែករំលែកថា៖ «ការចូលរួមក្នុងកម្មវិធីបានជួយឱ្យយើងកែលម្អយុទ្ធសាស្ត្រអាជីវកម្ម ស្វែងយល់កាន់តែស៊ីជម្រៅពីតម្រូវការអតិថិជន និងពង្រឹងផលិតផលឱ្យកាន់តែសមស្របនឹងទីផ្សារ។ ការតម្រង់ទិសពីអ្នកជំនាញ និង ឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង បានរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការរីកចម្រើនរបស់ក្រុមហ៊ុនយើង។»
ប្រសិនបើអ្នកមានដំណោះស្រាយឌីជីថលឆ្លើយតបទៅនឹងចំណោទបញ្ហាទាំង ៤ ខាងលើ កម្មវិធីនេះគឺជាវេទិកាដ៏សមស្របបំផុតសម្រាប់អ្នកក្នុងការបំប្លែងគំនិតទៅជាដំណោះស្រាយដែលទីផ្សារត្រូវការ។
អ្នកដាក់ពាក្យមុននឹងត្រូវផ្តល់អាទិភាពមុន។
តំណលីងសម្រាប់ការស្នើសុំដាក់ពាក្យចូលរួមកម្មវិធី https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
ការទទួលពាក្យនឹងបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៖ ១១:៥៩ នាទីយប់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ri.tsc.gov.kh

