ធ្លាប់តែប្រើ AI ដើម្បីឆ្លើយសំណួរ សរសេរអត្ថបទ ឬស្វែងរកព័ត៌មានផ្សេងៗ ប៉ុន្តែឥឡូវនេះ អ្នកប្រើប្រាស់ អាចប្រើ Gemini ដើម្បីបង្កើត និងកែសម្រួលឯកសារបានដោយផ្ទាល់ក្នុង Chat មួយតែម្តង។ មុខងារថ្មីនេះ នឹងជួយសម្រួលដល់ការរៀបចំឯកសារសម្រាប់ការងារ និងការសិក្សា ដោយមិនចាំបាច់ចេញពី Gemini ទៅបើកកម្មវិធីមួយផ្សេងៗឡើយ។

តាមការប្រកាសរបស់ Google នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ អ្នកប្រើប្រាស់ គឺអាចបង្កើត បង្ហាញ និងកែសម្រួលឯកសារជាច្រើនប្រភេទនៅក្នុង Gemini ដែលរួមមាន៖ PDF, Google Docs, Google Sheets, ឯកសារបទបង្ហាញ (Slide Decks), Markdown, TXT និងឯកសារកូដ (Code)។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងមុខងារថ្មីនេះ គឺអ្នកប្រើប្រាស់មិនត្រឹមតែអាចឱ្យ Gemini បង្កើតឯកសារតាមការបញ្ជាប៉ុណ្ណោះទេ ប៉ុន្តែអាចទាំងពង្រីកឯកសារឱ្យបង្ហាញពេញអេក្រង់ រួចកែសម្រួលដោយផ្ទាល់ ឬជ្រើសរើសផ្នែកណាមួយនៃអត្ថបទ ដើម្បីសួរ និងបញ្ជាឱ្យ AI ជួយកែប្រែបន្ថែមក៏បានផងដែរ។

ជាមួយគ្នានេះ អ្នកអាចស្នើឱ្យ Gemini ជួយបម្លែងតារាងទិន្នន័យទៅជាក្រាហ្វ ដើម្បីងាយស្រួលមើល និងងាយយល់ពីទិន្នន័យទៀតផង។ ចំណែកសិស្សានុសិស្ស ក៏អាចបញ្ចូលមេរៀនដែលសរសេរដោយដៃ ហើយស្នើឱ្យ Gemini ជួយរៀបចំជាឯកសារ PDF សម្រាប់អាន និងរៀនឡើងវិញក៏បានដែរ។

លើសពីនេះ Google ក៏បានបញ្ជាក់ថា មុខងារដែលអាចកែសម្រួលឯកសារ PDF នេះ អាចប្រើបានទាំងលើគេហទំព័រ Gemini (កុំព្យូទ័រ) និងលើទូរសព្ទដៃ ខណៈឯកសារប្រភេទផ្សេងទៀត ដូចជា Google Docs, Google Sheets និង Slide Decks បច្ចុប្បន្ន អាចប្រើបានតែនៅលើគេហទំព័រប៉ុណ្ណោះ។

គួរបញ្ជាក់ថា មុខងារថ្មីនេះត្រូវបាន Google ដាក់ឱ្យអ្នកប្រើប្រាស់ Gemini ទាំងអស់ អាចប្រើបានគ្រប់ភាសានៅតំបន់ដែលកម្មវិធី Gemini ផ្ដល់សេវាកម្ម។ ការអភិវឌ្ឍនេះ គឺបន្ថែមសមត្ថភាពរបស់ Gemini ពីការឆ្លើយសំណួរ និងបង្កើតមាតិកា ទៅជាជំនួយការដែលអាចជួយរៀបចំ និងកែសម្រួលឯកសារបានកាន់តែងាយស្រួល។

