នាពេលបច្ចុប្បន្នការផ្សព្វផ្សាយនៅលើអ៊ីនធឺណិតកំពុងពេញនិយម ហើយនេះក៏អាចជាឱកាសដើម្បីឱ្យជនខិលខូចឆបោកអ្នកតាមរយៈការមើលវីដេអូក៏អាចរកប្រាក់បាននៅលើបណ្ដាញសង្គម ដោយជនឆបោកតែងតែប្រើការសន្យាផ្ដល់ប្រាក់ ឬរង្វាន់ ដើម្បីទាក់ទាញអ្នកឱ្យប្រាប់អំពីព័ត៌មានសម្ងាត់ ដែលធ្វើឱ្យអ្នកប្រឈមនឹងការបាត់បង់ប្រាក់ពីគណនីធនាគារ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ជនខិលខូចអាចផ្សព្វផ្សាយល្បិចក្នុងការបោកប្រាស់ តាមរយៈការផ្ដល់ប្រាក់ដែលបានផ្សព្វផ្សាយនៅលើ Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗ ដោយអះអាងថា អ្នកប្រើប្រាស់នឹងទទួលបានប្រាក់ ឬរង្វាន់យ៉ាងច្រើន ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមលក្ខខណ្ឌដែលបានកំណត់។
នៅពេលដែលអ្នកចាប់អារម្មណ៍នៅប្រាក់រង្វាន់ហើយ ពួកគេនឹងណែនាំអ្នកឱ្យចុចតំណភ្ជាប់ ចូលទៅក្នុងក្រុម ឬបំពេញព័ត៌មានផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់។ ជំហានបន្ទាប់ ជនខិលខូច នឹងបញ្ចុះបញ្ចូលឱ្យអ្នកទាញយក ឬដំឡើងកម្មវិធីដែលមានមេរោគ ដោយបញ្ជាក់ថានេះ ជាផ្នែកមួយ ឬជាគោលការណ៍នៃដើម្បីទទួលរង្វាន់។

ក្នុងនោះ កម្មវិធីមេរោគមួយចំនួន អាចមានសិទ្ធិចូលទៅប្រើមុខងារនៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក ហើយអាចត្រូវបានប្រើប្រាស់ ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខ PIN និងពាក្យសម្ងាត់ផ្សេងៗ។ ប្រសិនបើជនខិលខូច ទទួលបានព័ត៌មាន ឬសិទ្ធិចូលប្រើក្នុងកម្មវិធីចាំបាច់របស់អ្នក នោះពួកគេអាចនឹងយកព័ត៌មានរបស់អ្នកទៅប្រើប្រាស់ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីម្ចាស់គណនី។
ដើម្បីបង្ការហានិភ័យនេះ ក្រសួងប្រៃសណីយ៍ បានណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយដែលមានប្រភពមិនច្បាស់លាស់ ហើយកុំចុចតំណភ្ជាប់ដែលគួរឱ្យសង្ស័យ និងកុំទាញយកកម្មវិធីដែលមានប្រភពមិនច្បាស់លាស់ និងផ្ទៀងផ្ទាត់បាន។ អ្នកប្រើប្រាស់ គួរត្រួតពិនិត្យសិទ្ធិដែលកម្មវិធីស្នើសុំមុននឹងចុច «យល់ព្រម» ឬ «អនុញ្ញាត» ហើយមិនត្រូវចែករំលែកលេខកូដ OTP, PIN ឬពាក្យសម្ងាត់ឱ្យអ្នកដទៃដាច់ខាត។

ប្រសិនបើអ្នកសង្ស័យថាបានដំឡើងកម្មវិធីមេរោគ ឬព័ត៌មានគណនីធនាគាររបស់អ្នកត្រូវបានគេលួច លោកអ្នក គួរប្រញាប់ទាក់ទងទៅធនាគារឱ្យបានឆាប់ ដើម្បីស្នើសុំការពារគណនី ឬបង្កកកាតតាមភាពចាំបាច់។ មួយវិញទៀត អ្នកប្រើប្រាស់ដែលជួបបញ្ហាខាងលើ គួររក្សាទុកភស្តុតាង រួមមាន រូបថតអេក្រង់ តំណភ្ជាប់ និងឈ្មោះកម្មវិធីដែលគួរឱ្យសង្ស័យ ដើម្បីរាយការណ៍ទៅអាជ្ញាធរដែលជាប់ពាក់ព័ន្ធ។ គួរបញ្ជាក់ថា ការរកប្រាក់តាមអ៊ីនធឺណិតមិនមែនសុទ្ធតែជាការឆបោកនោះទេ ប៉ុន្តែនោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ គួរត្រួតពិនិត្យប្រភពឱ្យបានច្បាស់ ដើម្បីកុំឱ្យការចង់បានប្រាក់ ឬការរកចំណូលបន្ថែមក្លាយជាហានិភ័យដល់ប្រាក់ក្នុងគណនីធនាគារ។

