សង្គ្រាម AI ឡើងកម្ដៅ! Google ប្រកាសត្រៀមចេញ Gemini ថ្មីមួយម៉ូឌែលនេះ ដើម្បីប្រជែងជាមួយ ChatGPT និង Claude 
Khunna - ឃុនណា
•
SEPTEMBER 27 2026
•
នវានុវត្តន៍
•
8 views
•
3 mins read
•

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា 9to5Google នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ (ផ្អែកលើបទសម្ភាសន៍របស់សារព័ត៌មាន The Information ជាមួយនាយកផ្នែក Google DeepMind) ក្រុមហ៊ុន Google បានបញ្ជាក់ថា ម៉ូឌែល AI កំពូលជំនាន់ថ្មីរបស់ខ្លួនគឺ Gemini 4 ជិតឈានដល់ថ្ងៃចេញផ្សាយផ្លូវការហើយ ដោយនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗបំផុតតាមដែលអាចធ្វើទៅបាន។ នាយកផ្នែក Google DeepMind លោក Koray Kavukcuoglu បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល AI Agenda Live ថា Gemini 4 បានឈានចូលដល់វគ្គ "Post-training" រួចរាល់ហើយ ដែលជាដំណាក់កាលសម្រួល និងតេស្តសុវត្ថិភាពចុងក្រោយមុនពេលបញ្ចេញជាសាធារណៈ។ ម៉ូឌែលថ្មីនេះនឹងចេញមុនដាច់ឆ្នាំ ២០២៦ ទោះបីជាមិនទាន់បានទម្លាយកាលបរិច្ឆេទជាក់លាក់យ៉ាងណាក៏ដោយ។

 A Robotic Hand Holding the Gemini Icon Against a Dark Background

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីគូប្រជែងធំៗដូចជា Anthropic និង OpenAI បានបញ្ចេញកំណែអាប់ឌេតធំៗលើ AI របស់ពួកគេជាបន្តបន្ទាប់នាពេលថ្មីៗនេះ។ ឆ្លើយតបទៅនឹងមតិដែលថា Google កំពុងដើរយឺតជាងគេ លោក Kavukcuoglu បានសម្តែងទំនុកចិត្តយ៉ាងមុតមាំលើក្រុមការងាររបស់លោក ហើយបានបញ្ជាក់ថា Google នឹងតែងតែស្ថិតនៅជួរមុខគេជានិច្ចក្នុងវិស័យបច្ចេកវិទ្យានេះ។

យោងតាមប្រភពដដែល ម៉ូឌែលកំពូលចុងក្រោយដែល Google បានចេញផ្សាយគឺ Gemini 3 Pro ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ និង Gemini 3.1 Pro ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។ បន្ទាប់មក ក្រុមហ៊ុនបានផ្អាកការអភិវឌ្ឍម៉ូឌែល Pro មួយរយៈ ដើម្បីបង្វែរអារម្មណ៍ទៅពង្រឹងម៉ូឌែលត្រកូល Flash ដូចជា Gemini 3.8 Flash វិញ ប៉ុន្តែនៅពេលនេះ ការយកចិត្តទុកដាក់ចម្បងទាំងស្រុងរបស់ Google គឺការបញ្ចេញ Gemini 4 ឱ្យបានសម្រេច។

ចំពោះសមត្ថភាពសំខាន់ៗរបស់ Gemini 4 រួមមាន៖

  • ជំនាញ Coding & Autonomous Agents៖ បំពេញការងារស្មុគស្មាញ និងសរសេរកូដច្រើនជំហានដោយស្វ័យប្រវត្តិ។
  • ការយល់ដឹងពីលំហ និងរូបវន្ត (Spatial Understanding)៖ វិភាគវីដេអូ និងយល់ពីចលនា ទំនាក់ទំនងក្នុងពិភពពិតបានរហ័ស។
  • Multimodal កម្រិតខ្ពស់៖ ដំណើរការ Text, Audio, Video, និង 3D Visuals ក្នុងពេលតែមួយបានយ៉ាងរលូន។
  • Reasoning គិតបានស៊ីជម្រៅ៖ កាត់បន្ថយកំហុសឆ្គង គិតបែបហេតុផលបានល្អជាងមុន និងមានសុវត្ថិភាពខ្ពស់។

Google Gemini on Phone

ទាក់ទងនឹងប្រធានបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (AGI) លោក Kavukcuoglu ក៏បានលើកឡើងដែរថា កិច្ចពិភាក្សាសំខាន់នៅពេលនេះ មិនមែនស្ថិតលើថាពេលណា AGI នឹងមកដល់នោះទេ ប៉ុន្តែគឺផ្អែកលើការបង្កើត AI Agents (ភ្នាក់ងារឆ្លាតវៃ) ដែលមានសមត្ថភាពខ្ពស់ និងអាចឱ្យមនុស្សទុកចិត្តបានកម្រិតណា។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google បានប្រកាសចេញមុខភ្លាមៗ ឆ្លើយតបទៅនឹងការបញ្ចេញម៉ូឌែល AI ត្រកូល GPT-6 របស់ OpenAI ដោយបានបញ្ជាក់ថា ម៉ូឌែល AI កំពូល Gemini 4 របស់ខ្លួនបានឈានចូលដល់វគ្គ "Post-training" រួចរាល់ហើយ និងត្រៀមដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗបំផុតតាមដែលអាចធ្វើទៅបានមុនដាច់ឆ្នាំ ២០២៦ នេះ។ ការពន្លឿនការងារយ៉ាងលឿនរបស់ Google នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគូប្រជែង OpenAI និង Anthropic បានទម្លាក់អាប់ឌេត AI ធំៗមកលើទីផ្សារ ដែលជាសញ្ញាបង្ហាញថា Google មិនទុកឱ្យដៃគូប្រកួតប្រជែងនាំមុខយូរឡើយ ដោយបានត្រៀម Gemini 4 ជាយុទ្ធសាស្ត្រវាយបកក្នុងសមរភូមិ AI ឡើងវិញ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia