ច្បាប់មាសទាំង៤ របស់អធិរាជក្រុមហ៊ុនយក្ស Apple អាចធ្វើឱ្យអ្នកកែប្រែជីវិត ១៨០ដឺក្រេ
SOKLY - កូនផ្កាឈូក
AUGUST 21 2025
ឌីជីថល
6 views
1 min read

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយ ដែលទទួលបានការគ្រាំទ្រ និងទទួលស្គាល់ពីសាធារណជននៅទូទាំងពិភពលោក។ ហើយវីរបុរសដែលឈរនៅក្រោយភាពជោគជ័យដ៏ធំធេងនេះគឺលោក Steve Jobs ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនខ្នាតយក្សនេះ។ លោកក៏ជាសហគ្រិនគំរូមួយរូប ដែលមានសហគ្រិនជាច្រើនយកលោកធ្វើជាគំរូ ដោយសារភាពជឿជាក់ខ្លាំងលើខ្លួនឯង ការបង្កើតថ្មី និងភាពខុសប្លែកពីគេ។

មុនពេលលោកទទួលអនិច្ចកម្មក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ លោកបានបន្សល់ទុកនូវសមិទ្ធិផលជាច្រើន ក្នុងនោះក៏មានដំបូន្មានល្អសម្រាប់ជីវិតផងដែរ។ ខាងក្រោមនេះជា ច្បាប់មាស៤ ដែលអ្នកត្រូវរៀនសូត្រពីស្ថាបនិកក្រុមហ៊ុន Apple៖

/. កុំរស់ដើម្បីលុយ៖ ដូចរូបលោកផ្ទាល់លោកមិនបានប្រើប្រាស់ជីវិតរស់នៅដើម្បីលុយនោះទេ ប៉ុន្តែជាក់ស្តែងលោកអាចទាញចំណូលច្រើនសន្ធឹកសន្ធាប់។​ ជាមួយគ្នានេះដែរ​ លោកបានប្រើប្រាស់ជីវិតមួយនេះរស់នៅដើម្បីក្តីស្រមៃ និងធ្វើរឿងដែលអស្ចារ្យក្នុងការផ្លាស់ប្តូរពិភពលោកទាំងមូល។

/. ជីវិតខ្លីណាស់ ចូលកុំរស់នៅក្នុងក្តីស្រមៃរបស់អ្នកដទៃយូរពេក៖ លោកបានលើកឡើងថា មនុស្សយើងម្នាក់ៗសុទ្ធតែមានសមត្ថភាពនៅក្នុងការច្នៃ ឬបង្កើតអ្វីមួយដែលជារបស់ខ្លួនឯង។ ក្នុងនោះ ស្ថាបនិកក្រុមហ៊ុន Apple រូបនេះមិនធ្លាប់បានបម្រើការងារឲ្យអ្នកដទៃនោះទេ ដោយសារតែលោកមានផ្នត់គំនិតបែបនេះ។ ហេតុផលទាំងនេះសបញ្ជាក់ឲ្យឃើញថា ប្រសិនបើអ្នកនៅតែបន្តរស់ក្នុងក្តីស្រមៃរបស់អ្នកដទៃយូរពេកនោះ អ្នកប្រៀបបីដូចជាស្លាប់ទាំងរស់ ព្រោះអ្នកមិនមានឱកាសក្នុងការកសាងក្តីស្រមៃសម្រាប់ខ្លួនឯងនោះឡើយ។

/. ចង់ក្លាយជាសហគ្រិនដ៏ពូកែ ត្រូវចេះបកប្រែក្តីស្រមៃ៖ សហគ្រិនភាគច្រើនរមែងមានក្តីស្រមៃក្នុងការចេញរកស៊ីហើយ ប៉ុន្តែប្រសិនបើពួកគេមិនចេះបកប្រែក្តីស្រមៃនោះទេពួកគេនឹងពិបាកទទួលបានជោគជ័យណាស់។ ដោយហេតុថា មានតែរូបគេម្នាក់ដែលយល់អំពីក្តីស្រមៃនៃការចាប់ផ្តើមធ្វើអាជីវកម្មនោះ ចំណែកឯអ្នកបម្រើការជាមួយដូចជាបុគ្គលិកជាដើម ប្រសិនបើពួកគេមិនយល់ពីក្តីស្រមៃនៃអាជីវកម្មទេនោះ ពួកគេប្រាកដជាមានក្តីស្រមៃផ្សេងៗគ្នាជាក់ជាមិនខាន។

/. កុំគិតពីហានិភ័យខ្លាំងពេកនៅពេលចាប់ផ្តើម៖ លោក Steve Jobs បានធ្វើការប្រៀបធៀបពេលទើបចេញរកស៊ីដំបូងលោកមានលុយត្រឹមតែ ៧០០ដុល្លារ ទៅ ៨០០ដុល្លារតែប៉ុណ្ណោះ។ ហើយខណៈពេលនោះផងដែរ លោកមិនទាន់មានផ្ទះជារបស់ខ្លួនឯង ហើយក៏មិនទាន់មានគ្រួសារនោះឡើយ ដូច្នេះប្រសិនបើមានការខាតបង់អ្វីមួយកើតឡើងក៏មិនមានបញ្ហាអ្វីដែលបង្កភាពធ្ងន់ធ្ងរ និងការលំបាកខ្លាំងដល់លោកដែរ។

ហេតុដូចនេះហើយ អ្នកត្រូវធ្វើការចាប់ផ្តើមធ្វើអ្វីដែលអ្នកចង់ធ្វើឥឡូវនេះ ដោយពុំចាំបាច់គិតពីហានិភ័យពេកនោះទេ។ ព្រោះប្រសិនបើយើងគិតពីអាយុរបស់យើងម្នាក់ៗពិតជាខ្លីខ្លាំងណាស់ ចូលកុំបង្កើតភាពស្តាយក្រោយចំពោះខ្លួនឯងឲ្យសោះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia