ចង់បង្កើនចំណូល! រៀនជំនាញទំនើប៣នេះជាបន្ទាន់ បើចង់ឱ្យរកលុយបានច្រើនជាងមុន
SOKLY - កូនផ្កាឈូក
JUNE 15 2025
ឌីជីថល
364 views
2 mins read

សេដ្ឋកិច្ចមិនសូវនឹងនរ មនុស្សភាគច្រើនសុទ្ធតែមានការព្រួយបារម្ភ ជាពិសេសគឺបារម្ភរឿងលុយកាក់។ ដកឃ្លាពីការអង្គុយបារម្ភ ហើយយកពេលមកអភិវឌ្ឍន៍ខ្លួនទុកតតាំងជាមួយនឹងបញ្ហា ដោយការចាប់យកនូវជំនាញទំនើបទាំង៣ ដែលមនុស្សសម័យថ្មីគួរតែមានដូចខាងក្រោម៖
. រៀនជំនាញធ្វើវីដេអូ៖ សម័យនេះជាសម័យបច្ចេកវិទ្យា ហើយមនុស្សរាប់លាននាក់សុទ្ធតែនិយមប្រើប្រាស់បណ្ដាញសង្គម ជាពិសេសគឺចូលចិត្តមើលវីដេអូនៅលើ TikTok, Facebook, YouTube ឬ Instagram ជាដើម។ ក្រៅពីការកំសាន្ត បណ្ដាញសង្គមទាំងអស់នោះ សុទ្ធតែអាចបង្កើតចំណូលឱ្យអ្នកបាន ចេញពីការផលិតវីដេអូ ឬចែករំលែកពីអ្វីដែលជាជំនាញរបស់អ្នក សព្វថ្ងៃនេះចង់លក់អ្វីមួយដាច់មិនមែនអង្គុយហៅភ្ញៀវទៀតទេ គឺគេផុសវីដេអូឱ្យភ្ញៀវមើលសិន។

២០២៥ហើយ អ្នកគួរតែចាប់ឱកាសទាញយកប្រយោជន៍ពីកម្មវិធីបណ្ដាញសង្គមទាំងអស់នោះឱ្យបាន កុំគិតថាខ្លួនចាស់ឬមិនចេះប្រើប្រាស់ មិនចេះកាត់វីដេអូ ឬមិនចេះថតឱ្យសោះ ព្រោះគ្រប់យ៉ាងចេះពីការរៀនសូត្រទាំងអស់ហ្នឹង។ ដូច្នេះហើយចូរស្វែងរកអ្វីដែលអ្នកកំពុងពូកែ ហើយទៅរៀនពីរបៀបបង្កើតវីដេអូ មិនបាច់ក្លាយជាអ្នកជំនាញទេ​ រៀនតែមួយចេះកាត់មើលកើតទៅបានហើយ។

lg.php

. រៀនជំនាញចរចា អ្នកលក់ដាច់មិនមែនគ្រាន់តែពូកែលក់នោះតែ ប៉ុន្តែពួកគេភាគច្រើនជាមនុស្សពូកែចរចាថែមទៀត។ ជំនាញចរចាជាជំនាញទំនាក់ទំនងដ៏សំខាន់មួយ មិនថាអ្នកធ្វើការអ្វី ឬរកស៊ីរបរអ្វីឡើយ បើអ្នកខ្សោយការទំនាក់ទំនង អ្នកពិបាករីកចម្រើនណាស់។

បើក្រឡេកមកមើលស្ថានភាពសេដ្ឋកិច្ចពេលនេះវិញ មនុស្សជាច្រើនសុទ្ធតែត្រូវការជំនាញចរចា ជាពិសេសគឺអ្នកដែលជំពាក់បំណុលគេរកលុយសងមិនទាន់។ ការចេះចរចាអាចជួយឱ្យអ្នកកើនចំណូល ហើយក៏អាចជួយឱ្យអ្នករួចផុតពីចំណងបញ្ហាមួយចំនួនដែរ។ ដូច្នេះហើយបើដឹងថាខ្លួនឯងមិនសូវពូកែថ្វីមាត់ កុំនៅស្ងៀម កុំបណ្ដោយឱ្យខ្លួនឯងមិនចេះទៀត ឆាប់ទៅរៀនទៅ បើបន្តនៅស្ងៀមៗអ្នកមុខជាគ្មានថ្ងៃចេះឡើយ។

. រៀនជំនាញគ្រប់គ្រងលុយ៖ លុយកំពុងពិបាករក បើមិនចេះទុកដាក់ចាត់ចែងទេ ច្បាស់ជាវេទនាខ្លួនមិនខានឡើយ។ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវនឹងនរ កុំបណ្ដោយខ្លួនឱ្យខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ កុំបណ្ដោយខ្លួនឱ្យចាយតាមចំណង់ ហើយរឹតតែកុំច្រឡំរត់ទៅបង្កើតបំណុលថែមទៀត។ បើដឹងថាខ្លួនឯងមិនពូកែគ្រប់គ្រងលុយ ត្រូវរៀនពីរបៀបគ្រប់គ្រង រៀនតាមណា? រៀនតាមរយៈការសួរនាំអ្នកដទៃ រៀនពីអ្នកជំនាញ រៀនតាមរយៈការអាន មិនខ្វះទេអ្នកចែករំលែកពីចំណេះដឹងហិរញ្ញវត្ថុ វីដេអូក៏មាន អត្ថបទក៏មាន មើលទៅ​ អានទៅមិនអស់លុយទេ តែចំណេញបានចំណេះថែមទៀត។

សូមជម្រាបផងដែរថា ការដែលចេះគិតគូរ បារម្ភ យកចិត្តទុកដាក់ ចំពោះបញ្ហានាថ្ងៃអនាគតគឺល្អហើយប៉ុន្តែកុំបណ្ដោយខ្លួនឱ្យលង់ក្នុងបញ្ហា គួរណាតែយកពេលមកពង្រឹងសមត្ថភាពសម្រាប់តតាំង និងដោះស្រាយបញ្ហាដែលនឹងកើតមានវិញទើបជាការប្រសើរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia