ក្រុមហ៊ុន OpenCode បានបង្ហោះតាមរយៈគណនី X (@opencode) របស់ខ្លួន កាលពី ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ កម្មវិធី OpenCode ដែលជាឧបករណ៍សរសេរកូដ AI ដ៏ប្រជាប្រិយមួយ បានជួបប្រទះនូវការវាយប្រហារផ្នែកសុវត្ថិភាព ដោយក្រុមហេកឃ័របានជ្រៀតជ្រែកចូលទៅក្នុងប្រព័ន្ធចាស់របស់ខ្លួន។ ហេតុការណ៍នេះបានបណ្តាលឱ្យធ្លាយសោ API របស់ក្រុមហ៊ុន AI ធំៗដូចជា OpenAI, Anthropic និង Google របស់អ្នកប្រើប្រាស់ប្រមាណ ១,៤% នៃសេវាកម្ម OpenCode Console។

ការធ្លាយនេះអនុញ្ញាតឱ្យក្រុមវាយប្រហារលួចប្រើប្រាស់គណនី AI ដើម្បីទាញយកទិន្នន័យ រហូតធ្វើឱ្យម្ចាស់គណនីរ៉ាប់រងការចំណាយខុសប្រក្រតីចាប់ពី រាប់រយ រហូតដល់ជាង ១,០០០ ដុល្លារក្នុងមួយគណនី។

បន្ទាប់ពីមានការរាយការណ៍អំពីការកើនឡើងនៃការចំណាយមិនប្រក្រតីលើបណ្តាញ Reddit និង X ក្រុមហ៊ុនផ្តល់សេវាកម្ម AI រួមមាន Anthropic និង Google បានប្រញាប់ប្រញាល់លុបចោលសោ API ដែលសង្ស័យថាបានធ្លុះធ្លាយ។ លើករណីនេះ ក្រុមហ៊ុន OpenAI បានសហការជាមួយ OpenCode ដើម្បីស្ដារប្រព័ន្ធសុវត្ថិភាពឡើងវិញ និងបានសងប្រាក់ត្រឡប់ទៅកាន់អតិថិជនដែលបានប៉ះពាល់ ខណៈដែល OpenCode ក៏បានបញ្ជូនអ៊ីមែលជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ និងកំពុងដំណើរការសំណងផងដែរ។
