លោក វណ្ណ-មូលីវណ្ណ បានកើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុក រាម ខេត្តកំពត ដោយឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយមតាំងពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
លោកធ្លាប់ជាអតីតជើងចាស់បង្អស់ក្នុងជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនោះ និងបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មីជាច្រើន។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ លោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដូរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យខ្ពស់។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧) ។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណង់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។ នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០០០០ នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។
ដំបូងឡើយ ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះកីឡា អាស៊ីឆ្នាំ១៩៦៣ តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើន។ ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំងទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោលនៅឆ្នាំ១៩៦៦។ នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។
ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សរុបមកវិញលោក វណ្ណ មូលីវណ្ណ បានសាងស្នាដៃធំៗជាច្រើនក្នុងប្រទេកម្ពុជាដែលសម្ធិទផលទាំងអស់នោះបានបន្សល់ទុកដល់សព្វថ្ងៃដែលមានដូចជា៖ សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡាដ្ឋានជាតិអូឡាំពិក, សំណង់ «ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិក ធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧ ), វិមានរដ្ឋចំការមន, សាលមហោស្រពជាតិសុរាម្រឹត(សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ), អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន, វិទ្យាស្ថានភាសាបរទេស ។
និងនៅឆ្នាំ ២០១៣ លោក វណ្ណ មូលីវណ្ណបានឈ្នះរង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc.នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្របច្ចេកវិទ្យានិង នវានុវត្ដន៍ និងវប្បធម៌ ។
ប្រភព៖ wikipedia