ការបាត់បង់ថវិកាដោយមិនដឹងខ្លួនតាមរយៈការទូទាត់ឌីជីថល ច្រើនតែកើតឡើងដោយសារការបន្តគម្រោងសេវាកម្មដោយស្វ័យប្រវត្តិ (Auto-Renewal) ក្រោយការប្រើសាកល្បងឥតគិតថ្លៃ ឬការធ្វេសប្រហែសមិនបានបិទគម្រោងចាស់ៗចោល។ ហានិភ័យនេះកាន់តែខ្ពស់នៅពេលដែលទូរស័ព្ទត្រូវបានកំណត់ឱ្យចងចាំទិន្នន័យកាតដោយមិនទាមទារការបញ្ជាក់សញ្ញាណ ដែលងាយនឹងបង្កឱ្យមានការចុចទិញដោយច្រឡំ ជាពិសេសពីសំណាក់ក្មេងៗ។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកប្រើប្រាស់គួរទម្លាប់ឆែកមើលបញ្ជី Subscriptions ដើម្បីលុបសេវាកម្មដែលមិនប្រើប្រាស់ កំណត់ការបញ្ជាក់ការទិញតាមរយៈស្នាមម្រាមដៃឬផ្ទៃមុខ និងជ្រើសរើសប្រើប្រាស់ Virtual Card រួមជាមួយការកំណត់ដែនកំណត់ចំណាយក្នុងកម្មវិធីធនាគារ ដើម្បីធានាសុវត្ថិភាពសាច់ប្រាក់ក្នុងគណនីសន្សំបានយ៉ាងរឹងមាំ។

១./ ការភ្លេចលុបការជាវសេវាកម្ម (Unsubscribe) គឺជាប្រភពនៃការបាត់បង់ថវិកាដោយស្វ័យប្រវត្តិ ដែលអ្នកប្រើប្រាស់ជាច្រើនមើលរំលង។ ជាទូទៅ នៅពេលអ្នកភ្ជាប់កាតធនាគារជាមួយកម្មវិធីដើម្បីប្រើសាកល្បង (Free Trial) ឬទិញគម្រោងណាមួយ ប្រព័ន្ធនឹងបន្តកាត់លុយរហូតដល់អ្នកទៅចុចបញ្ឈប់ដោយផ្ទាល់នៅក្នុងការកំណត់របស់ទូរស័ព្ទ។ អ្វីដែលសំខាន់បំផុតនោះគឺ ការលុបកម្មវិធី (Uninstall App) ចេញពីទូរស័ព្ទ គឺមិនអាចបញ្ឈប់ការកាត់លុយបានឡើយ ដរាបណាការជាវផ្លូវការមិនទាន់ត្រូវបានលុបចោល (Cancel Subscription)។ ដូច្នេះ ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុ អ្នកត្រូវតែតាមដាន និងបិទសេវាកម្មទាំងនោះឱ្យបានត្រឹមត្រូវមុនថ្ងៃកំណត់។

ដើម្បីការពារការកាត់លុយដោយអចេតនា អ្នកគួរអនុវត្តវិធីសាស្ត្រសំខាន់ៗពីរគឺ៖ ទីមួយ "ទិញហើយ ចុច Cancel ភ្លាម" ពោលគឺបន្ទាប់ពីចុះឈ្មោះប្រើ Free Trial រួច អ្នកអាចចូលទៅចុច Cancel ក្នុង Settings បានភ្លាមៗ ដែលវិធីនេះជួយឱ្យអ្នកនៅតែអាចប្រើមុខងារ Premium បានរហូតដល់ថ្ងៃផុតកំណត់ ប៉ុន្តែប្រព័ន្ធនឹងមិនកាត់លុយបន្តនៅវគ្គបន្ទាប់ឡើយ។ ទីពីរ ត្រូវ "តាមដានក្នុង Store ឱ្យបានទៀងទាត់" ដោយចូលទៅឆែកក្នុងផ្នែក Subscriptions លើ App Store ឬ Play Store ដើម្បីលុបសេវាកម្មដែលមិនចាំបាច់ចោល។
២/. ការកំណត់ Transaction Limit (ដែនកំណត់ប្រតិបត្តិការ) លើកាតធនាគារ៖ សម្រាប់ការកំណត់ Transaction Limit លើកាត ABA ដើម្បីការពារការកាត់លុយពី App ផ្សេងៗ ឬដើម្បីសុវត្ថិភាពពីជន Hacker អ្នកអាចធ្វើតាមជំហានងាយៗដូចខាងក្រោម៖
- ចូលទៅកាន់ Cards រួចជ្រើសរើសកាតរបស់អ្នក
- ចូលទៅកាន់មុខងារប្តូរកម្រិតប្រតិបត្តិការ
- កំណត់ចំនួនទឹកប្រាក់ទិញអតិបរមា
- កំណត់ចំនួនទឹកប្រាក់ជា $5.00 (បើចង់បិទមិនឱ្យកាត់សោះ អាចកំណត់ $0.00 ឬកំណត់ចំនួនតិចតួចណាមួយបានហើយ បន្ទាប់មកចុចប៊ូតុង Save ជាការស្រេច។
- ចំណុចមួយទៀតបើមិនចាំបាច់ប្រើកាតទេ អាចចុចបង្កកកាតចោលក៏ល្អ ដល់ពេលដែលត្រូវប្រើចាំបើកវិញក៏បាន។


គូសបញ្ហាថា កាត់លុយតាមទូរស័ព្ទភាគច្រើនមិនមែនជាកំហុសរបស់ធនាគារឡើយ ប៉ុន្តែវាជាការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងសេវាកម្មឌីជីថល។ ដើម្បីដោះស្រាយបញ្ហានេះ ការប្រើប្រាស់ កាតឥណពន្ធសប្បនិមិ្មត (Virtual Card) ដូចជាកាត ABA គឺជាជម្រើសដ៏ឆ្លាតវៃ និងពេញនិយមបំផុតនៅកម្ពុជា ព្រោះវាផ្តល់សិទ្ធិម្ចាស់ការ ១០០% ដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងតាមរយៈ App។ អ្នកអាចកំណត់ដែនកំណត់ចំណាយ ប្តូរលេខកូដ ឬបិទកាតជាបណ្ដោះអាសន្នបានភ្លាមៗ ដែលជួយកាត់បន្ថយហានិភ័យនៃការកាត់លុយ ឬបង្កកលុយដោយអចេតនា និងធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុដោយមិនចាំបាច់ចំណាយពេលទៅធនាគារផ្ទាល់។

ដើម្បីភាពងាយស្រួលសម្រាប់អតិថិជន ABA បានដាក់ឲ្យប្រើប្រាស់ទូរស័ព្ទចំនួនពីរខ្សែ ដែលអ្នកទាំងអស់គ្នាអាចទាក់ទងបានគ្រប់ពេលវេលា 24 ម៉ោង លើ 24 ម៉ោងក្នុងករណីជួបបញ្ហាណាមួយជាមួយសេវាកម្មលើ App ឬតម្រូវការផ្សេងៗ។ សូមទាក់ទងខាងក្រោម៖
- ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203 333 សម្រាប់ព័ត៌មានទូទៅ។
- ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 204 204 សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាកម្ចី។
- 098 203 203 សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី ABA Mobile ។
- ឬទាក់ទងតាមរយៈ Email: [email protected]
