ល្អណាស់! ក្រសួងមហាផ្ទៃកំណត់ពេលត្រឹម ៤ម៉ោង សម្រាប់មន្ត្រីឆ្លើយតបលើឯកសារស្នើសុំសេវាអនឡាញច្រកចេញចូលតែមួយ
ផែន ផាន់ណា
JUNE 25 2026
នវានុវត្តន៍
4 views
2 mins read

ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំផ្លូវការមួយ ស្តីពីនីតិវិធីនៃការទទួល និងការពិនិត្យលើការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីណែនាំលេខ ០៤៣ សណន ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់យ៉ាងច្បាស់នូវនីតិវិធីចំនួន ៥ ដំណាក់កាល សម្រាប់មន្ត្រីអនុវត្ត ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា រួមមាន៖

១. ការទទួល និងពិនិត្យសំណុំឯកសារ៖ មន្ត្រីជួរមុខត្រូវទាញយកសំណុំឯកសារដែលពលរដ្ឋបានដាក់តាមប្រព័ន្ធអនឡាញមកពិនិត្យ។ ក្នុងករណីឯកសារមានចំណុចខ្វះខាត មន្ត្រីត្រូវផ្តល់ព័ត៌មានត្រឡប់ទៅពលរដ្ឋវិញយ៉ាងយូរ ៤ម៉ោង នៃម៉ោងធ្វើការ តាមរយៈប្រព័ន្ធផ្ញើសារ SMS ឬ Telegram។

២. ការបង់កម្រៃសេវា៖ ក្រោយឯកសារត្រូវបានពិនិត្យថាត្រឹមត្រូវ ពលរដ្ឋត្រូវបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូ។ ក្នុងករណីប្រព័ន្ធបង់ប្រាក់មានបញ្ហា ពលរដ្ឋនៅតែអាចអញ្ជើញមកបង់ជាសាច់ប្រាក់ផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយបាន។

៣. ការផ្តល់យោបល់តាមប្រព័ន្ធឌីជីថល៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless) និងងាយស្រួលក្នុងការស្វែងរក មន្ត្រីជំនាញផ្នែកខាងក្រោយ ត្រូវធ្វើការផ្តល់យោបល់លើសំណុំឯកសារដោយផ្ទាល់ទៅក្នុងប្រព័ន្ធឌីជីថលតែម្តង។

៤. ការសម្រេច៖ បន្ទាប់ពីឆ្លងកាត់ការពិនិត្យពីមន្ត្រីជំនាញ ប្រធានអង្គភាពច្រកចេញចូលតែមួយនឹងរៀបចំសំណុំឯកសារ (អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗ) ដើម្បីដាក់ជូនអភិបាលរាជធានី-ខេត្ត ធ្វើការពិនិត្យ សម្រេច និងចុះហត្ថលេខា។

៥. ការផ្តល់លទ្ធផល និងតម្លៃច្បាប់នៃ QR Code៖ នៅពេលទទួលបានលទ្ធផល មន្ត្រីត្រូវជូនដំណឹងទៅពលរដ្ឋដើម្បីមកទទួលយក។ ចំណុចសំខាន់ដែលពលរដ្ឋត្រូវកត់សម្គាល់គឺ ត្រូវយក "ឯកសារច្បាប់ដើម" មកផ្ទៀងផ្ទាត់មុននឹងទទួលយកលទ្ធផល។ លើសពីនេះ ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលសេវាដែលចេញពីប្រព័ន្ធអនឡាញ (ដែលមានភ្ជាប់ QR Code) គឺ មានតម្លៃគតិយុត្តស្មើនឹងឯកសារច្បាប់ដើមដែលមានការបោះត្រាផ្ទាល់ ផងដែរ។

សេចក្តីណែនាំនេះ ត្រូវបានក្រសួងមហាផ្ទៃតម្រូវឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ទទួលបន្ទុកអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ នេះសបញ្ជាក់ឱ្យឃើញពីការបោះជំហានយ៉ាងស្វាហាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបច្ចេកវិទ្យា (GovTech) មកបម្រើសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព ឆាប់រហ័ស និងទំនើបកម្ម៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia