ដំណឹងល្អ! ក្រុមហ៊ុន យូនីលីវើ ត្រៀមរៀបចំខ្សែសង្វាក់ផលិតកម្មរោងចក្រនៅខ្មែរ ចុងឆ្នាំនេះហើយ
ផែន ផាន់ណា
JUNE 25 2026
អាជីវកម្ម 4.0
268 views
1 min read

យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូនីលីវើ ចក្រភពអង់គ្លេស (Unilever UK) ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនកំពុងត្រៀមរៀបចំខ្សែសង្វាក់ផលិតកម្មរោងចក្រនៅក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលមួយចំនួននៅក្នុងឆ្នាំ២០២៦នេះ។

730313562 1025960723225794 9122269740187326794 N.png

ការប្រកាសពីផែនការបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងស្រុកនេះ គឺជាជំហានប្រវត្តិសាស្ត្រ និងជាសញ្ញាណដ៏វិជ្ជមានមួយ ខណៈដែលបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) ទាំងអស់១០០ភាគរយ ត្រូវបាននាំចូលពីបណ្តាប្រទេសនានាដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌា។ ការងាកមកបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលខាងមុខ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ និងនាំមកនូវផលិតផលស្តង់ដារអន្តរជាតិផលិតផ្ទាល់នៅក្នុងស្រុក។

729364574 1564122772091329 4480317916860927191 N.png

ទន្ទឹមនឹងការប្រកាសពីគម្រោងរោងចក្រថ្មីនេះ ក្រុមហ៊ុនក៏បានធ្វើការបំភ្លឺជូនសាធារណជន និងអតិថិជនរបស់ខ្លួន ទាក់ទងនឹងផលិតផលដែលមានលេខកូដក្បាល ៨៨៥ (Barcode 885) ដែលនៅបន្តមានវត្តមានលើទីផ្សារផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ផលិតផលទាំងនោះមិនមែនជាទំនិញដែលក្រុមហ៊ុនទើបតែនាំចូលថ្មីនោះទេ ប៉ុន្តែវាគឺជាស្តុកចាស់ដែលនៅសេសសល់ និងកំពុងស្ថិតនៅក្នុងដៃអាជីវករលក់ដុំនិងរាយតែប៉ុណ្ណោះ។

731674204 1504209788053846 5248599578009726879 N.png

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) តែងតែទទួលបានការទទួលស្គាល់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់ស្ថាប័នពាក់ព័ន្ធ លើការអនុលោមតាមច្បាប់ ការបង់ពន្ធ និងការចូលរួមចំណែកជួយដល់សេដ្ឋកិច្ចសង្គម។ ជាក់ស្តែង ក្រុមហ៊ុនត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជា "ក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេលំដាប់ថ្នាក់ទី១៤" ក្នុងឆ្នាំ២០២៥ និងទទួលបានប័ណ្ណសរសើរជា "សហគ្រាសបង់ពន្ធធំបំផុត" ពីអគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ពីអភិបាលកិច្ចល្អ និងការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្ម។

730413882 978213991702884 3253372122525980574 N.png

តាមរយៈការបោះជំហានបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងស្រុកនេះ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តឈរជើងយ៉ាងរឹងមាំជាមួយប្រជាជនកម្ពុជា ដើម្បីបន្តផ្តល់ជូននូវផលិតផលប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងស្តង់ដារអន្តរជាតិ ជូនដល់គ្រប់ក្រុមគ្រួសារកម្ពុជា៕

727467178 2545447279248283 7492793601900108543 N.png

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia