ដំណឹងល្អ! ក្រសួងប្រៃសណីយ៍ និង AFD របស់បារាំង កំពុងជំរុញគម្រោងធ្វើមជ្ឈមណ្ឌលជាតិ AI និងវិទ្យាសាស្ត្រទិន្នន័យ
ផែន ផាន់ណា
APRIL 21 2026
ស្ទីម - STEAM
64 views
2 mins read

កាលពីថ្ងៃទី២៣ដល់២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម សេង សុភាព ប្រធានរាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាង AFD នៅកម្ពុជា និងមន្រ្តី ក.ប.ទ. និង ប.ប.ឌ.។
656955730 1330061815840588 6712611437451423304 N

ក្នុងកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនេះ តំណាង ក.ប.ទ. ប.ប.ឌ. និង AFD បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោងនិងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។
គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ ក.ប.ទ. ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តយ៉ាងលឿននេះបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI)។ គម្រោងនេះនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធរួម (Shared and Sovereign Infrastructure) អាចឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ វិស័យឯកជន និងធុរកិច្ចថ្មីឌីជីថល ប្រើប្រាស់ឧបករណ៍គណនាកម្រិតខ្ពស់ (High Performance Computing Cluster) និងមានអ្នកជំនាញ AI គាំទ្រផ្នែកបច្ចេកទេស។

657156017 1330061715840598 3904116744570983436 N
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និង លោកស្រី Christine Ha នឹងបន្តសហការក្នុងការរៀបចំនិងការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនេះ តាមផែនការដែលបានគ្រោងទុក។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia