ដំណឹងដ៏គួរឲ្យរំភើបសម្រាប់វិស័យបច្ចេកវិទ្យា និងសុខាភិបាលនៅកម្ពុជា! ក្រុមហ៊ុនធុរកិច្ចថ្មី (Startup) របស់កម្ពុជា PillTech Solutions បានសាងប្រវត្តិសាស្ត្រ និងមុខមាត់យ៉ាងត្រចះត្រចង់ជូនជាតិ ដោយបានជាប់ជាបេក្ខភាព ៥ ក្រុមចុងក្រោយ (Top 5 Finalists) សម្រាប់ពានរង្វាន់ People’s Choice Award 2026 របស់មូលនិធិ Swiss Re Foundation។ អ្វីដែលកាន់តែគួរឲ្យកោតសរសើរនោះគឺ ស្នាដៃកូនខ្មែរមួយនេះបានលេចធ្លោជាងគេ ក្នុងចំណោមបេក្ខភាពចូលរួមប្រកួតប្រជែងរហូតដល់ទៅ ៣០៧ ក្រុមមកពីជុំវិញពិភពលោក។ ចង់ចូលរួមបោះឆ្នោត គឺនៅទីនេះ៖ https://www.swissrefoundation.org/.../People-s-Choice...

តើ PillTech ជាអ្វី ហើយពួកគេមានសេវាកម្មអ្វីខ្លះ? PillTech គឺជាថ្នាលបច្ចេកវិទ្យា B2B (Business-to-Business) ឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើទំនើបកម្ម និងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ម្ចាស់ឱសថស្ថាន។ សេវាកម្មគោលរបស់ PillTech រួមមាន៖
- ទីផ្សារបោះដុំឱសថឌីជីថល (B2B Ordering Platform): អនុញ្ញាតឲ្យម្ចាស់ឱសថស្ថានអាចបញ្ជាទិញថ្នាំពេទ្យស្របច្បាប់ជាង ៣,០០០ ប្រភេទ (ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល) តាមរយៈកម្មវិធីទូរសព្ទ ឬវេបសាយ ជាមួយតម្លៃច្បាស់លាស់ និងការដឹកជញ្ជូនរហ័សទូទាំង ២៥ ខេត្តក្រុង។
- ប្រព័ន្ធគ្រប់គ្រងការលក់ និងស្តុកឱសថ (POS & Inventory System): ប្រព័ន្ធកុំព្យូទ័រដែលជួយឱសថស្ថានក្នុងការគ្រប់គ្រងការលក់ដូរប្រចាំថ្ងៃ តាមដានស្តុកថ្នាំចេញចូល និងគ្រប់គ្រងកាលបរិច្ឆេទថ្នាំផុតកំណត់បានយ៉ាងងាយស្រួល និងសុក្រឹត ដោយមានការប្រើប្រាស់បច្ចេកវិទ្យា AI បន្ថែមផងដែរ។
- ការបណ្តុះបណ្តាលចំណេះដឹង (PillTech Academy): មិនត្រឹមតែផ្តោតលើបច្ចេកវិទ្យា PillTech ក៏មានផ្តល់វគ្គសិក្សាដល់ឱសថការី ដើម្បីទទួលបានពិន្ទុអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) ដែលជួយពង្រឹងចំណេះដឹងទាំងផ្នែកគ្លីនិក និងការគ្រប់គ្រងអាជីវកម្ម។
- តាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានេះ PillTech បានជួយឲ្យឱសថស្ថានខ្នាតតូចនិងមធ្យម អាចដំណើរការអាជីវកម្មបានរលូន និងធានាថាប្រជាជនខ្មែរទទួលបានឱសថដែលមានគុណភាពនិងសុវត្ថិភាពខ្ពស់។

ភាពជោគជ័យឈានដល់វគ្គផ្តាច់ព្រ័ត្រលំដាប់ពិភពលោកនាពេលនេះ គឺបញ្ជាក់ពីសមត្ថភាពច្នៃប្រឌិតរបស់កូនខ្មែរក្នុងការដោះស្រាយបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា។ PillTech ក៏ជាអតីតនិស្សិតកិច្ចក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia ជំនាន់ទី១ (Cohort 1) ផងដែរ ដែលនេះសបញ្ជាក់ពីការរីកចម្រើននៃប្រព័ន្ធគាំទ្រធុរកិច្ចថ្មីនៅកម្ពុជា។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (Techo Startup Center) និង Startup Cambodia ក៏បានរៀបចំយុទ្ធនាការអំពាវនាវយ៉ាងផុសផុលដល់សាធារណជន ឲ្យចូលរួមបោះឆ្នោតគាំទ្រស្នាដៃបច្ចេកវិទ្យាកូនខ្មែរមួយនេះ ដើម្បីរុញច្រានធុរកិច្ចថ្មីកម្ពុជាឲ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ដែលយុទ្ធនាការបោះឆ្នោតនេះទើបតែបានបិទបញ្ចប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។ ចូលរួមបោះឆ្នោតនៅទីនេះ៖ https://www.swissrefoundation.org/.../People-s-Choice...
