កាលពីប៉ុន្មានឆ្នាំមុន ឈ្មោះរបស់លោក Aravind Srinivas គ្រាន់តែជាឈ្មោះរបស់អ្នកវិទ្យាសាស្ត្រស្រាវជ្រាវវ័យក្មេងម្នាក់ ដែលគ្មាននរណាម្នាក់នៅក្នុងពិភពជំនួញស្គាល់នោះឡើយ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន បុរសជនជាតិឥណ្ឌារូបនេះបានក្លាយជាបុគ្គលដ៏លេចធ្លោបំផុតមួយរូបក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បន្ទាប់ពីលោកបានបង្កើត Perplexity AI ដែលជាប្រព័ន្ធស្វែងរកទិន្នន័យជំនាន់ថ្មី ហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយស្តេចត្រាញ់ Google។

មុនពេលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន លោក Aravind គ្រាន់តែជាទំពាំងស្នងឫស្សីដែលផ្តោតលើការសិក្សា ដោយលោកបានបញ្ចប់ថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យលំដាប់ពិភពលោក UC Berkeley។ ភាពស្ងប់ស្ងាត់ក្នុងការស្រាវជ្រាវនៅពីក្រោយខ្នងស្ថាប័នធំៗដូចជា OpenAI និង DeepMind របស់ Google បានក្លាយជាគ្រឹះយ៉ាងរឹងមាំ ដែលជួយឱ្យលោកមើលឃើញពីចន្លោះប្រហោងនៃប្រព័ន្ធស្វែងរកទិន្នន័យនាពេលបច្ចុប្បន្ន និងឈានទៅដល់ការបង្កើតប្រព័ន្ធ Answer Engine ដែលផ្តល់ចម្លើយភ្លាមៗជំនួសឱ្យការចុចមើលលីងរញ៉េរញ៉ៃ។

ចំណុចលេចធ្លោបន្តមកទៀត គឺយុទ្ធសាស្ត្រការងារដែលផ្តោតលើល្បឿន និងការស្តាប់មតិអ្នកប្រើប្រាស់ជាចម្បង។ ក្នុងនាមជាស្ថាបនិកថ្មីថ្មោង លោក Aravind មិនបានជ្រើសរើសធ្វើការក្នុងបន្ទប់បិទជិតនោះទេ ប៉ុន្តែលោកបានប្រើប្រាស់បណ្តាញសង្គម X ដើម្បីជជែក និងទទួលយកមតិរិះគន់ពីអ្នកប្រើប្រាស់ផ្ទាល់។ ភាពរហ័សរហួនក្នុងការកែប្រែ និងអភិវឌ្ឍផលិតផលទៅតាមតម្រូវការជាក់ស្តែងនេះ បានធ្វើឱ្យកម្មវិធី Perplexity ផ្ទុះការគាំទ្រយ៉ាងខ្លាំង និងទាក់ទាញអ្នកប្រើប្រាស់ប្រចាំខែបានរាប់សិបលាននាក់ក្នុងរយៈពេលដ៏ខ្លីបំផុត។

ជាចុងក្រោយ ភាពជោគជ័យដ៏អស្ចារ្យដែលមិនអាចប្រកែកបាន គឺសមត្ថភាពក្នុងការបង្កើតទំនុកចិត្តចំពោះមុខវិនិយោគិនលំដាប់ពិភពលោក។ ពីអតីតកាលដែលជាបុគ្គលគ្មានទុន និងគ្មានខ្នងបង្អែក លោក Aravind អាចប្រើប្រាស់សមត្ថភាព និងចក្ខុវិស័យដ៏ច្បាស់លាស់របស់ខ្លួន រហូតទាក់ទាញការបណ្តាក់ទុនរាប់រយលានដុល្លារពីកំពូលមហាសេដ្ឋី Jeff Bezos ស្ថាបនិក Amazon និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស NVIDIA។ សមិទ្ធផលទាំងនេះបានសញ្ជាក់ថា លោក Aravind Srinivas បានដើរចេញពីស្រមោលនៃភាពអនាមិក មកធ្វើជាអ្នកដឹកនាំចក្ខុវិស័យដ៏ពិតប្រាកដ ដែលកំពុងកែប្រែទំព័រប្រវត្តិសាស្ត្រនៃការស្វែងរកព័ត៌មាននៅលើពិភពឌីជីថល។
