សឹងមិនជឿ! នេះជាចំនួនប្រាក់ខែគោលមេធំ Facebook លោក Mark Zuckerberg ជាមួយនឹងចំណូលខាងក្រៅ
Khunna - ឃុនណា
•
NOVEMBER 27 2026
•
Tech Founder
•
10 views
•
2 mins read
•

លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta Platforms ទទួលប្រាក់ខែគោលត្រឹមតែ ១ ដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ បើទោះបីជាលោកជាមហាសេដ្ឋី និងដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅលើពិភពលោកក៏ដោយ។ យោងតាមឯកសារផ្លូវការរបស់ Meta ដែលដាក់ជូនគណៈកម្មការមូលបត្រអាមេរិក (SEC) បានបញ្ជាក់ថា លោក Zuckerberg បានស្នើសុំទទួលប្រាក់ខែគោលត្រឹមតែ ១ ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយក្រុមហ៊ុនបានបន្តអនុវត្តតាមសំណើនេះ។

Facebook Founder and Ceo Mark Zuckerberg Delivers the News Photo 1740153091

ជាក់ស្តែង ក្នុងតារាងសំណងប្រចាំឆ្នាំរបស់ Meta សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញក្នុងឯកសារ 2026 Proxy Statement បានបញ្ជាក់ថា លោក Zuckerberg ទទួលបានប្រាក់ខែគោល ១ ដុល្លារក្នុងឆ្នាំ២០២៣ ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយមិនទទួលបានប្រាក់រង្វាន់ ឬភាគហ៊ុនជារង្វាន់ឡើយ។ លើសពីនេះ ឯកសារ Information Statement របស់ Meta ដែលបានដាក់ទៅកាន់ SEC និងចេញផ្សាយសម្រាប់ម្ចាស់ភាគហ៊ុននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ថា លោកបានទទួលប្រាក់ខែគោលត្រឹមតែ ១ ដុល្លារក្នុងមួយឆ្នាំ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ មកម្ល៉េះ។

ទោះជាប្រាក់ខែគោលមានចំនួនត្រឹមតែ ១ ដុល្លារក៏ដោយ ក៏សំណងសរុបដែលបានរាយការណ៍សម្រាប់លោក Zuckerberg ក្នុងឆ្នាំ២០២៥ មានចំនួន ២៥,១២៥,៩០៤ ដុល្លារអាមេរិក។ អមជាមួយគ្នានេះដែរក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន Meta Platforms របស់លោក Mark Zuckerberg រកចំណូលបានជាង ២០០ ពាន់លានដុល្លារ និងមានប្រាក់ចំណេញសុទ្ធជាង ៦០ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុផ្លូវការដែល Meta ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

Meta Ceo Mark Zuckerberg Arrives to the Los Angeles Superior Court on Feb 18 2026

ទោះជាយ៉ាងណា ចំនួននេះមិនមែនជាប្រាក់ខែដែលលោកទទួលបានដោយផ្ទាល់ទាំងអស់នោះទេ ព្រោះវារួមបញ្ចូលចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងសន្តិសុខផ្ទាល់ខ្លួន ការធ្វើដំណើរ និងការប្រើប្រាស់យន្តហោះឯកជនរបស់លោកផងដែរ។ តាមឯកសារដដែល ចំណាយផ្សេងៗទាំងនេះមានចំនួន ២៥,១២៥,៩០៣ ដុល្លារ ខណៈប្រាក់ខែគោលមានត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការទទួលប្រាក់ខែគោលត្រឹមតែ ១ ដុល្លារក្នុងមួយឆ្នាំរបស់លោក Mark Zuckerberg មិនមែនមានន័យថា លោកមិនមានចំណូល ឬទ្រព្យសម្បត្តិផ្សេងទៀតនោះទេ ដោយលោកក៏មានភាគហ៊ុនដ៏ច្រើននៅក្នុងក្រុមហ៊ុន Meta ផងដែរ។ ដូច្នេះ ប្រាក់ខែគោល និងទ្រព្យសម្បត្តិ ឬចំណូលពីការកាន់កាប់ភាគហ៊ុន គឺជារឿងពីរផ្សេងគ្នា។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia