ឲ្យ AI លក់ជំនួស? យុវជនខ្មែរម្នាក់ច្នៃបង្កើត AI តបសារ ជួយលក់ជំនួសម្ចាស់ហាង អាចអានដាច់ទាំងភាសាខ្មែរ អង់គ្លេស និងអង់គ្លេសសំនៀងខ្មែរ
ផែន ផាន់ណា
MAY 15 2026
នវានុវត្តន៍
142 views
3 mins read

តើអ្នកធ្លាប់បាត់បង់អតិថិជន និងការលក់ដោយសារតែការឆ្លើយតបសារយឺតយ៉ាវ ភ្លេចតប ឬគ្មានអ្នកប្រចាំការនៅពេលយប់ដែរឬទេ? ការលក់អនឡាញនៅកម្ពុជាតាមរយៈ Facebook, Telegram និង TikTok កំពុងមានសន្ទុះខ្លាំង ប៉ុន្តែអាជីវកម្មភាគច្រើននៅតែពឹងផ្អែកទាំងស្រុងលើកម្លាំងមនុស្ស (Admin) ក្នុងការឆ្លើយតបអតិថិជន ។ បញ្ហាឆ្លើយមិនទាន់ពេល ឬគ្មានអ្នកតបនៅពេលយប់ គឺជាកត្តាចម្បងដែលធ្វើឱ្យបាត់បង់ឱកាសលក់យ៉ាងច្រើន ។ ដើម្បីដោះស្រាយបញ្ហានេះ "TobSar (តបសារ)" ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមិនមែនត្រឹមតែជា Chatbot ស្វ័យប្រវត្តិធម្មតាឡើយ ប៉ុន្តែវាជា AI Sales Agent Platform ដែលអាចជួយលក់បានពិតៗ ។

627321506 122097640935248394 5347558748487408045 N.jpg

T1

នៅក្នុងកិច្ចសម្ភាសន៍ពិសេសរវាងក្រុមការងារ Technology Cambodia និងលោក ណាង ចិត្រា​ ស្ថាបនិកនៃ TobSar លោកបានលើកឡើងយ៉ាងច្បាស់ថា ចំណុចដែលធ្វើឱ្យ TobSar លេចធ្លោដាច់គេពី AI ដទៃ គឺការអភិវឌ្ឍឡើងយ៉ាងពិសេសសម្រាប់បរិបទប្រទេសកម្ពុជាតាំងពីដំបូងមកម្ល៉េះ ។ ខណៈពេលដែល AI បរទេសភាគច្រើនមិនទាន់អាចយល់ភាសាខ្មែរបានល្អឥតខ្ចោះ ជាពិសេសនៅពេលដែលអតិថិជនសរសេរជាភាសាខ្មែរលាយអង់គ្លេស ពាក្យស្លែង ឬពាក្យកាត់ខ្លីៗដូចជា “តម្លៃម៉ាន់បង” ឬ “freeដឹកអត់បង?” ជាដើម នោះ TobSar អាចយល់ពីចេតនា (Intent) ពិតប្រាកដរបស់ពួកគេបានយ៉ាងច្បាស់ ។ លោក ចិត្រា បានបន្ថែមថា ភាពវៃឆ្លាតនេះកើតចេញពីការបង្វឹក (Train) ប្រព័ន្ធដោយប្រើប្រាស់ទិន្នន័យសន្ទនាពិតៗ ដើម្បីឱ្យវាអាចយល់ពីសារជាសំឡេង និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ខ្មែរបានយ៉ាងរលូន និងធម្មជាតិ ។

T2

ស្ថាបនិករូបនេះបានបន្តរៀបរាប់ប្រាប់ Technology Cambodia ពីមុខងារស្នូលរបស់ TobSar ដែលផ្តោតលើការផ្តល់នូវដំណោះស្រាយលក់ដោយស្វ័យប្រវត្តិ ឬហៅថា "Sell While You Sleep" ដែលអនុញ្ញាតឱ្យអាជីវកម្មអាចបន្តលក់ និងឆ្លើយតបអតិថិជន ២៤ម៉ោងលើ ៧ថ្ងៃ ទោះបីជាគ្មាន Admin ប្រចាំការក៏ដោយ ។ ប្រព័ន្ធនេះអាចភ្ជាប់ទៅកាន់ប្រព័ន្ធគ្រប់គ្រងស្តុក ឬ POS ដែលផ្តល់ជូនដោយឥតគិតថ្លៃ ដែលជួយឱ្យ AI អាចឆែកមើលទំនិញភ្លាមៗ បង្កើតវិក្កយបត្រ បញ្ចេញ KHQR បញ្ជាក់ការបង់ប្រាក់ និងបញ្ជូនការបញ្ជាទិញទៅកាន់ផ្នែករៀបចំទំនិញបានដោយស្វ័យប្រវត្តិ ។ ដំណើរការទាំងនេះជួយកាត់បន្ថយបន្ទុកការងារយ៉ាងច្រើន និងបញ្ចៀសការបាត់បង់ការលក់ ខណៈម្ចាស់អាជីវកម្មអាចងាកទៅផ្តោតលើការលូតលាស់អាជីវកម្មវិញ ។

ថ្មី

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមការងារអំពីសុវត្ថិភាពទិន្នន័យ លោក ចិត្រា បានសង្កត់ធ្ងន់ថា ទិន្នន័យត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុតតាមរយៈប្រព័ន្ធ Cloud សុវត្ថិភាព និងការបំប្លែងកូដ (Encryption) ដោយសារការកសាងទំនុកចិត្តគឺជាអាទិភាពចម្បងរបស់ TobSar សម្រាប់ទីផ្សារកម្ពុជា ។ សម្រាប់ម្ចាស់អាជីវកម្ម SME ដែលមិនសូវមានជំនាញបច្ចេកទេស ក៏អាចប្រើប្រាស់វាបានយ៉ាងងាយស្រួល ព្រមទាំងមានក្រុមការងាររង់ចាំគាំទ្រជានិច្ច ។ ជាចុងក្រោយ លោកបានចែករំលែកពីចក្ខុវិស័យ ៣ ទៅ ៥ ឆ្នាំខាងមុខថា TobSar ដែលបច្ចុប្បន្នដំណើរការលើ Facebook, Telegram និង TikTok នឹងពង្រីកការភ្ជាប់ទៅកាន់ E-commerce Platforms, CRM និងសេវាកម្មដឹកជញ្ជូនផ្សេងៗ ដើម្បីប្រែក្លាយខ្លួនជាប្រព័ន្ធអេកូឡូស៊ីលក់ដូរតាម AI (AI Commerce Ecosystem) ដ៏រឹងមាំមួយ សម្រាប់បម្រើដល់អាជីវកម្មក្នុងស្រុក តំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។

T4

ជារួម TobSar មិនមែនត្រឹមតែជា Chatbot សាមញ្ញនោះទេ ប៉ុន្តែវាគឺជា AI Sales Agent Platform ដែលជាអនាគតនៃការលក់អនឡាញយ៉ាងពិតប្រាកដ ។ វាត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាភាសា និងការលក់សម្រាប់អាជីវកម្មនៅក្នុងស្រុក ដោយជួយសម្រួលដល់ដំណើរការឆ្លើយតប ការឆែកស្តុក និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ដែលផ្តល់លទ្ធភាពឱ្យម្ចាស់អាជីវកម្មអាចបង្កើនការលក់បានទោះបីជាកំពុងសម្រាកក៏ដោយ។ កុំបណ្តោយឱ្យអតិថិជនរង់ចាំយូររហូតដល់ប្តូរចិត្តទិញហាងផ្សេង! ដល់ពេលដែលអ្នកត្រូវធ្វើទំនើបកម្មអាជីវកម្មអនឡាញរបស់អ្នកហើយ។ ចាប់ផ្តើមស្វែងយល់ និងប្រើប្រាស់ TobSar ថ្ងៃនេះ ដើម្បីពន្លឿនការលក់ សន្សំពេលវេលា និងបង្កើនប្រសិទ្ធភាពអាជីវកម្មរបស់អ្នកទាំងអស់គ្នា!

អត្ថបទដោយ៖ ផែន ផាន់ណា
Tech Content Local

T8

T6

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia