នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងសាធារណការនិងដឹកជញ្ជូន (ស.ក.ជ) បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប័ណ្ណបើកបរឌីជីថល» ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
ពិធីប្រកាសនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ក.ប.ទ. និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង ស.ក.ជ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៣៣០នាក់។
ការដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលកើតចេញពីការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រវាងក្រសួងទាំងពីរ ដើម្បីភ្ជាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ជ។ ការតភ្ជាប់នេះត្រូវបានធ្វើឡើងដើម្បីផ្ទៀងផ្ទាត់ និងបង្ហាញពីភាពត្រឹមត្រូវ សុពលភាព ពិន្ទុ និងទិន្នន័យផ្សេងៗទៀតនៃប័ណ្ណបើកបរ ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ប័ណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh ត្រូវបានបែងចែកជា ៣ ប្រភេទរួមមាន៖
ប័ណ្ណបើកបរដែលមាន QR Code របស់ ស.ក.ជ (ដែលបានចេញរួច)៖ អ្នកប្រើប្រាស់អាចស្កេន QR Code នៅលើប័ណ្ណបើកបរទាំងនោះ ដែលវានឹងបញ្ជូនបន្ត (redirect) ទៅកាន់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
ប័ណ្ណបើកបរឌីជីថលក្នុងកម្មវិធី DG SuperApp៖ ការរក្សាទុកប័ណ្ណបើកបរជាទម្រង់ឌីជីថល ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp តាមរយៈការស្កេន QR Code របស់ ស.ក.ជ គឺអនុញ្ញាតឱ្យសាមីខ្លួនអាចស្នើសុំ QR Code ស្តង់ដារនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បាន។
ប័ណ្ណបើកបរថ្មីដែលនឹងមានដាក់ QR Code ស្តង់ដារ៖ ប័ណ្ណបើកបរដែលនឹងចេញថ្មី នឹងមានភ្ជាប់ QR Code ស្តង់ដារតែម្តង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាល verify.gov.kh ដោយនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។
ជាចុងក្រោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន បានសង្ឃឹមយ៉ាងមុតមាំ និងអំពាវនាវដល់សាធារណជន ព្រមទាំងបណ្តាញសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។














