ក្តៅៗ! ប្រទេស ២ នៅមជ្ឈិមបូព៌ា ប្រកាសឈប់ឱ្យពលរដ្ឋប្រើ Telegram ដោយសារបញ្ហាមួយនេះ
Touch Soriya
•
NOVEMBER 26 2026
•
ឌីជីថល
•
207 views
•
1 min read
•

ប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់ បានប្រកាសចាត់វិធានការរារាំងការប្រើប្រាស់កម្មវិធី Telegram ដោយលើកឡើងពីក្តីបារម្ភសន្តិសុខជាតិ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយមាតិកាជ្រុលនិយម និងមាតិកាដែលបំពានច្បាប់នៅលើ Platform មួយនេះ។

130

ជាមួយគ្នានេះ អាជ្ញាធរប្រទេសហ្ស៊កដានី បានប្រកាសវិធានការរារាំង Telegram ដោយមានគោលបំណងទប់ស្កាត់ការផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម និងការញុះញង់ឱ្យមនុស្សងាកទៅរកភាពជ្រុលនិយម ដែលអាចគំរាមកំហែងដល់សន្តិសុខសង្គម និងផលប្រយោជន៍ជាតិ។ តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចចិត្តមួយនេះ កើតឡើងក្រោយមានករណីវាយប្រហារដ៏សាហាវទៅលើព្រះវិហារមួយនៅភាគខាងត្បូងប្រទេស និងការសម្លាប់មន្ត្រីសន្តិសុខម្នាក់នៅរដ្ឋធានីអាំម៉ាន់។

ចំណែកប្រទេសអ៊ីរ៉ាក់វិញ អាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង បានលើកឡើងថា ក្រុមហ៊ុនប្រតិបត្តិការ Telegram មិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការដោះស្រាយមាតិកាដែលបំពានច្បាប់ និងមិនបានអនុវត្តតាមបទប្បញ្ញត្តិរបស់ប្រទេសឡើយ។ អាជ្ញាធរ ក៏បានផ្តល់រយៈពេល ៣០ថ្ងៃឱ្យក្រុមហ៊ុនពិនិត្យមាតិកាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ាក់ និងចាត់វិធានការទប់ស្កាត់ការរំលោភបំពាន។

131

ជុំវិញការចោទប្រកាន់នេះ ក្រុមការងារផ្នែកសារព័ត៌មានរបស់ Telegram បានបញ្ជាក់ថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និងក្រុមអ្នកសម្របសម្រួលមាតិកាដែលមានជំនួយពី AI Tools ដើម្បីត្រួតពិនិត្យផ្នែកសាធារណៈនៃ Platform និងលុបចោលមាតិកាភេរវកម្ម។

គួរជម្រាបថា អ៊ីរ៉ាក់ធ្លាប់បានរារាំងការប្រើប្រាស់ Telegram ម្តងរួចមកហើយកាលពីឆ្នាំ២០២៣ ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ និងការព្រួយបារម្ភអំពីការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា ក្រោយមួយសប្តាហ៍ អាជ្ញាធរបានអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីនេះឡើងវិញ បន្ទាប់ពីអះអាងថា Telegram បានឆ្លើយតបតាមការទាមទាររបស់អាជ្ញាធរសន្តិសុខ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia