លែងភ័យរឿងទំពែកក្បាល! ប្រទេសមហាអំណាចមួយនេះ ត្រៀមដាក់លក់ក្រាសសិតសក់ ដែលជួយឱ្យសក់ដុះឡើងវិញជិត ១០០%
Touch Soriya
•
NOVEMBER 19 2026
•
ឌីជីថល
•
944 views
•
3 mins read
•

បើអ្នកកំពុងជួបបញ្ហាសក់ជ្រុះ ឬសក់ចាប់ផ្តើមស្តើងរហូតដល់ទំពែក ក្រាសសិតសក់មួយប្រភេទដែលអ្នកវិទ្យាសាស្ត្រចិនទើបបង្កើតឡើងនេះ អាចជួយអ្នកបាន ដែលឧបករណ៍មួយប្រទេសនេះ ប្រើបច្ចេកវិទ្យាអគ្គិសនី និងប្រព័ន្ធបញ្ជូនសារធាតុព្យាបាល ដើម្បីជួយជំរុញឱ្យមានការដុះសក់ឡើងវិញ ដែលការពិសោធន៍លើសត្វកណ្តុរទទួលបានលទ្ធផលជិត ១០០% ក្នុងរយៈពេលប្រហែលមួយខែប៉ុណ្ណោះ។

8

ការស្រាវជ្រាវឧបករណ៍នេះ ត្រូវធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Beihang University ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយពួកគេបានបង្កើតឧបករណ៍មួយមានឈ្មោះថា «Detangle» ដែលមានរូបរាងដូចក្រាសសិតសក់ និងប្រើប្រព័ន្ធ Bioelectronic ដើម្បីជួយព្យាបាលបញ្ហាសក់ជ្រុះតាមលំនាំ Androgenetic Alopecia (AGA)។

118

យោងតាមឯកសារស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Communications នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧបករណ៍ Detangle ត្រូវបានរចនាឡើងដោយមានធ្មេញក្រាសបំពាក់ Electrode ដែលមានប្រវែងខុសៗគ្នា ព្រមទាំងមានប្រព័ន្ធផ្ទុកសារធាតុព្យាបាល។ការរចនាពិសេសនេះ អាចជួយឱ្យចរន្តអគ្គិសនីចូលទៅដល់ឫសសក់បានជ្រៅជាងការប្រើសារធាតុព្យាបាលដោយលាបពីលើធម្មតាប្រហែល ៩ ដង។ ចំពោះរបៀបធ្វើការរបស់ Detangle គឺប្រើវិធីសាស្ត្រសំខាន់ពីររួមគ្នា៖

ទី១. បញ្ចេញចរន្តអគ្គិសនីជាចង្វាក់ខ្លីៗ (Pulsed Electric Fields) ដើម្បីជួយជំរុញសកម្មភាពរបស់ Hair Follicles ដែលជាឫសសក់នៅក្រោមស្បែក។ អ្នកស្រាវជ្រាវបានរកឃើញថា ការរៀបចំធ្មេញក្រាសឱ្យមានប្រវែងឆ្លាស់គ្នា អាចបង្កើតចរន្តអគ្គិសនីខ្លាំងជាងការរៀបចំឱ្យមានធ្មេញក្រាសប្រវែងស្មើគ្នារហូតដល់ ២.៦៣ដង។ ទី២. ឧបករណ៍នេះ អាចជួយបញ្ជូនសារធាតុព្យាបាលចូលទៅក្នុងស្បែក និងកោសិកានៅជុំវិញឫសសក់ តាមរយៈដំណើរការមួយហៅថា Electroporation ដែលដំណើរការនេះ ប្រើចរន្តអគ្គិសនីដើម្បីធ្វើឱ្យភ្នាសកោសិកាមានភាពជ្រាបចូលកាន់តែងាយ ដែលជួយឱ្យម៉ូលេគុលព្យាបាលអាចចូលទៅក្នុងកោសិកាបានកាន់តែប្រសើរ។

119

ក្នុងការសាកល្បងប្រសិទ្ធភាពនៃឧបករណ៍នេះ អ្នកស្រាវជ្រាវបានធ្វើពិសោធន៍ទៅលើសត្វកណ្តុរឈ្មោលដែលត្រូវបានបង្កើតឱ្យមានបញ្ហាជ្រុះរោមដោយប្រើ Testosterone។ លទ្ធផលបង្ហាញថា សត្វកណ្តុរដែលមិនបានទទួលការព្យាបាល មានរោមដុះឡើងវិញត្រឹមប្រមាណ ១% ប៉ុណ្ណោះក្នុងរយៈពេល ២៨ ថ្ងៃ។ ចំណែកសត្វកណ្តុរ ដែលទទួលការព្យាបាលដោយប្រើ Electrostimulation ពី Detangle តែមួយមុខ មានរោមដុះឡើងវិញប្រមាណ ៤០%។ លទ្ធផលនេះនៅទាបជាងក្រុមដែលប្រើថ្នាំព្យាបាលសក់ជ្រុះ Finasteride និង Minoxidil ដែលទទួលបានលទ្ធផលប្រមាណ ៥០% និង ៧០% រៀងគ្នា។

ចំណុចគួរឱ្យចាប់អារម្មណ៍ គឺនៅពេលអ្នកស្រាវជ្រាវប្រើ Electrostimulation រួមជាមួយសារធាតុព្យាបាលទាំងពីរប្រភេទខាងលើ ហើយការប្រើ SRD5A2 siRNA រួមជាមួយចរន្តអគ្គិសនី លទ្ធផលដែលទទួលបានមានរោមដុះឡើងវិញប្រមាណ ៨៥% ខណៈការប្រើ VEGFA plasmid រួមជាមួយចរន្តអគ្គិសនី ទទួលបានប្រមាណ ៩០%។ ក្នុងនោះ ក្រុមសត្វកណ្តុរដែលទទួលការព្យាបាលដោយប្រើប្រព័ន្ធ Detangleពេញលេញ រួមមាន Electrostimulation និងសារធាតុព្យាបាលទាំងពីរប្រភេទ បានបង្ហាញលទ្ធផលរោមដុះឡើងវិញរហូតដល់ប្រមាណ ៩៧.៨៥% ក្នុងរយៈពេល ២៨ ថ្ងៃ ដែលនេះបង្ហាញថា ការរួមបញ្ចូលចរន្តអគ្គិសនី និងការបញ្ជូនសារធាតុព្យាបាល អាចផ្តល់លទ្ធផលល្អជាងការប្រើចរន្តអគ្គិសនីតែមួយមុខ។

9

ចំពោះ លទ្ធផលជិត ១០០% នេះ គឺជាលទ្ធផលពីការពិសោធន៍លើសត្វកណ្តុរ ដោយប្រើប្រព័ន្ធព្យាបាលពេញលេញ មិនមែនជាលទ្ធផលដែលបញ្ជាក់ថា ក្រាសនេះអាចធ្វើឱ្យសក់មនុស្សដុះឡើងវិញជិត ១០០% នោះទេ។ បច្ចុប្បន្ន ឧបករណ៍ Detangle មិនទាន់ត្រូវបានសាកល្បងលើមនុស្សឡើយ ហើយអ្នកស្រាវជ្រាវនៅតែត្រូវការការសិក្សាបន្ថែម ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា មុននឹងអាចយកទៅប្រើប្រាស់ជាក់ស្តែង។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានប្រើ Genetic Treatments ចំនួនពីរប្រភេទ ដើម្បីជួយជំរុញការដុះសក់ឡើងវិញ ដែលសារធាតុទាំងពីរនោះមាន៖ ១. VEGFA plasmid: ជួយជំរុញការបង្កើតសរសៃឈាមថ្មីនៅជុំវិញ Hair Follicles ដើម្បីគាំទ្រដល់ការលូតលាស់របស់ឫសសក់។ ២. SRD5A2 siRNA: ជួយទប់ស្កាត់ការបញ្ចេញហ្សែនដែលពាក់ព័ន្ធនឹងការផលិតអ័រម៉ូន Androgen ដែលអាចជំរុញឱ្យឫសសក់រួមតូច។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia