នៅក្នុងពិភពបច្ចេកវិទ្យាដ៏ទំនើប យុវជនខ្មែរជាច្រើនបាននិងកំពុងបង្ហាញសក្តានុពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ក្នុងនោះ លោក ជា ច័ន្ទគ្រឹស្នា (Chea Chankrisna) គឺជាបុគ្គលលេចធ្លោមួយរូប ដែលបានកសាងអាជីពយ៉ាងរឹងមាំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាយក្សធំៗនៅសហរដ្ឋអាមេរិកអស់រយៈពេលជាង ២០ ឆ្នាំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ការសម្រេចចិត្តបោះជំហានថ្មី ដើម្បីមកបង្កើតវេទិកាឌីជីថលមួយ ក្នុងបេសកកម្មជួយដល់សហគមន៍ខ្មែរនៅឯបរទេស។

Technology Cambodia មានសេចក្តីសោមនស្សរីករាយ ដែលបានសម្ភាសន៍ជាមួយស្ថាបនិកឆ្នើមមួយរូប គឺលោក ជា ច័ន្ទគ្រិះស្នា (Chankrisna Chea) ដែលជាស្ថាបនិកខ្មែរមួយរូប នៃកម្មវិធី ReanKhmer។

លោក ជា ច័ន្ទគ្រិះស្នា បានចាប់កំណើត និងធំធាត់ដឹងក្តីនៅក្នុងប្រទេសកម្ពុជា ដោយលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញច្បាប់ និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)។ ក្រោយមក លោកបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញប្រព័ន្ធ Wireless Communication។
បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានកសាងអាជីពការងារយ៉ាងជោគជ័យនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយធ្លាប់បានបម្រើការងារនៅតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើន រួមមានដូចជា Motorola, Samsung, និង Intel។ បច្ចុប្បន្ននេះ លោកកំពុងបម្រើការងារជាប្រធានគ្រប់គ្រងកម្មវិធីបច្ចេកទេសជាន់ខ្ពស់ នៅផ្នែក Silicon Codesign Group របស់ក្រុមហ៊ុន NVIDIA ដែលនៅទីនោះ លោកមានតួនាទីគ្រប់គ្រងលើកម្មវិធីវិស្វកម្មដែលមានភាពស្មុគស្មាញក្នុងកម្រិតទ្រង់ទ្រាយធំ។

ក្រៅពីការងារស្នូលនេះ លោកក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Chea Labs, LLC ដែលជាប្រតិបត្តិករហ្វឹកហ្វឺន និងគ្រប់គ្រងលើកម្មវិធី ReanKhmer ព្រមទាំងបម្រើការងារជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកសាលាខ្មែរ សម្រាប់សហគមន៍ខ្មែរ-អាមេរិកាំងនៃរដ្ឋអូរេហ្គន (CACO - Cambodian American Community of Oregon) ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ Technology Cambodia លោក ជា ច័ន្ទគ្រិះស្នា បានរំឮកថា ក្នុងរយៈពេលជាង ២០ ឆ្នាំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា លោកបានផ្លាស់ប្តូរជាបន្តបន្ទាប់ពីតួនាទីផ្នែកបច្ចេកទេស សំដៅទៅលើតួនាទីជាអ្នកដឹកនាំកម្មវិធី និងដឹកនាំផលិតផល។ មុនពេលចូលរួមការងារជាមួយក្រុមហ៊ុន NVIDIA លោកបានបង្កើតក្រុមហ៊ុន Chea Labs និងបានដាក់ដំណើរការកម្មវិធី ReanKhmer ដោយបានយកជំនាញបច្ចេកទេស និងបទពិសោធន៍នានាផ្ទាល់ខ្លួន លើផ្នែកអភិវឌ្ឍន៍កម្មវិធី (Software Development) ព្រមទាំងប្រព័ន្ធវិន័យគ្រប់គ្រងកម្មវិធី និងផលិតផលពីអាជីពបច្ចេកវិទ្យារបស់លោក មកអនុវត្តក្នុងការកសាងវេទិកាដែលដើរដោយបេសកកម្មមួយនេះឡើង។

កម្មវិធី ReanKhmer ត្រូវបានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ គំនិតបង្រួបបង្រួមនេះបានមកពីការដែលលោកបានចំណាយពេលបង្រៀនភាសាខ្មែរដល់គ្រួសារសហគមន៍ខ្មែរនៅក្នុងតំបន់។ ជារៀងរាល់ឆ្នាំ លោកតែងតែសង្កេតឃើញយុវជនជំនាន់ក្រោយៗ រួមទាំងអ្នកដែលនៅជិតដិតនឹងខ្លួនលោកផ្ទាល់ បាននិងកំពុងបាត់បង់ការផ្សារភ្ជាប់ជាមួយនឹងភាសាខ្មែរបន្តិចម្តងៗ។ ពួកគេអាចស្តាប់យល់នៅផ្ទះ ប៉ុន្តែមិនអាចនិយាយតបទៅកាន់ឪពុកម្តាយវិញបានទេ មិនអាចអានអក្សរបានសូម្បីតែមួយម៉ាត់ ហើយក៏មិនអាចសរសេរឈ្មោះខ្លួនឯងជាអក្សរខ្មែរបានឡើយ។ ហេតុនេះ លោកតែងតែស្រមៃចង់កសាងវេទិកាសិក្សាភាសាខ្មែរមួយ ដែលងាយស្រួលចូលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់គ្រួសារខ្មែរដែលរស់នៅឯបរទេស ដើម្បីឱ្យពួកគាត់បានរៀនសូត្រពីភាសា និងវប្បធម៌ខ្មែរ ក្នុងការតភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយឫសគល់កេរដំណែលដូនតារបស់ខ្លួន។សំណួរមួយលើកឡើងថា «តើមានអ្វីដែលលោកអាចធ្វើបានខ្លះសម្រាប់ប្រទេសកំណើតរបស់ខ្លួន? ចម្លើយនោះគឺ ការកសាង ReanKhmer ដើម្បីតភ្ជាប់ប្រជាជនខ្មែរចំណាកស្រុកទាំងអស់ ឱ្យមានទំនាក់ទំនងត្រឡប់មករកឫសគល់កេរដំណែលខ្មែរនៅក្នុងប្រទេសកម្ពុជាវិញ» (ចម្លើយដ៏មានអត្ថន័យពីលោក ជា ច័ន្ទគ្រិះស្នា)។

លោកបានបន្តថា ថ្ងៃដែលលោកត្រូវសម្រេចចិត្តយ៉ាងដាច់ខាតបានមកដល់ នៅពេលដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃកាលពីឆ្នាំ២០២៥។ ព្រឹត្តិការណ៍នោះបានធ្វើឱ្យលោកចោទសួរខ្លួនឯងពីអ្វីដែលលោកអាចធ្វើបានសម្រាប់មាតុភូមិ ហើយក៏បានសម្រេចចិត្តដើរចេញពីក្រុមហ៊ុន Intel Corp មកធ្វើការពេញម៉ោងដើម្បីដាក់ដំណើរការកម្មវិធី ReanKhmer នេះ ដោយសង្ឃឹមថា យុវជនជំនាន់ក្រោយនឹងស្វែងរកផ្លូវវិលត្រឡប់មកកាន់មាតុភូមិវិញនៅថ្ងៃណាមួយ ហើយចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ថា ReanKhmer គឺជាការដាក់ដំណើរការផលិតផលសម្រាប់អ្នកប្រើប្រាស់ទូទៅ ដំបូងបង្អស់ដែលលោកបានកសាងឡើងតាំងពីបាតដៃទទេ ព្រោះកន្លងមកការងាររបស់លោកភាគច្រើន គឺស្ថិតនៅក្នុងលំហបច្ចេកវិទ្យាសហគ្រាស ដោយផ្តោតលើការបង្កើតកម្មវិធី និងឧបករណ៍សម្រាប់ប្រើប្រាស់ផ្ទៃក្នុង និងសម្រាប់ធ្វើការបង្ហាញតែប៉ុណ្ណោះ។
ក្រៅពី ReanKhmer លោក ច័ន្ទគ្រិះស្នា ក៏កំពុងអភិវឌ្ឍនិងសាកល្បងប្រព័ន្ធ (Beta testing) លើវេទិកាផ្សេងទៀត រួមមាន៖
១. បណ្តាញអ្នកជំនាញកម្ពុជា (The Cambodian Professionals Network - www.cambopro.net)៖ ជាគម្រោងជំរុញដោយសហគមន៍ មិនស្វែងរកប្រាក់ចំណេញ ដើម្បីប្រមូលផ្តុំអ្នកជំនាញការខ្មែរមកចែករំលែកបទពិសោធន៍ ឱកាសការងារ និងគាំទ្រគ្នាទៅវិញទៅមក។
២. Quester Circle (www.questercircle.com)៖ ជាទីផ្សារការងារផ្អែកលើគុណវុឌ្ឍិ និងសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ដែលបុគ្គលិកកម្មករខ្មែរអាចបំពេញការងារជាក់ស្តែង និងបង្កើតកេរ្តិ៍ឈ្មោះដែលត្រូវបានផ្ទៀងផ្ទាត់។

បើនិយាយពីការកសាង ReanKhmer លោកបានចំណាយថវិកាអស់ប្រហាក់ប្រហែល១០,០០០ ដុល្លារ ដោយក្នុងនោះប្រហែល ២,០០០ ដុល្លារ សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដំបូង និងឧបករណ៍ Tooling និងប្រហែល ៨,០០០ ដុល្លារទៀត ទៅលើក្រុមការងារ ដូចជា៖ ប្រធានគ្រប់គ្រងគម្រោង, គ្រូបង្រៀនភាសាខ្មែរ, ជំនួយការផ្នែកខ្លឹមសារ, និងប្រធានដឹកនាំផ្នែកបណ្តាញសង្គម។ ចំណែកឯផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធស្នូល (Database hosting, Deployment, Email services, Cloud storage និងសេវាកម្ម APIs សម្រាប់សំឡេង និង AI របស់ភាគីទីបី) គឺចំណាយអស់ក្រោម ៥០០ ដុល្លារក្នុងមួយខែ។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍកម្មវិធីគឺត្រូវធ្វើឡើងដោយរូបលោកផ្ទាល់ តាមរយៈជំនួយពីភ្នាក់ងារសរសេរកូដ AI coding agents ដោយមិនទាមទារក្រុមវិស្វករធំដុំនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ធំធេងបំផុត គឺពេលវេលាដែលលោកបានចាកចេញពីក្រុមហ៊ុន Intel និងសេចក្តីទុកចិត្តដែលបានសាងឡើងជាមួយសហគមន៍ ដែលរឿងទាំងនេះមិនអាចយកប្រាក់ទៅទិញបានឡើយ។
បើនិយាយពីចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងរយៈពេលខ្លីខាងមុខ លោកកំពុងផ្តោតលើការបង្កើនចំនួនអ្នកប្រើប្រាស់, ការចូលរួមជាមួយសហគមន៍ខ្មែរនៅទូទាំងសហរដ្ឋអាមេរិក, ការបំប្លែងអ្នកប្រើប្រាស់សាកល្បង និងអ្នកប្រើប្រាស់ឥតគិតថ្លៃ ឱ្យទៅជាអ្នកជាវប្រចាំ (Paid subscribers), និងការកែលម្អបណ្ណាល័យខ្លឹមសារ។ លោកក៏កំពុងធ្វើការសាកល្បងជាគំរូ Pilot testing លើមុខងារថ្នាក់រៀន Classroom feature ក្នុងទម្រង់ម៉ូដែលអាជីវកម្មពីក្រុមហ៊ុនទៅក្រុមហ៊ុន (B2B model) ជាមួយសាលាខ្មែររបស់សហគមន៍មួយចំនួន។ ចំណែកផែនការវែងឆ្ងាយ លោកកំពុងសិក្សាស្រាវជ្រាវលើមុខងារទីផ្សារសម្រាប់គ្រូបង្រៀន ដើម្បីអនុញ្ញាតឱ្យគ្រូបង្រៀននៅកម្ពុជាអាចបង្កើតវគ្គសិក្សានិងរកចំណូលបាន ព្រមទាំងពង្រីកម៉ូដែល B2B ទៅកាន់សាលាឯកជន និងសាកលវិទ្យាល័យនានានៅកម្ពុជា។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់ ReanKhmer ត្រូវបានកសាងឡើងដើម្បីអាចពង្រីកទ្រង់ទ្រាយ ទៅបម្រើដល់សហគមន៍ភាសាកេរដំណែលដូនតានៃបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ប្រសិនបើមានតម្រូវការ។

បន្ទាប់ពីលោកបានចែលរំលែកបទពិសោធន៍ល្អៗពីស្នាដៃ និងសម្ធិទផលរបស់លោករួចមក លោក ច័ន្ទគ្រិះស្នា ក៏បានផ្តល់នូវទស្សនៈនិងដំបូន្មានយ៉ាងមានតម្លៃ សម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយ អ្នកដែលចង់បង្កើតអាជីវកម្មថ្មីថ្មោង (Startups) និងយុវជនខ្មែរថា៖
សូមចាប់ផ្តើមពីបញ្ហាពិតប្រាកដ មិនមែនចាប់ផ្តើមពីគំនិតដែលស្តាប់ទៅឡូយនោះទេ។ វាត្រូវតែជាបញ្ហាដែលអ្នកមានអារម្មណ៍រំភើប និងមានចំណង់ចំណូលចិត្ត ចង់ដោះស្រាយវាឱ្យបានយូរអង្វែង។ ក្រុមហ៊ុនអាជីវកម្មថ្មីថ្មោងដែលមានភាពធន់ និងរឹងមាំបំផុត គឺត្រូវបានកសាងឡើងដោយមនុស្សដែលមានការតាំងចិត្តខ្ពស់ និងស្ថិតនៅកៀកជិតនឹងបញ្ហាខ្លាំង។
សម្រាប់យុវជនខ្មែរ អត្តសញ្ញាណរបស់អ្នកមិនមែនជាចំណុចខ្សោយនៅក្នុងពិភពបច្ចេកវិទ្យានោះទេ ប៉ុន្តែវាគឺជាចំណុចខ្លាំង។ ទាញយកផលប្រយោជន៍ពីយុគសម័យ AI ព្រោះថា ពួកយើងកំពុងរស់នៅក្នុងយុគសម័យដ៏ល្អបំផុតក្នុងការកសាងកម្មវិធី ដែលមានការចំណាយទាបបំផុត។ ដោយសារមានភ្នាក់ងារសរសេរកូដ AI (AI coding agents) អ្នកមិនចាំបាច់ត្រូវតែជាវិស្វករកម្មវិធីអាជីព ដើម្បីអាចបញ្ចេញលក់ផលិតផលពិតប្រាកដនោះឡើយ។ កម្មវិធីដែលកាលពីមុនធ្លាប់តែតម្រូវឱ្យមានក្រុមវិស្វកម្មទាំងមូល ឥឡូវនេះអាចគ្រប់គ្រងបានដោយមនុស្សម្នាក់ដែលមានការប្តេជ្ញាចិត្ត ដោយគ្រាន់តែប្រើប្រាស់ឧបករណ៍ AI ដែលត្រឹមត្រូវ។ ចូររៀនចេះប្រើប្រាស់ឧបករណ៍ AI, បញ្ចេញលក់អ្វីមួយ, រៀនសូត្រពីអ្នកប្រើប្រាស់ពិតប្រាកដ និងធ្វើការកែលម្អវា។ ជាពិសេស ត្រូវស្វែងរកអ្នកណែនាំ ណាដែលនឹងផ្តល់ភាពស្មោះត្រង់មកកាន់អ្នក មិនមែនរកតែអ្នកដែលចេះតែផ្តល់ការលើកទឹកចិត្តតែមួយមុខនោះទេ។
ជារួមមកវិញខ្លឹមសារនៅក្នុងអត្ថបទមួយនេះ ចង់ផ្ញើទៅកាន់អ្នកអានជាពិសេសថា «កុំរង់ចាំទាល់តែអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ ទើបចាប់ផ្តើមធ្វើសកម្មភាព។ នៅក្នុងយុគសម័យបច្ចេកវិទ្យា និង AI នេះ ឧបសគ្គដ៏ធំបំផុតមិនមែនជាកង្វះខាតឧបករណ៍ ឬថវិកានោះទេ ប៉ុន្តែគឺការស្ទាក់ស្ទើរមិនហ៊ានបោះជំហានដំបូង។ ចូរចាប់ផ្តើមចេញពីបញ្ហាពិតប្រាកដដែលអ្នកចង់ដោះស្រាយអ្វីមួយ រៀនសូត្រពីវា ហើយធ្វើការកែលម្អវាជាប្រចាំ។ ត្រូវចាំថា ចំណុចឈឺចាប់ដែលអ្នកកំពុងឆ្លងកាត់ មិនមែនជាចំណុចខ្សោយរបស់អ្នកឡើយ ប៉ុន្តែវាគឺជាភាពជម្នះ តែមួយគត់ដែលគ្មាននរណាអាចមកចម្លងពីអ្នកបានឡើយ។»
អត្ថបទដោយ៖ ងួន ឃុនណា (Khunna Nguon)
