ចេញមកហើយ! Facebook ប្រកាសប្តូរទម្រង់ថ្មី ដាក់ឱ្យប្រទេស ២ នេះក្នុងតំបន់អាស៊ីប្រើមុនគេ
Khunna - ឃុនណា
•
OCTOBER 7 2026
•
នវានុវត្តន៍
•
21 views
•
2 mins read
•

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន TechCrunch កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន Meta បានចាប់ផ្តើមធ្វើការតេស្តសាកល្បងទម្រង់គំរូថ្មី (UX) នៃកម្មវិធី Facebook នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី សាកល្បងប្រើមុនគេ ការប្តូរទម្រង់ថ្មីនេះ បានប្រែប្រួលឱ្យបង្ហាញវីដេអូពេញអេក្រង់ (Reels) ភ្លាមៗនៅពេលអ្នកប្រើប្រាស់បើក App ឡើងមក។ គំនិតផ្ដួចផ្ដើមនេះត្រូវបានលេចឡើងដំបូងកាលពីខែកក្កដា ដោយលោក Tom Alison ប្រធានគ្រប់គ្រង Facebook ក្នុងគោលបំណងផ្តល់ជូននូវបទពិសោធន៍ទស្សនាវីដេអូកាន់តែទាក់ទាញ សម្រាប់បណ្តាប្រទេសដែលនិយមទស្សនាវីដេអូច្រើន។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ដែលស្ថិតក្នុងការតេស្តនេះ អាចជ្រើសរើសបិទមុខងារនេះដើម្បីត្រឡប់ទៅប្រើទម្រង់ Feed ធម្មតាវិញបាន ឬអាចចូលមើល Feed ធម្មតានៅក្នុង Tab ទីពីរបានដែរ។

Photo 2026 10 07 17 23 25

ការធ្វើតេស្តនេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមាតិកាវីដេអូក្លាយជាស្នូលចម្បងនៃកម្មវិធី Facebook ខណៈដែលទិន្នន័យរបស់ Meta បង្ហាញថា ក្រុមមនុស្សវ័យក្មេង ចំណាយពេលប្រហែល ៦០% នៃការប្រើប្រាស់ Facebook របស់ពួកគេទៅលើការទស្សនាវីដេអូ។ កាលពីឆ្នាំមុន Meta ក៏បានកំណត់ឱ្យរាល់វីដេអូថ្មីៗទាំងអស់ដែលបង្ហោះលើ Facebook ប្រែទៅជាទម្រង់ Reels ទាំងអស់ ទោះជាមានប្រវែង ឬទម្រង់បែបណាក៏ដោយ ព្រមទាំងបានប្តូរឈ្មោះ Tab Video ទៅជា Reels ថែមទៀតផង។

Facebook Reels Experience

ប្រទេសឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់ Facebook ដែលមានអ្នកប្រើប្រាស់រហូតដល់ទៅជាង ៤០០ លាននាក់ ហើយតែងតែជាកន្លែងសាកល្បងមុខងារវីដេអូថ្មីៗរបស់ Meta ជាពិសេសបន្ទាប់ពីប្រទេសនេះបានហាមឃាត់ TikTok កាលពីឆ្នាំ ២០២០។ ការអង្កេតរបស់ Meta បានបង្ហាញថា ៩៧% នៃអ្នកប្រើប្រាស់ក្នុងស្រុកបានទស្សនាវីដេអូលើផ្លែតហ្វមរបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយ ៨៩% នៃក្រុម Gen Z ប្រើប្រាស់ Reels រាល់ថ្ងៃ។ បន្ទាប់ពីឥណ្ឌា និងឥណ្ឌូណេស៊ី Meta មានផែនការពិចារណានាំយកបទពិសោធន៍ទម្រង់ "Reels-first" នេះទៅកាន់ទីផ្សារអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀតនៅឆ្នាំបន្ទាប់ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia